ភ្នំពេញ ៖ លោក គី តិច ជាមេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែរក្សាជំហរប្តឹងលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដដែល ដោយសំណូមពរឲ្យតុលាការចោទប្រកាន់លោកសម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និង ទាមទារសំណងជំងឺចិត្តចំនួន៤ពាន់លានរៀល ឬ ស្មើនឹងមួយលានដុល្លារ ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីល្ងាចថ្ងៃទី២៦ ខែមករា បន្ទាប់ពីផ្តល់ចម្លើយជូនតុលាការ លោកមេធាវី គី តិច ថ្លែងថា ក្នុងការផ្តល់ចម្លើយជូនលោកព្រះរាជអាជ្ញារង សៀង សុខ គឺ លោកប្រកាសជំហរនៅរក្សាខ្លឹមសារពាក្យបណ្ដឹង នៅដដែល ។
លោកមេធាវី អះអាងថា ភស្តុតាងមួយចំនួន ដូចជារូបភាព និង ឃ្លីបវីដេអូដែលលោកសម រង្ស៊ី និយាយចោទប្រកាន់មកលើសម្តេចតេជោ ថា បានសូកប្រាក់កញ្ញាធី សុវណ្ណថា ចំនួនមួយលានដុល្លារ ក៏បានដាក់ជូនតុលាការរួចរាល់ហើយ ។
លោកមេធាវី មានជំនឿថា ភស្តុតាងទាំងអស់នេះ គឺ គ្រប់គ្រាន់ឲ្យតុលាការចោទប្រកាន់លោកសម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បាន ។
គួររំលឹកថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្តឹងលោកសម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដោយភ្ជាប់យកករណីដែលលោកសម រង្ស៊ី បានចោទប្រកាន់សម្តេចតេជោ ថាបានសូកប្រាក់កញ្ញា ធី សុវណ្ណថា ចំនួន១លានដុល្លារអាមេរិក ។ ដើម្បីបង្ហាញភាពស្អាតស្អំ ទើបសម្តេចតេជោ ប្តឹងមកតុលាការឲ្យជួយរកយុត្តិធម៌ និង សំណូមពរឱ្យផ្តន្ទាទោសលោក សម រង្ស៊ី តាមច្បាប់ ដោយទាមទារសំណងជំងឺចិត្តចំនួន៤ពាន់លានរៀល ឬស្មើនឹង១លានដុល្លារអាមេរិក ។
រហូតមកទល់ពេលនេះ លោកសម រង្ស៊ី មានរឿងក្ដីក្តាំជាច្រើននៅក្នុងប្រព័ន្ធតុលាការ ជាពិសេសលោក សម រង្ស៊ី ក៏មានឋានៈជា ទណ្ឌិត ផងដែរ យោងតាមសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍ ដែលសម្រេចផ្តន្ទាទោសលោក សម រង្ស៊ី ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ ពាក់ព័ន្ធរឿងក្ដីជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ៕ ដោយ៖ចេស្តា