ខេត្តកណ្តាល ៖ រថយន្ដហ៊ីយ៉ាន់ដាយមួយគ្រឿង ដោយសារអ្នកបើកមានការធ្វេសប្រហែសបានជ្រុលទៅបុករ៉ឺម៉ក ម៉ូតូពីក្រោយធ្វើឲ្យរ៉ឺម៉ក រុលទៅបុកបង្គោលបង្ហាញទិសដៅចរាចរណ៍ បណ្ដាលឲ្យរងរបួស ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្នំពេញ ។
ករណីនេះកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចន្លោះគីឡូ ម៉ែត្រ៥១-៥២ ស្ថិតក្នុងភូមិរាំដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
នគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា រថយន្ដហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខខាងមុខភ្នំពេញ3T-2634 និងស្លាកលេខខាងក្រោយភ្នំពេញ4A-2371 ពណ៌ក្រហម បើកបរដោយឈ្មោះ រិទ្ធ រតនា ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ទិសដៅភ្នំពេញ-អ្នកលឿង ។
ចំណែករ៉ឺម៉កម៉ូតូ គ្មានស្លាកលេខ ពណ៌ស្លាទុំ បើកបរដោយឈ្មោះ ឆែ ចន្ធូ ភេទប្រុស អាយុ៤៣ឆ្នាំ មាន ទីលំនៅ ភូមិរាំដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ទិសដៅភ្នំពេញ-អ្នកលឿង ។ លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្ដបានមកបុករ៉ឺម៉កពីក្រោយ បណ្ដាលឲ្យរ៉ឺម៉ករុលទៅបុកនឹងបង្គោលបង្ហាញទិសដៅចរាចរណ៍ផ្លូវជាតិ បណ្តាលឲ្យអ្នកបើករ៉ឺម៉កបុកនឹងបង្គោលថ្មបង្ហាញទិសនោះរងរបួស ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្នំពេញ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះវាស់វែងតាមនីតីវិធី និងបានសន្និដ្ឋានថា ករណីនេះបណ្ដាលមកពីអ្នក បើកបររថយន្តធ្វេសប្រហែស គេចមិនផុតបណ្ដាលឲ្យបុករ៉ឺម៉ក បង្កឲ្យអ្នកបើករ៉ឺម៉ករងគ្រោះរបួស ។ ចំពោះមធ្យោ បាយបង្កហេតុបញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ ស្អាងជ័យ