ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ណាហ្គាវើលបានធ្វើសន្និសីទសារព័ត៌មានមួយដើម្បីបង្ហាញពានរង្វាន់គំរូអត្តពលិកកម្ពុជាឆ្នើមលើកទី២ដោយបានសហការជាមួយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា គ្រោងប្រគល់ជូនដល់កីឡា ករកីឡាការិនីដែលមានស្នាដៃឆ្នើមក្នុងវិស័យកីឡាគ្រូបង្វឹក និងរូបថតសារព័ត៌មានព្រមទាំងភាគីកីឡាពាក់ព័ន្ធនិងកីឡាមួយចំនួនទៀត ។
លោក Pern Chen នាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលបានឲ្យដឹងថា អត្តពលិកឆ្នើមរបស់យើងទាំងអស់គឺជាមោទនភាព របស់កម្ពុជាដែលពួកគេជាគំរូដ៏ល្អសម្រាប់យុវជនកម្ពុជាជំនាន់ក្រោយដើម្បីកសាងប្រទេសជាតិ ដូច្នេះឆ្នាំទី២នេះយើងមានពានរង្វាន់៣បន្ថែមទៀតសម្រាប់លើកទឹកចិត្ត គឺពានរង្វាន់ក្រុមកីឡាឆ្នើមប្រចាំឆ្នាំ ពានរង្វាន់ព្រឹទ្ធាចារ្យកីឡា និងពានរង្វាន់ លើកទឹកចិត្ត ជាពិសេសសម្រាប់កីឡា ប្រពៃណីល្បុក្កតោ។ ក្រៅពីនេះណាហ្គាវើលនៅតែបន្តប្រគល់ពានរង្វាន់ជូនដល់កីឡាករកីឡាការិនីឆ្នើមប្រចាំឆ្នាំ កីឡាករកីឡាការិនីជនពិការឆ្នើមប្រចាំឆ្នាំ គ្រូបង្វឹកឆ្នើម និងរូបភាពកីឡាល្អប្រចាំឆ្នាំ។
លោកបានបន្តទៀតថា ក្រៅពីអ្នកដែលមានស្នាដៃឆ្នើមក្នុងវិស័យកីឡាក្នុងប្រទេស នេះណាហ្គាវើលនឹងផ្តល់ជូនអត្តពលិកដែលមានស្នាដៃឆ្នើមលើឆាកអន្តរជាតិដូចជា វិញ្ញាសាតេក្វាន់ដូ ប៉េតង់ បាល់ទាត់ ក្បាច់ គុនចម្រុះរត់ប្រណាំងនិងកីឡាអេឡិចត្រូនិកជាដើម ។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ចំពោះពានរង្វាន់ដែលបានបែងចែកខាងលើនេះ ពានរង្វាន់ប្រាក់ឧបត្ថម្ភមិនលើសខ្វះគ្នាប៉ុន្មានទេ ប៉ុន្តែយ៉ាងណាក៏ដោយក៏គណៈកម្មការវាយតម្លៃនៅមិនទាន់បង្ហាញសមាសភាពពិត សម្រាប់បេក្ខជនដែលត្រូវទទួលបានជ័យលាភីពីក្រុមហ៊ុនណាហ្គាវើលនៅឡើយទេ ។
លោកបានបញ្ជាក់ថា ចំពោះកម្មវិធីប្រគល់ ពានរង្វាន់ដល់អ្នកដែលមានស្នាដៃឆ្នើមក្នុង វិស័យកីឡាប្រទេសណាក៏ធ្វើបែបនេះដែរ ដើម្បីលើកទឹកចិត្តដល់អ្នកដែលមានស្នាដៃ និងជាគំរូល្អដល់កីឡាករកីឡាការិនី គ្រូបង្វឹកព្រឹទ្វាចារ្យកីឡា ។ ឆ្នាំនេះគឺជាលើកទី២ហើយដែលណាហ្គាវើលបង្កើតឲ្យមានពានរង្វាន់នេះឡើងក្នុងគោលបំណងជំរុញ លើកទឹកចិត្តអត្តពលិកកម្ពុជា ។
គួរបញ្ជាក់ថា ក្រុមហ៊ុនណាហ្គាវើលគឺជាក្រុមហ៊ុនទី១ដែលបានចូលរួមឧបត្ថម្ភក្នុងវិស័យកីឡាក្នុងព្រះរាជាណាចក្រកម្ពុជាដោយបានចុះហត្ថលេខាចងសម្ពន្ធភាពជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តាំងពីឆ្នាំ២០១១ចូលរួមឧបត្ថម្ភដល់កីឡាករកីឡាការិនីកម្ពុជាគ្រប់ព្រឹត្តិការណ៍កីឡាធំៗដូចជាកីឡាស៊ីហ្គេមកីឡាអាស៊ីហ្គេម កីឡាអូឡាំពិកហ្គេមជាដើម៕ សារីម