ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកពិភពលោកដែលប្រព្រឹត្តទៅនាខែមីនា ឆ្នាំ២០១៧នេះ ត្រូវបានគ្រូបង្វឹកកីឡាករកីឡាការិនីជម្រើសជាតិកម្ពុជាបង្ហាញពីក្តីបារម្ភចំពោះការប្រកួតនេះថា កម្ពុជាប្រឈមនឹងឧបសគ្គក្នុងការប្រកួតនេះចំនួន៤ប្រទេសក្នុងចំណោម៤០ប្រទេសដែលបញ្ជូនអត្តពលិករបស់ខ្លួនមកប្រជែងដណ្តើមយកមេដាយមាសនៅប្រទេសបែលហ្ស៊ិកនេះ ។
លោក ហឹុម ផាត ប្រធានគ្រូជម្រើសជាតិប៉េតង់កម្ពុជាបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកពិភពលោក គឺប្រទេស៤ក្នុងចំណោម៤០ប្រទេសនោះមានដូចជាប្រទេស ថៃ បារាំង នីហ្សេរីយ៉ា និងម៉ាដាហ្គាស្កាដែលជារនាំងរាំងខ្ទប់មិនឲ្យកម្ពុជាដណ្តើមយកមេដាយមាសពីការប្រកួតពិភពលោកនៅប្រទេសបែលហ្ស៊ិកលើកនេះ ។ លោកបានបន្តថា ប្រទេសទាំង៤នេះកីឡាករ កីឡាការិនីរបស់គេមានសមត្ថភាពខ្លាំង ប្រហាក់ប្រហែលនឹងកម្ពុជាដែរធ្វើឲ្យកីឡាករកីឡាការិនីកម្ពុជាពិបាកក្នុងការប្រជែង យកមេដាយមាសជូនជាតិ។ទោះជាយ៉ាងណាក៏លោកនៅតែមានជំនឿចិត្តថា កីឡា ករកីឡាការិនីកម្ពុជានឹងនាំយកមេដាយ មកជូនប្រទេសបានក្នុងចំណោមមេដាយទាំង៣កម្រិតនោះ ។
ប្រធានគ្រូបង្វឹកជម្រើសជាតិកីឡាប៉េតង់បញ្ជាក់ថា កីឡាករកីឡាការិនី ដែលសហព័ន្ធគ្រោងបញ្ជូនទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកពិភពលោក ចន្លោះពីថ្ងៃទី១៣ដល់ថៃ្ងទី១៦ខែមីនាឆ្នាំ២០១៧នេះមាន៤នាក់ គឺកីឡាករសុខ ចាន់មាន កីឡាករញ៉ែម បូរ៉ា កីឡាការិនី ស្រៀង សារ៉ាឃីម និង កីឡាការិនី អ៊ុក ស្រីមុំ ក្រោយ ពីពួកគេទាំង៤នាក់បានឆ្លងកាត់ការធ្វើតេស្តសមត្ថភាពយ៉ាងសុក្រឹតត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ។ ការប្រកួតលើកនេះកម្ពុជាត្រៀមវិញ្ញាសា ចំនួន៥ដូចជា វិញ្ញាសា ប្រកួត១ទល់១បុរស, វិញ្ញាសាប្រកួត១ ទល់១នារី, វិញ្ញាសាប្រកួត វាយគូបុរស, វិញ្ញាសាប្រកួតវាយគូនារី និងវិញ្ញាសាប្រកួតមិចបុរសនារី ។ កីឡា ករកីឡាការិនី ប៉េតង់កម្ពុជារួមជាមួយប្រតិភូគ្រោងចេញដំណើរនៅថៃ្ងទី១០ ខែមីនា ឆ្នាំ២០១៧ ។
គួររំលឹកថា កាលពីឆ្នាំ២០១៦កន្លងទៅកីឡាប៉េតង់កម្ពុជាធ្លាប់ដណ្តើមបាន មេដាយមាសជាច្រើនពីការប្រកួតពិភពលោកនិងអាស៊ី ក្នុងនោះមេដាយមាស ពិភពលោកដណ្តើមបាន ដោយកីឡា សុខ ចាន់មានកម្រិតអាស៊ីឆ្នេ រខ្សាច់នៅដាណាង ប្រទេសវៀតណាមប៉េតង់ដណ្តើមបាន មេដាយមាសចំនួន៣គ្រឿងមេដាយប្រាក់ ១និងសំរឹទ្ធិ២គ្រឿងការប្រកួតស៊ីប៉ានៅ ប្រទេសឡាវប៉េតង់ដណ្តើមបានមេដាយមាស៣គ្រឿង ការប្រកួតអាស៊ីនៅមីយ៉ាន់ម៉ាប៉េតង់ដណ្តើមបានមេដាយមាស១គ្រឿង និងសំរឹទ្ធិ៣គ្រឿង ៕ សារីម