ភ្នំពេញ៖ ទីបំផុតកីឡារ២នាក់បានឆ្លងផុតវគ្គចុងក្រោយ ដោយទៅឈរចាំនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីវាយឈ្នះដៃគូរបស់ខ្លួនកាលពីល្ងាចថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៧នៅលើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ គឺកីឡាករ ឡុង សំណាងមកពីក្លិប ឡុងសាលវ័ន្តកីឡា និងកីឡាករលាស់ យីន មកពីក្លិបសម្រែករាជសីហ៍ត្រូវបានឡើងទៅឈរចាំនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឆ្ពោះទៅដណ្តើមពានរង្វាន់ Knock Out Series ប្រភេទទម្ងន់៦០គីឡូក្រាម ។
ជ័យជម្នះរបស់កីឡាករ ឡុង សំណាង ក្នុងតវគ្កជម្រុះ៨នាក់ចុងក្រោយនោះ គឺ បានវាយឈ្នះកីឡាករ ឌុម កែវដប មកពី ក្លិបសុភានូមានជ័យដោយពិន្ទុ ។ ចំពោះ សកម្មភាពប្រកួតរយៈពេល៣ទឹកនោះ កីឡាករ ឌុម កែវដប ត្រូវ ឡុង សំណាង វាយឲ្យវង្វេងហើយលោកអាជ្ញាកណ្តាល ហង់ ម៉ាក់ខេន បានរាប់ដល់៨ម្តងក្នុងទឹកទី៣ដោយប្រើស្នៀតកែងខាងឆ្វេង ។
ឌុម កែវដប គឺជាបេក្ខភាពម្នាក់ក្នុង ចំណោម៨នាក់ដែលឆ្លងផុត ពីវគ្គ៣២នាក់ និង១៩នាក់ ប៉ុន្តែវគ្គ៨នាក់ចុងក្រោយនេះគេប៉ះជាមួយ កីឡាករ ឡុង សំណាង ជើង ខ្លាំងក្នុងវគ្គជម្រុះកន្លងមក ដូចកីឡាករ ឌុម កែវដបដែរ ។ ការឈ្នះរបស់ សំណាង ក្នុង វគ្គ៨នាក់នេះ ដោយសារតែ សំណាង មានប្រៀបលើ កែវដប ផ្នែកកម្ពស់ ដូច្នេះ ធ្វើឲ្យ កែវដប ពិបាកវាយទៅលើ សំណាង រហូតភ្លាត់ស្នៀតត្រូវសំណាងឆ្មក់វាយត្រូវ១កែងឆ្វេងបណ្តាលឲ្យលោកអាជ្ញាកណ្តាលរាប់ដល់៨ម្តង។ នេះគឺជាលទ្ធផលដែល ឡុង សំណាង យកឈ្នះលើឌុម កែវដប ដោយពិន្ទុប្រផុតប្រផើយ ។
ចំណែកឯកីឡាករ លាស់ យីន បាន បន្សល់ទុកស្លាកស្មាមបែកនៅលើផ្ទៃមុខ កីឡាករ ស៊ឺម វណ្ណដេត មកពីក្លិប ប្ញទ្ធីពោធិ៍ សែនជ័យដោយពិន្ទុប្រផុតប្រផើយដូច គ្នាដែរ ។ ដោយស៊ឺម វណ្ណដេត ព្យាយាម វាយសងទៅលើកីឡាករ លាស់ យីន វិញ តែហាក់បីដូចជាមិនចំគោលដៅល្អ ផ្ទុយទៅវិញ ត្រូវ លាស់ យីន ប្រើស្នៀតកែង វាយបកសងធ្វើឲ្យ ស៊ឺម វណ្ណដេត បែក ចិញ្ចើមខាងឆ្វេង ក្នុងទឹកទី៣ផងដែរ ។
យោងតាមរូបមន្តប្រកួត របស់គណៈ កម្មការរៀបចំការប្រកួតកីឡាប្រដាល់ ប្រចាំសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥បាន ឲ្យដឹងថា កីឡាករ ឡុង សំណាង និង កីឡាករ លាស់ យីន នឹងត្រូវជួបគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយរកឃើញ កីឡាករ២នាក់ផ្សេងទៀត ក្នុងចំណោម៤នាក់ដែលត្រូវប្រកួតជម្រុះវគ្គ៨នាក់ចុងក្រោយនាថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ៕ សារីម