ភ្នំពេញ ៖ លោក វង សូត បានប្រកាសណែនាំយ៉ាងមុឺងម៉ាត់ដល់លោក ម៉ែន សុចិត្រ នាយកបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការសុីវិល និងជានាយកខុទ្ទកាល័យលោករដ្ឋមន្ត្រីផង និងជាអគ្គលេខាធិការរងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារផង ឱ្យខំប្រឹងដោះស្រាយបញ្ហាដ៏ចម្រូងចម្រះនៃការផ្តល់សេវាការបើកប្រាក់សោធននិវត្តជូននិវត្តជន និងគ្រួសារសពនិវត្តជន នៅចំពោះមុខអ្នកចូលរួមប្រមាណជាង៣០០នាក់ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៧ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាទីស្តីការក្រសួង កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នាព្រឹកមិញនេះ។
ប្រតិកម្មភ្លាមៗរបស់លោករដ្ឋមន្ត្រី វង សូត ធ្វើឡើងបន្ទាប់ពីមានការបង្ហោះជាសាធារណៈរបស់ម្ចាស់ Account facebook Sok Lisa ដែលមានការមិនពេញចិត្តចំពោះការផ្តល់សេវាដែលគេគិតថាមានការយឺតយ៉ាវ និងមិនដោះស្រាយបញ្ហាដល់មុខសញ្ញាដល់ក្រុមគ្រួសារគេ ដែលជាជនរងគ្រោះរបស់ បជស។
គួរបញ្ជាក់ផងដែលថា ម្ចាស់ Account facebook Sok Lisa បានបង្ហោះតិះទាន មើលទៅទំនងជាក្នុងន័យស្ថាបនាឱ្យមានការកែសម្រួលការផ្តល់សេវាកម្មជូនគ្រួសាររបស់នាង ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី នាងបានសម្តែងការអន់ចិត្តយ៉ាងខ្លាំង ដោយប្រកាសឈប់ទទួលប្រាក់ បន្ទាប់ពីឪពុកនាងបានស្លាប់បើទោះជានាងដឹងថាមានប្រាក់នៅសល់ក្នុងគណនីរបស់ឪពុកនាងក៏ដោយ ដែលម្ចាស់ Account facebook Sok Lisa
បានសរសេក្នុង Facebook របស់នាងថា “សម្រាប់គ្រួសារខ្ញុំ គឺសូមប្រកាសថាឈប់ចង់បានលុយសពរបស់ឪពុកនាងខ្ញុំទៀតហើយ ព្រោះចាំនោះមហាសែនចាំ! សូមពូៗទៅពិនិត្យជាក់ស្តែងផង អាណិតប្រជាជនដទៃៗទៀត ដែលគ្នាស្លូតត្រង់ មិនហ៊ានចេញមុខមកតវ៉ា រហូតមកដល់ថ្ងៃនេះ តើពូៗដោះស្រាយសពគេបានប៉ុន្មានហើយ ហើយនៅជំពាក់គេប៉ុន្មានទៀតដូចជាករណីរបស់គ្រួសារខ្ញុំ ដែលចាំនីតិវិធីរាប់ខែ។ បើមិនបង្ហោះ ក៏មកចេញមកដោះស្រាយដែរ មានពូមួយកាលពីព្រឹកមិញ ចូលមក commment ហើយ ត្រូវបាននាងខ្ញុំនិយាយត្រង់ពេក ភ័យលុប commemts បាត់ មន្ត្រីបែបនេះ សូមលោកអ៊ុំរដ្ឋមន្ត្រីពិនិត្យមើលផង អាណិតលោកអ៊ុំសម្តេច។
អាចថ្ងៃណាមួយខ្ញុំនឹងយកឯកសាររបស់គ្រួសារខ្ញុំចូលទៅ Comments inbox ក្នុង Page លោកអ៊ុំសម្តេចក៏ថាបានដែរ ហើយសង្ឃឹមថាកុំមកលាភព័ណ៌ខ្ញុំ ថានាងខ្ញុំចង់មួលបង្កាច់ ឬចង់បង្ខួចកិត្តិយស ប្រយ័ត្នលោកអ៊ុំសម្តេចហៅឱ្យធ្វើវេទិកាសាធារណៈជាមួយចំពោះករណីបែបៗនេះ។”
ម្ចាស់ Account facebook Sok Lisa ដែលបានសរសេរក្នុង Facebook របស់នាង “ខ្ញុំសូមលើកតែករណីគ្រួសារខ្ញុំបានហើយ ដើម្បីកុំឱ្យវាប៉ះពាល់ដល់អ្នកដទៃ ប៉ុន្តែខ្ញុំជឿថាករណីដូចនាងខ្ញុំ វាប្រាកដជាមិនខុសគ្នាទេ នៅតាមខេត្តផ្សេងៗ! បើមិនជឿទេសូមក្រសួង ឬ បជស ខ្លួនឯងហ្នឹងធ្វើវេទិកាសាធារណៈជាមួយប្រជាជនដែលជួបការលំបាកដូចជានាងខ្ញុំទៅដើម្បីឱ្យបានដឹង សឬខ្មៅ!
