ខេត្តពោធិ៍សាត់ ៖ ប្រទះឃើញសាកសពបុរស់ពោះមាយម្នាក់នៅវាលស្រែមុខផ្ទះ ដែលគេអះអាងថាជាករណីឃាតកម្មកាប់សម្លាប់លើផ្ទះមុខខ្ទេចស្ទើរមើលមិនស្គាល់ ដែលបញ្ហានេះសមត្តកិច្ចស្ថាប័នពាក់ព័ន្ធកំពុងសហការគ្នា ធ្វើការស្រាវជ្រាវយ៉ាងញាប់ដៃញាប់ជើងនៅឡើយនោះ។
ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលឡើងនាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ នៅចំណុចវាលស្រែខាងមុខផ្ទះជនរងគ្រោះចម្ងាយប្រមាណ ២៥ម៉ែត្រ ស្ថិតក្នុងភូមិត្រាំព័រ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា ករណីឃាតកម្មខាងលើជនរងគ្រោះឈ្មោះ អឹម ទី ភេទប្រុស អាយុ ៦១ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
លោក វរសេនីយ៍ត្រីបន្តថា ជនរងគ្រោះជាបុរសពោះមាយរស់នៅជាមួយកូនប្រុសតូចម្នាក់ទើបមានអាយុ ១៣ឆ្នាំប៉ុណ្ណោះ ដោយឡែកកូនធំៗផ្សេងទៀតនោះ ពួកគេបានបែកគ្រួសារ និងទៅប្រកបការងារស្រុកផ្សេងៗអស់នោះដែរ ហើយផ្ទះសម្បែងជនរងគ្រោះនៅចុងកាត់មាត់ញកឆ្ងាយដាច់ស្រយាលពីគេ នៅលើខ្លួនប្រាណសាកសពមានស្នាមរបួសដាច់ដោយវត្ថុរឹងមុតនៅលើផ្ទៃមុខច្រើនកន្លែង ជនរងគ្រោះស្លាប់ច្រើនម៉ោងអាចនៅយប់អធ្រាត្រថ្ងៃទី០២ឈានចូលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ លុះនៅព្រឹកថ្ងៃទី០៣ ខែឆ្នាំដដែលទើបគេប្រទះឃើញបង្កការភ្ញាក់ផ្អើលតែម្តង។
លោក អធិការនគរបាលស្រុកបាកានបន្តទៀតថា ករណីខាងលើនេះមិនមានប្រភពណាមួយអាចអះអាង និងធ្វើការសន្ធដ្ឋានបាននៅឡើយនោះទេ ស្ថិតនៅក្នុងស្ថានភាពធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ខ្ពស់ គ្រាន់តែប៉ុន្មានឆ្នាំមុនមានការចោទពីពលរដ្ឋខ្លះៗពាក់ព័ន្ធអំពើរផ្លូវងងិត ប៉ុន្តែក្រោយមកគ្មាននោះទេ ហើយមួយទៀតលឺថាគាត់មានទំនាក់ទំនងស្នេហាជាមួយស្រ្តីវ័យចំណាស់ម្នាក់ដែរ តែទោសជាយ៉ាងក្តីមិនជាប់ពាក់ព័ន្ធករណីនយោបាយនោះឡើយ ៕ បឹុម ពិន