ភ្នំពេញ: មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយសាររថយន្តម៉ាកកាមរី ពណ៌ស បានបុកជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បណ្តាលឲ្យរថយន្តម៉ាកកាមរី រងការខូចខាតកំណាត់មុខយ៉ាងដំណំនិងធ្វើឲ្យអ្នកបើកបររងរបួសហូរឈាមពេញផ្ទៃមុខ កាលពីវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6539 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច ក្នុងល្បឿនមធ្យម។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកតូយ៉ូតាកូរ៉ូឡាកាមរី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-2179 បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿន ហើយបួងចង្កូត រេទៅខាងឆ្វេងបណ្តាលឲ្យបុកជាមួយរថយន្តហ៊ីយ៉ាន់ដាយពេញទំហឹងរងការខូចខាតរថយន្តកូរ៉ូឡាកាមរី មួយកំណាត់មុខយ៉ាងដំណំ។ ចំណែកអ្នកបើកបររថយន្តកូរ៉ូឡារងរបួសហូរឈាមពេញផ្ទៃមុខ ។បន្ទាប់មកអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ បានបើកទ្វាររថយន្តចុះគេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុម្ចាស់រថយន្តម៉ាកហ៊ីយ៉ាន់ដាយបានសុំយករថយន្តខ្លួនទៅជួសជុលដោយខ្លួនឯង ដោយមិនបាច់មានការប្តឹងផ្តល់នោះទេ៕ ប្រាថ្នា