ក្បាច់គុនល្បុក្កតោកម្ពុជាបង្ហាញពីភាពប្រណីតនិងអង់អាចក្នុងព្រឹត្តិការណ៍ដង្ហែក្បួនព្យុហយាត្រា “ឈីងហ្គេ” ស្ថិតក្រោមក្រខ្សែភ្នែកអ្នកទស្សនាជិត៩ម៉ឺននាក់នៅសិង្ហបុរី

ចែករំលែក៖

ប្រទេសសិង្ហបុរី៖ យោងតាមសេក្តីរាយការណ៍របស់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាស្តីពីព្រឹត្តិការណ៍ ដង្ហែក្បួនព្យុហយាត្រា “ឈីងហ្គេ” នៅ ប្រទេសសិង្ហបុរីបានឲ្យដឹងថា ក្រុមសិល្បករសិល្បការិនីខ្មែរបានឆក់យកបេះដូងអ្នក ទស្សនាក្នុងព្រឹត្តិការណ៍នេះជិត៩ម៉ឺននាក់ធ្វើឡើងនៅ Pit Building ក្រោមវត្តមាន លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី ស៊ានឡុង និងភរិយារបស់លោកក្នុងពិធីបើកព្រឹត្តិការណ៍ នេះជាផ្លូវការកាលពីពេលថ្មីៗកន្លងទៅ ។

សេចក្តីរាយការណ៍ដដែលបានបញ្ជាក់ឲ្យដឹងថា ពិធីបើកនេះមានការចូលរួមពី ទស្សនិកជនប្រមាណជាងប្រាំបីម៉ឺន (៨០, ០០០នាក់) នៅក្នុងទីតាំង Pit Building ប្រទេសសិង្ហបុរីរួមជាមួយក្រុមសិល្បករ សិល្បការិនីមកពីបណ្តាប្រទេសមួយចំនួនដូចជាកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េ ចិន និងម្ចាស់ផ្ទះសិង្ហបុរីសរុបជាង ៨.០០០នាក់។ ក្នុងនោះក្បាច់គុនល្បុក្កតោកម្ពុជាបានបង្ហាញពីភាពប្រណីត និងភាពអង់អាចក្លាហានដែលមានប្រវត្តិរាប់ពាន់ឆ្នាំព្រមទាំងមានសិលាចារិកជាប់នៅ ជញ្ជាំងប្រាង្គប្រាសាទបុរាណខ្មែរផងដែរ។

ក្រៅពីពាក្យយ៉ាងខ្លីថាជូនពរឆ្នាំថ្មីរបស់លោកនាយករដ្ឋមន្រ្តី លី ស៊ានឡុង លោកបានសម្លឹងរំពៃមើលក្បួនដង្ហែនីមួយៗយ៉ាងយកចិត្តទុកដាក់ ហើយលោកបានទាញ យកកាមេរ៉ាផ្ទាល់ខ្លួនរបស់លោកភ្លាមមកផ្តិតយកផ្ទាំងទស្សនីយភាពសិល្បៈខ្មែរ នៅពេលដែលក្បួនដង្ហែចូលមកដល់ជិត វេទិការបស់លោក ។ ការសម្តែងដោយរួមបញ្ចូលគ្នារវាងល្ខោនស្បែកធំរបាំអប្សរា របាំកញ្ឆែ និងក្បាច់គុនល្បុក្កតោសិល្បករ សិល្បការិនីខ្មែរ៥៤នាក់បានរាំបង្ហាញជូនទស្សនិកជនរំលេចចេញនូវភាពប្រណីតនៃសិល្បៈខ្មែរដ៏ផូរផង់និងភាពអង់អាចរបស់ ខ្មែរផងដែរ ។ ពិសេសក្បាច់គុនល្បុក្កតោ ខ្មែរបានបង្អួតពីភាពក្លាហានអង់អាចម៉ឺង ម៉ាត់លើចម្ងាយផ្លូវ៦០០ម៉ែត្រទាំងនៅលើគោកក្នុងទឹកនិងនៅលើវេទិកាក្រុមសិល្បៈខ្មែរបានអង្រួនចិត្តអ្នកទស្សនាជិត៩០,០០០ម៉ឺននាក់ឲ្យសែ្វងយល់ពីភាពអស្ចារ្យរបស់ខ្មែរផ្នែកវប្បធម៌ អរិយធម៌ដែលមានប្រវត្តិ រាប់ពាន់ឆ្នាំមកហើយនិងបានបន្សល់ទុក នូវស្នាមញញឹម និងស្នូរទះដៃយ៉ាងកងរំពង ដែលមិនអាចបំភ្លេចបាន ។

គួររំលឹកថា ពិធីដង្ហែក្បួនព្យុហយាត្រា ឈីងហ្គេនេះធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីអបអរសាទរឆ្នាំថ្មីជាពិសេសដើម្បីបង្កើននូវឯកភាពជាតិនិងសាមគ្គីភាពរវាងជាតិ ផ្សេងៗគ្នា ដែលកំពុងរស់នៅក្នុងប្រទេសសិង្ហបុរី។ ឆ្នាំនេះការដង្ហែក្បួនព្យុហយាត្រា ឈីងហ្គេក្រោមប្រធានបទ “Sound waves Chin gay, We Care Singapore” រួមបញ្ចូលនូវក្បួនដង្ហែសិល្បៈនិងទស្សនីយភាពជាច្រើនទៀត ត្រូវបានដាក់បង្ហាញជាមួយនឹងសំឡេងហ៊ោកញ្ជ្រៀវពីទស្សនិកជននៅពេលក្បួនដង្ហែនីមួយៗបានរំកិលចូលមកដល់ជាមួយនឹងការបាញ់កាំជ្រួចការ បាញ់ភ្លើង និងការទម្លាក់ព្រិលសិប្បនិមិត្ត មកលើទស្សនិកជនដែលបង្ហាញពីការ ស្វាគមន៍យ៉ាងកក់ក្តៅបំផុត ។

គួររំលឹកថា ក្រោមកិច្ចសហការរវាង សហភាពសហព័ន្ធយុវជនកម្ពុជានិងសមាគមប្រជាជនសិង្ហបុរីក្រុមសិល្បៈកម្ពុជាត្រូវបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ដង្ហែក្បួនឈីងហ្គេក្នុងឆ្នាំនេះ ។ គណៈប្រតិភូកម្ពុជាព្រមទាំងសិល្បករសិល្បការិនីកម្ពុជា ៧៤នាក់ដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី ភឿង សក្កណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរួមជាមួយនឹងក្រុមការងារ៕ សារីម

...

sarim (1) sarim (6) sarim (7) sarim (5) sarim (3) sarim (4) sarim (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print