ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋដែល រស់នៅតាមដងស្ទឹងសង្កែផ្នែកខាងក្រោម ស្ពានថ្មថ្មី ក្នុងក្រុងបាត់ដំបង និងស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាច្រើនគ្រួសារបានសម្តែង នូវការព្រួយបារម្ភពីបញ្ហាប្រឈមគ្មានទឹក ប្រើប្រាស់ ព្រោះតែរងផលប៉ះពាល់នៃការប្រើប្រាស់ ទឹកស្ទឹងមិនបាននៅរដូវប្រាំង នេះ ដោយសារទឹកស្ទឹងចាប់ផ្តើមមានក្លិនស្អុយ និងមានការបង្ហូរទឹកសម្អុយកាក សំណល់ចេញពីលូចូលស្ទឹងសង្កែ ក្បែរ ស្ពានថ្មថ្មី ស្ថិតនៅខាងមុខមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលជាហេតុនាំឱ្យប៉ះពាល់ដល់បរិស្ថានធ្ងន់នោះផង ។
ប្រជាពលរដ្ឋបានលើកឡើងថា ការបង្អូរ ទឹកសម្អុយតាមលូចូលក្នុងស្ទឹងសង្កែនៅ ចំណុចខាងលើមានរយៈពេលជាច្រើនឆ្នាំ មកហើយ អាជ្ញាធរខេត្តបាត់ដំបង ក៏ដូចជា មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត មិនទាន់មានវិធានការដោះស្រាយជូនដល់ ប្រជាពលរដ្ឋនៅឡើយទេ ។ ឆ្នាំមុនៗបាន រងផលប៉ះពាល់តិចតួចប៉ុណ្ណោះហើយប្រជា ពលរដ្ឋអាចយកទឹកស្ទឹងសង្កែទៅប្រើប្រាស់បាន ។ តែនៅឆ្នាំនេះទឹកស្ទឹងសង្កែមានការរីង ស្ងួតខ្លាំងពេកទើបធ្វើឱ្យទឹកសម្អុយហូរ ចេញពីលូ បានវាយលុកចូលទឹកស្ទឹងសង្កែ នាំឱ្យទឹកស្ទឹងមានក្លិនស្អុយ ប្រជាពលរដ្ឋមិនអាចយកទៅប្រើប្រាស់ប្រចាំថ្ងៃបាននោះទេ ។
ប្រជាពលរដ្ឋបានសំណូមពរឱ្យអាជ្ញាធរខេត្តបាត់ដំបង និងមន្ទីរ ពាក់ព័ន្ធមេត្តាជួយពិនិត្យដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងការខ្វះទឹកប្រើប្រាស់នេះផង ។
ជុំវិញបញ្ហានេះ លោក ឯម វិចិត្រ អនុប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានប្រាប់នគរវត្តនៅរសៀលថ្ងៃទី២ខែមីនា ឆ្នា២០១៧ ឱ្យដឹងថា ការបង្ហូរទឹកសម្អុយ ចូលក្នុងស្ទឹង បឹងបួ សាធារណៈរបស់រដ្ឋ ត្រូវបានហាមឃាត់គឺមិនអនុញ្ញាតនោះ ទេ ។ លោកប្រាប់ ឱ្យដឹងទៀតថា ការបង្ហូរ ទឹកសម្អុយចូលស្ទឹងសង្កែនៅចំណុចខាងលើនេះ គឺបង្កឱ្យប៉ះពាល់ដល់បរិស្ថានប៉ុន្តែប៉ះពាល់តិចតួច ប៉ុណ្ណោះ មិនដូចការលើកឡើងរបស់ប្រជាពលរដ្ឋនោះឡើយ ។ លោក ប្រាប់ឱ្យដឹង ទៀតថា បញ្ហានេះមន្រ្តីមន្ទីរបរិស្ថានកំពុងស្រាវជ្រាវ ដើម្បីរកប្រភពនៃការ បង្អូរទឹកសម្អុយចូលដើម្បីមានវិធានការទប់ស្កាត់ ។
ពាក់ព័ន្ធបញ្ហានេះ អ្នកយកព័ត៌មាននគរ វត្តបានទំនាក់ទំនង លោក ខាន់ ម៉ាណេ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឲ្យជួយស្រាយបំភ្លឺផងដែរប៉ុន្តែលោកបានឆ្លើយតបវិញថាកំពុងជាប់រវល់ ។
ដោយឡែកលោក សៀង ឯមវ៉នស៊ី អភិបាលក្រុងបាត់ដំបងបានប្រាប់ឱ្យដឹងថា ក្រោយពីមានការផ្សព្វផ្សាយព័ត៌មានពី បញ្ហាខាងលើនេះ អាជ្ញាធរក្រុង ក៏ដូចជា មន្ត្រីមន្ទីរជំនាញពាក់ព័ន្ធបានចុះទៅត្រួត ពិនិត្យ នៅទីតាំងបង្ហូរទឹកសម្អុយចូលស្ទឹងសង្កែហើយ ។
លោកប្រាប់ឱ្យដឹងទៀតថា បញ្ហានេះ កំពុងត្រូវបានដោះស្រាយជូនប្រជាពលរដ្ឋ ដោយអាជ្ញាធរក្រុង និងមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធបានដាក់គម្រោងស្នើសុំទៅលោកអភិបាលខេត្ត ដើម្បីកសាងទ្វារទឹកបិទបើកមួយក្នុងការទប់ស្កាត់មិនឱ្យមានការហូរចូលទឹកសម្អុយតាមលូចូលស្ទឹងសង្កែនោះទៀត ។
លោកអភិបាលក្រុងបានបញ្ជាក់ឱ្យដឹងទៀតថា បញ្ហាហូរទឹកសម្អុយចូលស្ទឹង សង្កែ គឺមានប្រជាពលរដ្ឋមួយចំនួនបង្ហូរទឹកកាកសំណល់ចេញតាមផ្ទះរបស់ពួកគាត់ ហើយបញ្ហានេះអាជ្ញាធរក្រុងនឹងធ្វើការអប់រំដល់ប្រជាពលរដ្ឋឲ្យបញ្ឈប់ការបង្ហូរទឹក សម្អុយចូលស្ទឹងសង្កែ ដើម្បីបរិស្ថានផង និងការយកទឹកទៅប្រើប្រាស់ផង ៕ សំ វិច្ឆិកា