ខេត្តសៀមរាប៖ បុរសចំណាស់ជាជនជាតិចិនម្នាក់ បានដេកស្លាប់នៅលើគ្រែក្នុងបន្ទប់សណ្ឋាគារ ដ្រា ហ្គោន បន្ទប់លេខ២១៩ ខណៈដែលបុគ្គលិកសណ្ឋាគារទៅសម្អាត ក៏ប្រទះឃើញសាកសពរួចរាយការណ៍ទៅសមត្ថកិច្ចចុះមកត្រួតពិនិត្យ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវពេញសណ្ឋាគារ ក្នុងក្រុងសៀមរាប។ បើតាមការអះអាងពីសមត្ថកិច្ចជំហ៊ានដំបូង (មូលហេតុស្លាប់ដោយសារខ្យល់គរ )។
ករណីជនបរទេសដេកស្លាប់នេះភ្ញាក់ផ្អើលនៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់សណ្ឋាគារលេខ២១៩ ក្នុងក្រុមទី១៩ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។
តាមប្រភពពីសមត្ថកិច្ចនគរបាលខេត្តបានឱ្យដឹងនៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះថា បន្ទាប់ពីទទួលព័ត៌មានពីម្ចាស់សណ្ឋាគារ ដ្រាហ្គោន ថា មានបុរសចំណាស់ជនជាតិចិនម្នាក់ដេកស្លាប់នៅលើគ្រែ ដែលមានទីតាំងដូចខាងលើ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុដោយមានការចូលរួមពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានជាច្រើននាក់ទៀត។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះHAN ZHISHENG ភេទប្រុស អាយុ៧៣ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខH43619690 ចូលមកក្នុងប្រទេសកម្ពុជា ជាភ្ញៀវទេសចរ។
ក្រោយពីនាំគ្នាពិនិត្យលើខ្លួនសាកសពសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា បុរសចំណាស់ជាជនជាតិចិននេះ ស្លាប់ដោយសារខ្យល់គរ ពុំមានជាប់ពាក់ព័ន្ធករណីអត្តឃាតឬឃាតកម្មនោះទេ បច្ចុប្បន្នសាកសពជនរងគ្រោះត្រុវបានកម្លាំងជំនាញដឹកយកទៅតម្គល់ទុកនៅក្នុងមន្ទីរពេទ្យ រ៉ូយ៉ាល់អង្គរ រង់ចាំស្ថានទូតចិននិងក្រុមគ្រួសារមកទទួលយកទៅប្រទេសចិនវិញ៕ ប៊ុន រិទ្ធី