ក្រុមបិសាចក្រហម Manchester United បានឡើងមកចំណាត់ថ្នាក់លេខ៥បន្ទាប់ពីឈ្នះក្រុមម្ចាស់ផ្ទះ Middlesbrough ក្នុង លទ្ធផល ៣-១ កាលពីរាត្រីថ្ងៃទី១៩ ខែ មីនា។ ជ័យជម្នះនេះធ្វើឲ្យក្រុមបិសាច ក្រហមដែលដឹកនាំដោយលោក Jose Mourinho កំពុងប្រជែងដណ្តើមចំណាត់ ថ្នាក់កំពូលទាំង៤ (Top 4)ដើម្បីមានឱកាស បានទៅលេងពានរង្វាន់ UEFA Champion League រដូវកាលក្រោយ ។
៣គ្រាប់របស់ Man Utd រកបានដំបូងដោយកីឡាករខ្សែបម្រើសញ្ជាតិបែលហ្ស៊ិក Fellaini ដោយការបញ្ជូនបាល់ឲ្យដោយ កីឡាករ Ashley Young នៅនាទីទី៣០ធ្វើ ឲ្យក្រុមបិសាចក្រហមនាំមុខមុន ១-០ ។ ចូលដល់តង់ទី២ កីឡាករខ្សែបម្រើវ័យក្មេង Lingard បានស៊ុតពីចម្ងាយយ៉ាងអស្ចារ្យធ្វើឲ្យបិសាចក្រហមបន្តនាំមុខ ២-០ ទៅ លើក្រុមម្ចាស់ផ្ទះនៅនាទីទី៦២ ។ ប៉ុន្តែនៅ នាទីទី៧៧ខ្សែបម្រើ Gestede របស់ក្រុម ម្ចាស់ផ្ទះ Middlesbrough បានស៊ុតបាល់ បញ្ចូលទីក្រុមបិសាចក្រហមបាន១គ្រាប់វិញ ហើយនៅនាទីទី៩០+៣ អ្នកចាំទីក្រុម Middlesbrough ភ្លាត់ស្នៀតធ្វើឲ្យកីឡាករ Valencia របស់បិសាចក្រហមស៊ុតចូលទីបាន១គ្រាប់ទៀតធ្វើឲ្យចប់ការប្រកួតក្រុមបិសាចក្រហមឈ្នះក្រុម Middlesbrough ៣-១។
គ្រូបង្វឹកក្រុមបិសាចក្រហមលោក Jose Mourinho បានសរសើរអាកប្បកិរិយាកីឡាករទាំងអស់របស់ Manchester United ស្របពេលដែលលោកបានលើក ឡើងថា ក្លិបមានផ្លូវ២ដើម្បីមានកៅអីទៅលេងក្នុងពានរង្វាន់ UEFA Champion League ក្រោយយកឈ្នះលើ Middlesbrough នេះ ។
លោក Mourinho បាននិយាយថា “ខ្ញុំ ពិតជារីករាយណាស់។អាកប្បកិរិយារបស់កូនក្រុម ខ្ញុំគឺពិតជាប្រពៃណាស់។ ខ្ញុំបានធ្វើឲ្យពួកគេមានការជឿជាក់និងមានទំនុកចិត្ត។ Man Utd គឺជាក្រុមដែលចេះ ស្រលាញ់គ្នា និងពួកគេខិតខំប្រឹងប្រែង ដើម្បីគ្រប់គ្នា។ ពួកយើងមានផ្លូវពីរដើម្បីត្រឡប់មកលេងក្នុងពានរង្វាន់ UEFA Champion League ដូច្នេះពួកយើង នឹងប្រឹងប្រែងយកឈ្នះពាន UEFA Europa League និងចំណាត់ថ្នាក់ Top 4 នៅ Premier League។ យើងនឹងរង់ចាំបន្តទៀតថា នឹងមានអ្វីកើតឡើង”។
គួរបញ្ជាក់ថា ក្រុមMan Utd កំពុងតែ ដេញពីក្រោយចំនួន៣ពិន្ទុពីក្រុមចំណាត់ថ្នាក់លេខ Top 4 និងឈានដល់វគ្គ៨ក្រុម ចុងក្រោយក្នុងពានរង្វាន់ UEFA Europa League ដែលធ្វើឲ្យលោក Mourinho ជឿជាក់ថា ក្លិបនឹងមានកៅអីទៅលេងក្នុងពានរង្វាន់ UEFA Champion League នារដូវកាលក្រោយ ។
ក្រុមខ្លាំងៗទាំងអស់នៅអង់គ្លេសចាប់ពីលេខ២គឺប្រដេញពិន្ទុនិងឈរនៅលេខរៀងបន្តបន្ទាប់គ្នា ពោលគឺ Spurs លេខ២ មាន៥៩ពិន្ទុ, Man City លេខ៣មាន៥៧ ពិន្ទុ, Liverpool លេខ៤មាន៥៦ពិន្ទុ និង Man Utd បានឡើងមកលេខ៥មាន៥២ពិន្ទុ ខណៈដែល Arsenal ធ្លាក់ទៅដល់លេខ៦ មាន៥០ពិន្ទុស្មើជាមួយក្រុម Everton ។
សម្រាប់កម្មវិធីចាប់ឆ្នោតវគ្គ៨ក្រុមចុងក្រោយ (Quarter-Finals) នៃពានរង្វាន់ UEFA Europa League ក្រុមបិសាចក្រហមត្រូវប៉ះជាមួយក្រុម Anderlecht មកពីបែល ហ្ស៊ិក ៕



















