ភ្នំពេញ៖ ស្ត្រីមានសតិមិនគ្រប់ដែលគេមិនស្គាល់ឈ្មោះម្នាក់អាយុជាង៣០ឆ្នាំបានឡើងលើដើមអំពិលប៉ុនប៉ងចង.កសម្លាប់ខ្លួនតែមិនបានសម្រេចដោយសារក្រុមសន្តិសុខខណ្ឌដូនពេញជួយទាន់ឡើងទៅសង្គ្រោះមកដល់ដីរួចបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានធ្វើឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ នៅក្បែរមន្ទីរពេទ្យគន្ធបុប្ផា តាមបណ្តោយផ្លូវលេខ៩០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ស្ត្រីរូបនេះមិនត្រូវបានគេស្គាល់ឈ្មោះទេ គ្រាន់តែដឹងថា នាងមានអាយុជាង៣០ឆ្នាំ សម្បុរខ្មៅស្រអែម សក់វែង បានដើរមកកន្លែងកើតហេតុខាងលើ ចុះឡើងៗពីរបីត្រឡប់ក៏រត់ឡើងដើមអំពិលមួយដើមជិតមន្ទីរពេទ្យគន្ធបុប្ផារួចយកខ្សែចង.ក ហើយត្រូវបានក្រុមសន្តិសុខខណ្ឌដូនពេញឃើញទាន់ក៏ឡើងទៅសង្គ្រោះទាញ់យកចំណងចេញ និងលើកជនរងគ្រោះពីលើដើមឈើមកដល់ដីរួចបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ខណៈដែលស្ត្រីរូបនេះសន្លប់លែងដឹងខ្លួននោះ។
បច្ចុប្បន្នស្ត្រីរងគ្រោះត្រូវបានគ្រូពេទ្យកាល់ម៉ែតធ្វើការសង្គ្រោះនៅឡើយ ខណៈដែលស្ត្រីរូបនេះសន្លប់មិនដឹងខ្លួន ហើយមិនឃើញសាច់ញាតិមកជួយថែរក្សានៅក្នុងមន្ទីរពេទ្យនៅឡើយ៕ ស តារា