ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចបានដេញធ្លាក់ចូលទឹកស្រះខណៈដែលបានលួចម៉ូតូរបស់អ្នកស្រុក យកទៅលក់។
ហេតុការណ៍ដ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុង-ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះយ៉ន ឌី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិប៉ប្រក ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុជនសង្ស័យបានមកផ្ទះបងរបស់គេ ដើម្បីរងការងារធ្វើនៅកំពង់ឆ្នាំង ដែលកន្លែងនោះមានអ្នកជួលផ្ទះដែលជាកម្មការិនី មានម៉ូតូរបស់កម្មការិនីដែលនៅទីនោះផងដែរ ។
នៅថ្ងៃទី២៨ ខែមីនា កម្មការិនីដែលជាម្ចាស់ម៉ូតូ បានទុកម៉ូតូក្នុងបន្ទប់ជួល រួចទៅធ្វើការងារ លុះថ្ងៃត្រង់ទើបចេញមកវិញស្រាប់តែបាត់ម៉តូមិនឃើញក៏ប្តឹងសមត្ថកិច្ច ។ ក្នុងពេលនោះសមត្ថកិច្ចបានដាក់កម្លាំងតាមរក លុះដល់ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ មានគេផ្តល់ព័ត៌មានថា មានមនុស្សម្នាក់បានយកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខកំពង់ឆ្នាំង1F-3028 លក់នៅចំណុចខាងលើ ។ ពេលសមត្ថកិច្ចទៅដល់ឃើញម៉ូតូដែល មានភិនភាគដូចជនរងគ្រោះប្តឹងក៏ព័ទ្ធចាប់តែម្តង ភ្លាមៗនោះជនសង្ស័យបានហក់ចូលទឹកស្រះ ហើយសមត្ថកិច្ចបានប្រើរយៈពេលជិត១ម៉ោងដើម្បីចាប់ជនសង្ស័យបាន ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ កម្មការិនីពិតប្រាកដមែន ។ នៅពេលនេះជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា














