ខេត្តកណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កដោយរថយន្តធុនធ្ងន់ដឹកបាវអង្កាមជាន់ហ្វ្រាាំងមិនជាប់កៀររថយន្តទួរីសដឹកអ្នកដំណើរខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងនៅវេលោម៉ោង៨ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅខាងមុខផ្សារព្រែកអញ្ចាញ់ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តបង្ក ម៉ាកហុីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3B-2651 នៅលើរថយន្ត គេឃើញមានបាវអង្កាមយ៉ាងសំពោងសំពីង បើកបរលើបណ្តោយផ្លូវជាតិលេខ៦ ដែលមានទិសដៅពីទិសខាងជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏វាក់នឹងរថយន្តមួយគ្រឿង ប្រភេទទួរីស ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេេញ 2AI-8130 ដែលជាន់ហ្រ្វាំងឈប់យ៉ាងតក់ក្រហល់ ដែលបណ្តាលឲ្យរថយន្តដឹកអង្កាមជាន់ហ្រ្វាំងមិនស៊ីក៏ជ្រុលទៅកៀររថយន្តទួរីសបែកកញ្ចក់ក្រោយ និងកំពីតយ៉ាងដំណំ។
ក្រោយពីកើតហេតុតៃកុងរថយន្តដឹកអង្កាមបានចុះពីរថយន្តគេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនគរបាលជំនាញចរាចរស្រុកមុខកំពូល បានមកវាស់វែងរួចអូសរថយន្តទាំងពីរគ្រឿង ទៅកាន់អធិការដ្ឋាននគរបាលស្រុករង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមផ្លូវច្បាប់។
ជំុវិញករណីគ្រោះថ្នាក់ខាងលើនេះ ពលរដ្ឋបានរិះគន់ដល់ម្ចាស់ផ្សារថា មិនរៀបចំសណ្តាប់ធ្នាប់ នៅខាងមុខផ្សារឲ្យទូលាយនោះទេ ទុកឲ្យស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះកើតឡើង៕ ឡូ សំអាត