ទំនាក់ទំនងចិននិងអាមេរិកមានសារសំខាន់យ៉ាងខ្លាំងសម្រាប់ពិភពលោកទាំងមូល

ចែករំលែក៖

អាមេរិកនិងចិន ជាប្រទេសដើរតួនាទីយ៉ាងសំខាន់បំផុតនៅលើពិភពលោក ហើយទំនាក់ទំនងទ្វេភាគី របស់ប្រទេស មហាអំណាចទាំងពីរកាន់តែសំខាន់ទៅទៀតនៅក្នុងសតវត្សទី២១នេះ។ ទំនាក់ ទំនង អាមេរិក-ចិន មិនត្រឹមតែស្ថិតនៅ ក្នុងលក្ខណៈ នៃទំនាក់ទំនងជាមួយប្រ ទេសដទៃនោះឡើយ គឺវាជាការកំណត់ ពីសន្តិភាពស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់និងនៅលើពិភពលោកទាំងមូល ក្នុងនោះក៏មានតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។

ក្រោយពេលឆ្លងកាត់នូវឧបសគ្គជាច្រើន ក្នុងនោះមានទាំងការជួបពិភាក្សាគ្នាជាសម្ងាត់ជាច្រើនលើក ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ និងនៅលើពិភពលោក ទីបំផុតប្រទេស អាមេរិកនិងចិនបានចាប់ផ្តើមបង្កើតទំនាក់ទំនងការបរទេសនឹងគ្នា នៅថ្ងៃទី១ខែមករាឆ្នាំ១៩៧៩។ចាប់តាំងពីពេលនោះមក អាមេរិកនិងចិន បានអភិវឌ្ឍ ទំនាក់ទំនងរបស់ខ្លួនបានយ៉ាងឆាប់រហ័ស ប៉ុន្តែនៅមានវិវាទ និងភាពមិនចុះសម្រុង នឹងគ្នាជាច្រើនបានកើតឡើងចំពោះប្រ ទេសទាំងពីរ។

ក្នុងរយៈពេលនៃការអភិវឌ្ឍទំនាក់ទំនង អាមេរិកនិងចិន ក៏ទទួលបានជោគជ័យ ជាច្រើន ប៉ុន្តែក៏នៅមានឧបសគ្គជាច្រើន ផងដែរ។ ចាប់តាំងពីពិភពលោក ឈាន ចូលសតវត្សទី២១ មកទល់ពេលនេះ កត្តាដែលជះឥទ្ធិពលដល់ទំនាក់ទំនងប្រទេសទាំងពីរ មានការផ្លាស់ប្តូរជាច្រើន។ កត្តាធំ បំផុតដែល អាចធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរសោះកក្រោះនឹងគ្នានោះគឺ ពេល ដែលអាមេរិកប្រកាសពីនយោបាយឆ្ពោះ មកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងនោះ មានការឡោមព័ទ្ធឥទ្ធិពលរបស់ចិនដោយសម្ងាត់។

ដោយសារតែទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរមានសារសំខាន់ក្នុង ការកំណត់ជោគវាសនាពិភពលោកនោះ ទើបមនុស្សជាច្រើនជុំវិញពិភពលោក ព្រួយបារម្ភខ្លាចប្រទេសទាំងពីរផ្ទុះសង្គ្រាមនឹងគ្នា ក្នុងនោះមានទាំងសង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមប្រដាប់អាវុធផងដែរ ដែល អាចប៉ះពាល់ ដល់សន្តិសុខសណ្តាប់ធ្នាប់ពិភពលោកទាំងមូល។

ក៏ប៉ុន្តែប្រទេសទាំងពីរមានចំណុចរួមគ្នានោះគឺការ ប្រឆាំងភេរវកម្ម។ កន្លងមក រដ្ឋាភិបាល ទីក្រុងប៉េកាំងបានប្រឆាំង រាល់សកម្មភាពវាយប្រហារភេរវកម្ម ក្រោម រូបភាពផ្សេងៗ ហើយអាចនឹងសហការជាមួយអាមេរិកក្នុងការទប់ស្កាត់ និងវាយ ប្រហារទៅលើក្រុមភេរវករ។

