ភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះជាងមួយខែបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បីសុំការអន្តរាគមន៍ កាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីត្រូវបានបុរសជាប្តីវាយធ្វើបាបនាង។
ស្ត្រីរងគ្រោះខាងលើឈ្មោះភា សារឿង អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិស្ពឺលិច ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង។ ចំណែកបុរសជាប្តីដែលប្រើអំពើហិង្សាមកលើប្រពន្ធខ្លួននោះឈ្មោះផាន សម្ភស្ស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅជាមួយគ្នា។
នារីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុនៅម៉ោងជាង៨យប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ប្តីរបស់គាត់បានប្រើហិង្សាមកលើរូបគាត់បណ្ដាលឱ្យពកក្បាល និងជាំមុខ ជាពិសេសម្រាមដៃខាងឆ្វេងរបស់គាត់១មានសភាពជាំខ្មៅសង្ស័យពិការផងក៏មិនដឹង។
ស្ត្រីដ៏ដែលបន្តថា ឱ្យតែពេលលោកប្ដីរបស់គាត់ផឹកស្រាស្រវឹងគឺតែងតែប្រើហិង្សាមកលើរូបគាត់ស្ទើរតែរៀងរាល់ថ្ងៃរហូតមកដល់ពេលនេះទើបទ្រាំលែងបានក៏មកប្តឹងសមត្ថកិច្ចឱ្យជួយនាំលោកប្តីមកធ្វើការអប់រំនិងធ្វើកិច្ចសន្យាឈប់ឱ្យប្រព្រឹត្តអំពើហិង្សាមកលើរូបគាត់តទៅទៀត៕ សុខាសែនជ័យ
...