ភ្នំពេញ៖ នៅព្រឹកនេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានធ្វើដំណើរឆ្ពោះទៅកាន់ខេត្តព្រៃវែង ។
សម្តេចតេជោបានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកថា៖ «ម៉ោង៥ និង៣០នាទីខ្ញុំបានចេញពីផ្ទះក្នុងដំណើរឆ្ពោះមកកាន់ខេត្តព្រៃវែង។ ពេលនេះខ្ញុំបានស្ថិតក្នុងខេត្តព្រៃវែងរួចទៅហើយ។ ប្រទេសមានសុខសន្តិភាព និងមានផ្លូវ ស្ពានល្អវាងាយស្រួលបែបនេះ។
ខ្ញុំឃើញប្រជាជនធ្វើដំណើរតាមដងផ្លូវដោយគ្មានការភ័យខ្លាច ទោះបីមិនទាន់ភ្លឺក៏ដោយ។ ខេត្តព្រៃវែង និងខេត្តស្វាយរៀងមុនពេលមានស្ពានព្រែកតាមាក់ និងស្ពានអ្នកលឿងហាក់នៅសែនឆ្ងាយដែលត្រូវឆ្លងសាឡាងឬទូកដរដោយលំបាក តែពេលនេះត្រូវឆ្លងស្ពានដោយងាយស្រួល។
ដូចខេត្តនានាដែរ ខ្ញុំនឹងជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដើម្បីពិនិត្យមើលសមិទ្ធផលដែលសម្រេចបាន និងបញ្ហាប្រឈមត្រូវដោះស្រាយ។
ខ្ញុំមិនភ្លេចនឹងទៅសួរសុខទុក្ខចំពោះ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅតាមសាលាខ្លះ តាមលទ្ឋភាពពេលវេលាដែលអាចធ្វើទៅបាន។ សូមអធ្យាស្រ័យពី លោកគ្រូ អ្នកគ្រូ ក្មួយៗ ចៅៗសិស្សានុសិស្សនៃសាលានានាដែលខ្ញុំមិនទាន់បានទៅដល់។
សូមជូនពរបងប្អូនជនរួមជាតិ ពិសេសបងប្អូននៅខេត្តព្រៃវែងជួបតែសេចក្តីសុខ» ៕