សកម្មភាព ខាងលើគឺជាការប្រកាស របស់រដ្ឋមន្ដ្រីការ បរទេសចិន នៅពេលជួបពិភាក្សាជាមួយរដ្ឋមន្ដ្រីការពារជាតិអាមេរិកនៅមន្ទីរបង់តា ហ្គោនកាល ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦។

រដ្ឋមន្ដ្រីការបរទេសចិន លោក Wang Yi បានបញ្ជាក់ថា ភាគីទាំងពីរអាមេរិក-ចិននឹងខិតខំនៅក្នុងកិច្ចសហប្រតិបត្ដិការដើម្បីធ្វើឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិកមានភាពល្អប្រសើរ គ្មានការវាយប្រហារភេរវកម្ម ។

លោក Wang Yi បន្ដទៀតថា ចិនបាន គោរពដល់ឥទ្ធិពលជាប្រពៃណី និង ផលប្រយោជន៍របស់អាមេរិកនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក៏ដូចជាគាំទ្រដល់ទីក្រុង វ៉ាស៊ីន តោនក្នុងតួនាទីប្រយុទ្ធប្រឆាំងភេរវកម្ម។ ទីក្រុងវ៉ាស៊ីនតោនមាន តួនាទីយ៉ាងសំខាន់នៅអាស៊ីប៉ាស៊ីហ្វិកប៉ុន្ដែអាមេរិកចាំបាច់ត្រូវតែគោរព ឥទ្ធិពលរបស់ចិននៅក្នុងតំបន់ ផងដែរ ។

លោក Wang Yi បន្ដទៀតថា ទីក្រុងប៉េកាំងសង្ឃឹមថាអាមេរិកនឹងដោះស្រាយរាល់ បញ្ហាដែលបង្កឱ្យរាំងស្ទះដល់ទំនាក់ទំនង រវាងប្រទេសទាំងពីរ ក្នុងនោះក៏មាន ការ សម្រេចលក់សព្វាវុធទៅឱ្យកោះតៃវ៉ាន់ភងដែរ ។ លើសពីនេះទៅទៀត អាមេរិកត្រូវតែបញ្ចប់ការបញ្ជូននាវាចម្បាំង យន្ដហោះ ចម្បាំងចូលមកកៀកនិងតាម ដានសកម្ម ភាពរបស់ចិន ។ លោកបន្ដទៀតថាអា មេរិកគួរតែកសាងទំនុកចិត្ដ យុទ្ធសាស្ដ្រជាមួយគ្នា។ ការទុកចិត្ដគ្នាទៅវិញទៅមក រវាងកម្លាំងទាហាន ប្រទេសទាំងពីរនឹងធ្វើឱ្យប្រសើរឡើងដល់សន្ដិសុខក្នុងតំបន់ ពិសេសការប្រយុទ្ធ ប្រឆាំងភេរវកម្ម ។

នៅក្នុងចំណុចមួយដែលធ្វើឲ្យប្រទេសទាំងពីរប្រឈមមុខតានតឹងដាក់គ្នានោះគឺ វិវាទនៅសមុទ្រចិនភាគខាងត្បូង។ អាមេ រិកមិនមានជាប់ពាក់ព័ន្ធផ្ទាល់នឹងជម្លោះ ទឹកដីនៅក្នុងសមុទ្រចិនខាងត្បូងមែន តែអាមេរិកក្នុងនាមជាមហាអំណាចម្នាក់ និងតែងតាំងខ្លួនជាបិតាប្រជាធិបតេយ្យក្នុងលោកក៏មិនចង់ឃើញចិនក្រសោបយក តំបន់អាស៊ីតែម្នាក់ឯងទេនោះ។ តំបន់ អាស៊ីរដ្ឋបាលអាមេរិករបស់លោកអូបាម៉ាក៏បានចាត់ទុកជាតំបន់អាទិភាពនៅក្នុង នយោបាយការបរទេសរបស់ខ្លួនដែរ។ ក្តីបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោនគឺទាក់ទង នឹងជម្លោះនៅសមុទ្រចិនខាងត្បូងដែលចិន និងបណ្តាប្រទេសអាស៊ានមួយចំនួនកំពុងបន្តប្រឈមមុខដាក់គ្នា ហើយអាមេរិកមិនចង់ទុកបណ្តោយឲ្យចិនបន្តពង្រីកឥទ្ធិពលសេដ្ឋកិច្ច និងយោធាតែម្នាក់ឯងនៅក្នុង តំបន់ និងម៉្យាងទៀតពីអាមេរិកខ្លាចចិន ចូលកាន់កាប់ផ្តាច់មុខលើតំបន់សមុទ្រចិន ដែលជាតំបន់យុទ្ធសាស្រ្តនៃពាណិជ្ជកម្ម ផ្លូវសមុទ្រអន្តរជាតិ។

