ភ្នំពេញ៖ ពិតជាហួសចិត្តមែនរយៈពេលប៉ុន្មានម៉ោងសោះមានជនរងគ្រោះចំនួន៣នាក់បានរត់មកដាក់ពាក្យបណ្តឹងឲ្យនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីជួយអន្តរាគមន៍ករណីចោរលួចកាច់សោកម៉ូតូរបស់ពួកគាត់។
ករណីទី១កើតឡើងនៅវេលាម៉ោង៨និង២០ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្លូវឧកញ៉ា ម៉ុងរិទ្ធី ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ម្ចាស់ម៉ូតូមានឈ្មោះ សាន្ត មករា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរធ្វើសំណង់ក្នុងការដ្ឋានបុរីជិបម៉ុងឡែន និងមានស្រុកកំណើតភូមិអន្លង់ទ្រា ឃុំព្រែកជ្រៃស្រុក ស្រុកកំពង់លាវ ខេត្តព្រៃវែង បានបាត់ម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CG-0919 ដែលម្ចាស់ចូលទៅអង្កុយផឹកកាហ្វេពេលចេញមកវិញក៏បាត់តែម្តង។
ករណីទី២កើតឡើងនៅម៉ោង៦ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ដោយម្ចាស់មានឈ្មោះ គោក លី ហេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាវិស្វាករ ស្នាក់នៅបន្ទប់ជួលភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិណាងកាឆាយ ឃុំគោក ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ បានបាត់ម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១០ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ1E-0124 ដោយមុនពេលកើតជនរងគ្រោះបានដាក់នៅក្នុងបរិវេណបន្ទប់ជួលដូចសព្វដង លុះពេលព្រឹកឡើងពេលគាត់រៀបចំចេញទៅធ្វើការស្រាប់តែបាត់ម៉ូតូហើយក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍តែម្តង។
ចំណែកករណីទី៣កើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នៅណុចផ្ទះសំណាក់យុីហោ ឡាណា ដែលមានទៅតាំងស្ថិតនៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះ ច្រឹង ភារះ ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកហាង ស្នាក់នៅភូមិឡកំប៉ោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
ប្រភពពីបុរសរងគ្រោះបានឲ្យដឹងថា រូបគាត់បានចូលទៅដេកនៅក្នុងផ្ទះសំណាក់ខាងលើតាំងពីក្បាលព្រលប់ លុះដល់វេលាម៉ោងកើតហេតុស្រាប់តែឮសូរម្ចាស់ផ្ទះសំណាក់ស្រែកឆោឡោថា ចោរៗហើយក្រោយមកគាត់ក៏នាំគ្នាចុះមកមើលទើបដឹងថាចោរលួចកាត់សោច្រវ៉ាក់យកម៉ូតូរបស់គាត់ទៅបាត់ហើយ។ ម៉ូតូដែលចោរលួចទៅនោះម៉ាកZoomerX ពណ៌ព្រឹងទំ ពាក់ស្លាកលេខភ្នំពេញ1DM-0101។
ប្រជាពលរដ្ឋដែលជាម្ចាស់ម៉ូតូរងគ្រោះមកដាក់ពាក្របណ្តឹងបាននិយាយថា កន្លងមកមានករណីបាត់ម៉ូតូនិងរថយន្តច្រើនលើកច្រើនសារហើយមិនដែលឃើញសមត្ថកិច្ចណាបង្ក្រាបចាប់ជនល្មើសបានទេ៕ តុង សីហា
...