ខេត្តត្បូងឃ្មំុ៖ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លូង ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង ថាវរិន្ទ អធិការរងទទួលផែនព្រហ្មទណ្ឌ ចុះអនុវត្តដីកា លេខ ១៩/២០១៦ ចុះថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០១៦ របស់លោក គឹម ហេង ចៅក្រមស៊ើបសួរ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ សាំង ដានី ភេទស្រី អាយុ២៤ ឆ្នាំ ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងរាំង ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅចំណុចភូមិម៉ាស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ បន្ទាប់ពីស្ត្រីជនដែលត្រូវចោទឈ្មោះសាំង ដានី បានរត់គេចខ្លួនមិនដឹងនៅទីកន្លែងណាពិតប្រាកដ ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។
សមត្ថកិច្ចបានឲ្យដឹងថា ខណៈពេលចុះអនុវត្តដីកាខាងលើនៅចំណុចរោងចាំចំការម្រេចរបស់ឈ្មោះ សេង ហ៊ាន ភេទប្រុស ស្ថិតក្នុងភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានឈ្មោះគឹម សិលា ភេទប្រុស អាយុ៣០ឆ្នាំ ជាជាតិខ្មែរ បានកាន់ថង់ផ្លាស្ទិក ពណ៌ខ្មៅ រត់គេចខ្លួនចេញពីរោងចាំចំការខាងលើ រួចបោះចោលទៅលើដីដាំដំឡូងជាប់និងរបងព្រំចំការនោះ ។ ក្រោយពីដេញចាប់ខ្លួនកម្លាំងបានរើសថង់ផ្លាស្ទិកនោះមកឆែកឆេររកឃើញម្សៅក្រាម ពណ៌ស សង្ស័យថាគ្រឿងញៀន(ម៉ាទឹកកក) ចំនួន៤៧កញ្ចប់តូច ធន់កណ្តាចំនួន២កញ្ចប់ និងធំ១កញ្ចប់ ។
សមត្ថកិច្ចបានបញ្ជាក់ថា ឈ្មោះសាំ ដានី ភេទស្រី និងឈ្មោះគឹម សិលា ភេទប្រុស ត្រូជាប្តីប្រពន្ធគ្នា ស្នាក់នៅចាំចំការឲ្យឈ្មោះ សេង ហ៊ាង ភេទប្រុស មានទីលំនៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយចំពោះឈ្មោះ គឹម សិលា នេះវិញ ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ ដែលពាក់ពន្ធករណីជួញដូរនូវសារធាតុញៀន កាលពីឆ្នាំ ២០១៤ នៅចំណុចភូមិត្រពាំងរាំង ឃុំមេមត់ ស្រុកមេមត់ ខេត្តកំពង់ចាម ។
បច្ចុប្បន្នកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការនគរបាលស្រុកមេមត់បានបញ្ជូនសង្ស័យទាំងពីរខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំផ្តន្ទាទោសតាមច្បាប់ ៕ វណ្ណះ