ខេត្តកំពង់ចាម ៖ ជនសង្ស័យម្នាក់ត្រូវបានសម្មត្ថកិច្ចនគរបាលបុស្ត៍ចាប់ឃាត់ខ្លួនភ្លាមៗក្រោយពីគេធ្វើសកម្មភាពកាច់សោរម៉ូតូមិនបានសម្រេច។
ហេតុការណ៍នេះកើតឡើងនៅម៉ោង២ៈ៣០នាទី ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៧ នៅចំណុចក្រោមផ្ទះឈ្មោះ ស៊ី ស្រីនាង ភេទស្រី អាយុ30ឆ្នាំ ស្ថិតនៅភូមិទី9 ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។
លោកវរសេនីយ៍ ហឹុម ចន្ធី មេបញ្ជាការកងរាជអាវុធហត្ថស្រុកកងមាសបានឲ្យដឹងថា មានករណីចោរលួចកាច់សោរម៉ូតូ01គ្រឿងម៉ាកហុងដាC125 ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B 6039 ជាកម្មសិទ្ធិរបស់ឈ្មោះ សំ សុខា ភេទប្រុស អាយុ32ឆ្នាំ នៅភូមិសំបួរមាស(ក) ឃុំពាមជីកង ស្រុកកងមាស ដែលបង្ករឡើងដោយ ជនសង្ស័យ ឈ្មោះ សិលា ម៉ារ៉ាដែន ភេទប្រុស អាយុ25ឆ្នាំ នៅភូមិទី9 ឃុំកងតាណឹង ស្រុកកងមាស។
លោកបានបន្តឲ្យដឹងថា ជនសង្ស័យរូបនេះបានធ្វើសកម្មភាពកាច់សោរម៉ូតូតែត្រូវបានឈ្មោះ ឡេង ជីហួរ ភេទប្រុស នៅភូមិទី5 ឃុំកងតាណឹង ឃើញទាន់ក៏បានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ក្រោយពីទទួលបានពត៌មានភ្លាមកំលាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនឈ្មោះខាងលើនាំយកមកប៉ុស្តិ៍ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។
បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសម្មត្ថកិច្ចជំនាញកសាងសំណំុរឿងត្រៀមបញ្ជូនទៅសាលាដំបូងចាតការតាមច្បាប់ ៕ វណ្ណះ
















