ខេត្តកណ្តាល ៖ មនុស្ស៣នាក់បានរងរបួសធ្ងន់ស្រាល ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករោងការ កាលពីវេលាម៉ោង១៧និង៥នាទី ថ្ងៃទី៨មីនា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ២១ ភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។
មន្រ្តីនគរបាលបានឲ្យដឹងថា រថយន្តម៉ាកតូយូតា សេលីកា ពណ៍ទឹកប្រាក់ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ លឹម ហុង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរៈកសិករ មានទីលំនៅសង្កាត់ទឹកល្អក់ទី១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ រួមដំណើរក្នុងរថយន្តមានប្រពន្ធនិងក្មេងសរុបចំនួន០៤នាក់បានបើករថយន្តពីភ្នំពេញមកផ្ទះប្រពន្ធនៅភូូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ក្នុងទិសដៅពីជើងមកត្បូង ។ លុះពេលមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកបររថយន្តខាងលើបានជែងវ៉ារថយន្តម៉ាកCRVដែលបើកស្របទិសគ្នាបណ្ដាលអោយអកស្រឺនិងរថយន្តធំក៏គេចមកខាងស្ដាំដៃវិញ បណ្ដាលអោយបុករោងការដែលសង់នៅលើផ្លូវខាងលិចផ្លូវ ធ្វើអោយក្រឡាប់រថយន្តនិងរងរបួសមនុស្សចំនួន០៣នាក់៖
១-ឈ្មោះពិត គង ភេទប្រុស អាយុ៦០ឆ្នាំ
២-ឈ្មោះគីម វី ភេទប្រុស អាយុ៤៣ឆ្នាំ
អ្នកទាំងពីររងរបួសបាក់ជើង មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ជាមួយគ្នា និង
៣-ឈ្មោះ យ៉ុន យ៉េត ភេទប្រុស អាយុ១៧ឆ្នាំមុខរបរៈកម្មករ មានទីលំនៅភូមិទ្រាក ឃុំមេម៉ង ស្រុកមេមុត ខេត្តត្បូងឃ្មុំ(របួសស្រាល) ។
ករណីនេះបណ្ដាលអោយរបួសមនុស្ស០៣នាក់ប្រុស ក្នុងនោះធ្ងន់០២នាក់ និងខូចខាតរថយន្ត០១គ្រឿង រោងការ០៣ប្រឡោះ ម៉ាស៊ីនត្រជាក់០១គ្រឿង ។
បច្ចុប្បន្ន អ្នករបួសធ្ងន់បាក់ជើង០២នាក់ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅភ្នំពេញ។ រីឯអ្នករបួសស្រាលសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្អាង ។ដោយឡែកអ្នកបើកបររថយន្តនិងរថយន្តបាននាំយកមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ៕ ស្អាងជ័យ