កន្លងមក ដើម្បីបង្ហាញសាច់ដុំដាក់ចិន អាមេរិកបានបញ្ជូននាវាចម្បាំង និងយន្តហោះទៅក្នុងតំបន់ដើម្បីបញ្ជាក់ពីវត្តមាន របស់ខ្លួនលើផ្ទៃទឹកសមុទ្រ និងដែនអាកាសអន្តរជាតិដែលជាកម្មសិទ្ធិរួមទាំងអស់គ្នា។ ទន្ទឹមគ្នានេះ ទង្វើរបស់អាមេរិកក៏ដើម្បីបង្ហាញពីការគាំទ្រចំពោះប្រទេសមានជម្លោះជាមួយចិន ដូចយ៉ាងវៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និងហ្វុីលីពីនដែលជាសម្ពន្ធមិត្តរបស់ខ្លួនដែរ។ ដូច្នេះឃើញថា សង្រ្គាមពាក្យសម្តីរវាងអាមេរិក នឹងចិន ហាក់ដូចជាកំពុងតានតឹងគ្មានថ្ងៃបញ្ចប់ និងដែលគ្មាននរណាម្នាក់ហ៊ានប្រមើល មើលថា តើវានឹងត្រូវបញ្ចប់តាមមធ្យាបាយអ្វីទេ ព្រោះមកទល់ពេលនេះ គឺមានតែការចោទដាក់គ្នាទៅវិញទៅមកប៉ុណ្ណោះ។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ុងហ្គោលី របស់អតីត រដ្ឋមន្ត្រីការ បរទេសអាមេរិកលោកចន ឃើរីបានព្រមានថា ទីក្រុងវ៉ាស៊ីនតោននឹងត្រួតពិនិត្យ ឡើងវិញ នៅតំបន់កំណត់គ្រប់គ្រងនៅ ដែនអាកាសក្នុងសមុទ្រចិនភាគខាងត្បូងADIZ ជាសកម្មភាពឌឺដង បង្កឲ្យមានវិវាទនៅក្នុងតំបន់ទាំងមូល។ សកម្មភាពបែបនោះនឹងធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំង ឡើងរវាងចិន នឹងប្រទេសក្នុងតំបន់។

លោកចន ឃើរីបានលើកពីការពង្រីកឥទ្ធិពលយោធា របស់ចិននៅក្នុងសមុទ្រចិន ខាងត្បូង ព្រមទាំងព្រមានចិនប្រឆាំងនឹងការញុះញង់។ ការព្រមានចិនពីអាមេរិកក៏មានពីសំណាក់រដ្ឋមន្រ្តីការពារជាតិ អាស្តុន ខាទ័រនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃថ្នាក់រដ្ឋមន្រ្តីការពារជាតិ អាស៊ីប៉ាស៊ីហ្វិករៀបចំក្នុងប្រទេសសិង្ហបុរីដែរ។ ចិនបានឆ្លើយបក វិញដោយអំពាវនាវកុំឲ្យអ្នកផ្សេងលូកដៃ និងថា ចិនមិនខ្លាចប្រឈមមុខនឹងបញ្ហា ទេ។

នៅពេលនេះទំនាក់ទំនងរវាងអាមេរិកនិងចិន នឹងត្រូវបានកំណត់នៅពេលដែលលោកត្រាំ បំពេញទស្សនកិច្ចទៅកាន់ប្រ ទេសចិននាពេលខាងមុខ ក្រោយពេល រដ្ឋ មន្ត្រីការបរទេសថ្មីអាមេរិក ទើបតែបញ្ចប់ ទស្សនកិច្ចទៅកាន់ប្រទេសចិនជាការបើកផ្លូវសម្រាប់ជំនួបរវាង លោកត្រាំនឹងលោក ស៊ី ជីងពីង នៅទីក្រុងប៉េកាំង៕

US-China-War-South-China-Sea-World-War-3-Donald-Trump-Trade-Shipping-Reality-Tillerson-584828 maxresdefault

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print