ភ្នំពេញ៖ ផលិតកម្មឥន្ទ្រានិម្មិតបានប្រកាសបង្ហាញមុខតារាសម្តែងក្នុងភាពយន្តខ្នាតធំទី២គឺរឿង”សសរកន្លោង”ហើយកាលពីរាត្រីថ្ងៃទី១១ ខែកុម្ភៈនេះ។ ទាំងផលិតករនិងសិល្បករសុទ្ធតែបង្ហាញពីការជឿជាក់ថា ភាពយន្តថ្មីនេះអាចនឹងកាន់តែកក្រើកខ្លាំង ជាងស្នាដៃទី១រឿង”កំណត់ហេតុនាងនាថ”។
លោក ចាន់ណា រ៉ូណាន អ្នកនិពន្ធ និងដឹកនាំរឿងបញ្ជាក់ថា ទាំងតារាសម្តែង សាច់រឿង បច្ចេកទេសថ្មី នឹងធ្វើឲ្យភាពយន្តនេះក្លាយជាភាពយន្តដែលភ័យរន្ធត់បំផុត និងធ្វើឲ្យរឿង”សសរកន្លោង”ជារឿងដែលមានគុណភាពខ្ពស់មួយផងដែរ។ អ្វីដែលលោករំពឹងថា ជោគជ័យព្រោះតែការស្ទាបស្ទង់ពីសន្ទុះនៃពីអ្នកគាំទ្រក្រោយពីលោកប្រកាសចេញថតរឿងនេះហើយ អ្វីដែលលោកកាន់តែជឿជាក់ព្រោះតែរឿងនេះកាន់តែប្លែកក្រោមការសម្រិតសម្រាំងគ្រប់ផ្នែកដើម្បីប្រាកដថា នឹងទាក់ទាញអារម្មណ៍អ្នកទស្សនាកាន់តែច្រើន។ លោកថា រឿងនេះនឹងនិយាយអំពីសសរកន្លោងដែលដកស្រសង់ចេញពីរឿងព្រេងនិទានខ្មែរ និងតាមរយៈការដំណាលគ្នាពីមាត់មួយទៅមាត់មួយរបស់ចាស់ទុំបូកផ្សំជាមួយនឹងគំនិតច្នៃប្រឌិតថ្មីឲ្យរឿងនេះកាន់តែពិសេស។ លោកបញ្ជាក់ថា ផ្ទះដែលសេសសល់ពីសម័យអាណានិគមនិយមបារាំង នៅខេត្តកែប និងត្រូវធ្វើការកែច្នៃដើម្បីឲ្យផ្ទះនេះកាន់តែសាកសមសម្រាប់ផលិតរឿងបែបភ័យរន្ធត់នេះ។ លោកបញ្ជាក់ដែរថា នឹងបញ្ចេញខ្សែវីដេអូខ្លីៗបង្ហាញទស្សនិកជនថា តើខ្មោចដែលលោកឲ្យអ្នកជំនាញតុបតែងមុខនោះនឹងជាខ្មោចដែលគួរឲ្យខ្លាចកម្រិតណា។ លោកថា ក្រៅពីភ័យខ្លាចរឿងនេះក៏នឹងធ្វើឲ្យអ្នកទស្សនាសើចសប្បាយខ្លាំងផងដែរ ជាមួយឈុតឆាកកំប្លែងជាច្រើនទៀត។
គួរបញ្ជាក់ដែរថា ភាពយន្តរឿង”សសរកន្លោង” នឹងចាប់ផ្តើមធ្វើការផលិតចាប់ពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧នេះ ដោយមានពិធីក្រុងពាលីតែម្តងនៅតំបន់ដែលសិល្បករផលិតករចេញទៅថតគឺខេត្តកែប។ ភាពយន្តនេះចំណាយពេលថតប្រមាណជិតមួយខែ និងត្រូវប្រើប្រាស់ដើមទុនច្រើនជាង៨ម៉ឺនដុល្លារអាមេរិក។ តារាសម្តែងនៅក្នុងរឿងនេះមានកញ្ញា យ៉ែម ស្រីពេជ្រ លោកទ្រី តារាវុធ លោក ភីម៉ៃ អ្នកនាងម៉េង ប៉ោង លោកហេង ចាន់វិសាល អ្នកនាង ឆៃ លីដាឡែន លោក ហ៊ុន សុភី និងតារាសម្តែងថ្មីដែលសុទ្ធសឹងតែជាFreshie Boy និងFreshie Girl មានសម្រស់ស្រស់ស្អាត សង្ហា និងមានសមត្ថភាពខ្ពស់ក្នុងការសម្តែងផងដែរ។
កន្លងមកស្នាដៃទីមួយរឿង”កំណត់ហេតុនាងនាថ” ធ្វើឲ្យភ្ញាក់ផ្អើលខ្លាំងសម្រាប់អ្នកទស្សនា ហើយរឿងនេះក៏ជារឿងដែលមានប្រជាប្រិយភាពនិងចំនួនអ្នកគាំទ្រច្រើនបំផុតប្រចាំឆ្នាំ២០១៦។ បន្ទាប់ពីរឿង”សសរកន្លោង”ដែលជាស្នាដៃទី២លោកក៏នឹងត្រៀមផលិតភាពយន្តបែបកំប្លែងថ្មីមួយទៀតនៅពេលខាងមុខនេះដែរគឺរឿង”សំណើច៦៥២គីឡូម៉ែត”៕ វឌ្ឍនា