ភ្នំពេញ ៖ អនុរក្សពន្ធនាគារព្រៃស (ម២) នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ នេះ បាននាំខ្លួនលោកស្រីទេព វន្នី តំណាងសហគមន៍បឹងកក់ មកកាន់សាលាឧទ្ធរណ៍ ដើម្បីជំនុំជម្រះបទល្មើសប្រមាថអ្នករាជការសាធារណៈនិងប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស។ រីឯ ជនជាប់ចោទ៣នាក់ទៀត ដែលស្ថិតនៅក្រៅឃុំ ក៏មានវត្តមានក្នុងសវនាការដែរ ។
សវនាការនេះ ដឹកនាំដោយលោក ញូង ធុល អនុប្រធានសាលាឧទ្ធរណ៍ និង លោក ស យសថាវរៈ ជាតំណាងមហាអយ្យការ ។
គួររំលឹកថា ស្ត្រីបឹងកក់៤នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមកាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ៦ខែ ដោយគ្មានការពិន័យជាប្រាក់នោះទេ ។
លោក លី សុខលេង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសឈ្មោះ ទេព វន្នី ឈ្មោះ បូ ឆវី ឈ្មោះ គង់ ចន្ថា និង ឈ្មោះ ហេង មុំ ។
ពួកគេជាប់ចោទពីបទ “ប្រមាថអ្នករាជការសាធារណៈនិងបទប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស តាមមាត្រា ៥០២ និងមាត្រា ៥០៤ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅមុខសាលារាជធានីភ្នំំពេញ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១ ដែលករណីនេះ សាលារាជធានីភ្នំពេញជាដើមបណ្ដឹង ៕ ដោយ ៖ ចេស្តា