លោកសក្ដិ៥យោធា ជា វណ្ណៈ កាងប្រពន្ធ និងដន្លងកត់កន្ទុយលេខនៅផ្សារឯករាជ្យមួយ

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងកត់កន្ទុយលេខ នៅម្ដុំផ្សារឯករាជ្យមួយ ផ្ទះលេខ១១D និងផ្ទះលេខ៧D ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានបើកដំណើរការជាយូរមកហើយ នៅនឹងច្រមុះភ្នែកសមត្ថកិច្ច ក៏ដូចជាមូលដ្ឋាន តែមិនទាន់ចាត់វិធានការបង្រ្កាប លុបបំបាត់នៅឡើយទេ មកទល់បច្ចុប្បន្ននេះ ។

ប្រជាពលរដ្ឋនិយាយថា កន្លែងកត់កន្ទុយលេខទាំង២នេះ មានលោកយោធាសក្ដិ៥ម្នាក់ ឈ្មោះជា វណ្ណៈ ជាអ្នកកាងឲ្យប្រពន្ធ និងដន្លងរបស់ខ្លួន ព្រមទាំងត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ច្ អាជ្ញាធរនៅទីនោះផងដែរ។ ករណីខ្លះ មន្រ្ដីយោធារូបនេះ បានបញ្ចេញនូវអំណួតក្ដែងៗថា គាត់ធ្វើទាហានពាក់សក្ដិ៥មែន ប៉ុន្តែប្រាក់ខែចាយមិន​គ្រប់គ្រាន់ទើបឲ្យប្រពន្ធ និងដន្លងកត់កន្ទុយលេខខ្លះៗទៅ ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃប៉ុណ្ណោះ ។

ប្រជាពលរដ្ឋនិងបងប្អូនអាជីវករលក់ដូរក្នុងផ្សារឯករាជ្យ១បានសំណូមពរឲ្យអាជ្ញាធរគួរមានវិធានការបង្រ្កាបចំពោះទីតាំង​​ខាងលើនេះផង ចៀសវៀងមានករណីអំពើចោរកម្មលួចប្លន់ផ្សេងៗ នៅក្នុងមូលដ្ឋាន។ ម្យ៉ាងទៀត កន្លងទៅ​គេឃើញតែសមត្ថកិច្ចមូលដ្ឋាន ចុះមកយកលុយពីទីតាំងខាងលើនេះ មិនសូវដែលដាច់ ។

កន្លងទៅ ក៏មាករណីគំរាមកំហែងដោយក្រុមលោកយោធាសក្ដិ៥រូបនេះទៅលើសមត្ថកិច្ច និងអ្នកកាសែត ប្រសិនបើហ៊ានផ្ដិតរូបភាពណាមួយ ទោះជាធ្វើឡើងតាមទីសាធារណៈក៏ដោយ ។

ពាក់ព័ន្ធករណីនេះ នគរវត្តមិនអាចទាក់ទងបានទេពីលោកវរសេនីយ៍ឯកយឹម សារ៉ាន់ អធិការនគរបាល​ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី២០ ខែសីហាឆ្នាំ២០១៥ ដោយទូរស័ព្ទគ្មានអ្នកទទួល។ អ្នកជិតខាងនិយាយថា លោកសក្ដិ៥ជា វណ្ណៈឮថាមានអង្គភាពនៅឯឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ប៉ុន្ដែឃើញវត្តមានរបស់គាត់ មើលការខុសត្រូវ កាងកន្លែងប្រពន្ធ និងដន្លងកត់កន្ទុយលេខនៅឯផ្សារឯករាជ្យ១ ឯនេ៎ះវិញ ៕

...

ដោយ៖ ឡូ សំអាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print