ភ្នំពេញ ៖ ជនបរទេសអន្តោប្រវេសន៍ ខុសច្បាប់សុទ្ធតែជាជនជាតិវៀតណាម ចំនួន១២នាក់ ក្នុងនោះមានស្រី៤នាក់ ត្រូវ បានកម្លាំងនគរបាលនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃឃាត់ខ្លួនពាក់ព័ន្ធករណីឆ្លងដែនចូលមកស្នាក់នៅនិងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា ។
ប្រតិបត្តិការចុះត្រួតពិនិត្យជនបរទេសអន្តោប្រវេសន៍ខុសច្បាប់នេះបានធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ចំណុចសិប្បកម្មកែច្នៃឈើ ផ្ទះជួល និងឃ្លាំង នៅតំបន់បឹងព្រលិត ភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅដឹកនាំដោយលោកឧត្តមសេនីយ៍ ទោអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ សហការជាមួយអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន និងមានការសម្រប សម្រួលពីតំណាងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញផងដែរ ។
ជាលទ្ធផលកម្លាំងចម្រុះរកឃើញជន បរទេសអន្តោប្រវេសន៍ជាជនជាតិវៀត ណាមចូលមកស្នាក់នៅនិងធ្វើការខុសច្បាប់ចំនួន១២នាក់ ស្រី៤នាក់ ហើយត្រូវបាន បញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ដើម្បីបំពេញបែបបទតាមនីតិវិធី។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា តាមការត្រួតពិនិត្យជាក់ស្តែងនៅនឹងកន្លែង ដែលកម្លាំងចម្រុះចុះប្រតិបត្តិការរកឃើញជនជាតិវៀតណាមឆ្លងដែន ចូលមកស្នាក់នៅនិងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជាចំនួន១២នាក់ ក្រៅពីនោះ គេមានឯកសារគ្រប់គ្រាន់ ។ ជនបរទេស អន្តោប្រវេសន៍ទាំង១២នាក់នេះនឹងត្រូវ បញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ដើម្បីបំពេញឯកសារបញ្ជូនទៅ ឲ្យសម្តេចក្រឡាហោមស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ស្នើសុំគោលការណ៍បញ្ជូន ចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេស ដើមវិញ ៕ សណ្តោស