ម្ចាស់ Account facebook Sok Lisa បានរៀបរាប់ពីដំណើររឿងរបស់នាងថា “នៅពេលឪពុកខ្ញុំធ្លាក់ខ្លួនមានជម្ងឺ ទៅបើកប្រាក់បៀវត្សមិនកើត គាត់ឱ្យខ្ញុំទាក់ទងទៅសុំផ្ទេរសិទ្ធិនៅ បជស ស្អីគេនោះ! ដំបូងខ្ញុំ Call ទៅ គេមានលេខទូរស័ព្ទគេដល់ទៅ ៤ទៅ៥លេខ ឯណោះ សម្រាប់ទំនាក់ទំនងដូចមែនទែនអញ្ចឹង ប៉ុន្តែជាក់ស្តែងលេខ Call មិនចូល ឬចូលដែលតែមិនលើក ឬលើកដែល តែថាជាប់រវល់។ ក្រោយមកខ្ញុំធ្លាប់បានមកដល់ បជស នោះដែរ ដើម្បីសុំផ្ទេរសិទ្ធិសុំបើកប្រាក់បៀវត្សឪពុក ព្រោះគាត់មានជម្ងឺមិនអាចបើកដោយខ្លួនឯងបាន។ ពេលមកដល់គេថាឯកសារខ្វះនេះ ខ្វះនោះ ត្រូវបំពេញនេះ បំពេញនោះ បំពេញមិនចេះត្រូវ ហើយទុកចោលឯកសាររាប់ខែរហូតដល់ឪពុកនាងខ្ញុំស្លាប់។ ដល់ពេលស្លាប់ភ្លាម គ្រាន់តែរាយការណ៍ថាស្លាប់ គេឱ្យរៀបចំយកសៀវភៅគណនីសពឪពុកខ្ញុំយកទៅឱ្យគេភ្លាម ទាំងមិនទាន់ធ្វើការបញ្ជាក់ថាត្រូវនៅសល់លុយត្រូវបើកបានប៉ុន្មានខែទៀត បើស្លាប់ក្នុងខែហ្នឹង តើត្រូវទទួលលុយសល់ប៉ុន្មាន នេះសង្ស័យតែ បើគេមិនចេះ មិនដឹង ប្រហែលជាងាយស្រួលបាត់លុយហើយមើលទៅ! ហើយបើនិយាយថាចាំចុះមកដោះស្រាយឱ្យ ចាំដោះស្រាយ គឺចាំបាត់ ចាំបាត់ដូចបទបាត់អូនអញ្ចឹង។
ម្ចាស់ Account facebook Sok Lisa លុយសពទុកចោលរាប់ខែ ហើយឱ្យបិទគណនីសព អញ្ចឹងតើរយៈពេលដំណើរការឯកសារដ៏វែងឆ្ងាយ គ្មានបក្សពួកទុករាប់ខែនោះ លុយហ្នឹងយកទៅនាម្តេចមិនបើឱ្យគេ? បើគេនាំគ្នាតវ៉ាទៅក៏បានឆាប់ទៅ បើគេមិនតវ៉ាទេក៏ស្ងាត់ទៅ អីក៏ស្រួលអ្វីក៏ស្រួលយ៉ាងនេះ ពូៗអើយ អាណិតលោកអ៊ុំៗថ្នាក់ដឹកនាំផង។ ចេះឯងឱ្យក្រែងចេះគេផងទៅ កុំអាងតែខ្លួនមានអំណាចធ្វើអ្វីស្រេចតែចិត្ត។ ខ្ញុំនៅមានឯកសារក្នុងដៃទេ។”
ចំពោះករណីនេះនគរដ្រេហ្គននៅតែមិនអាចសុំការបំភ្លឺបានទេពីលោក ម៉ែន សុចិត្រ នាយក បជស ព្រោះទូរសព្ទមិនអាចទាក់ទងបាន៕ ដោយ៖ សុខ ខេមរា