ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ គណៈអភិបាលខណ្ឌ សមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌ មន្ត្រីរាជការក្រោមឱវ៉ាទសាលាខណ្ឌ មន្ត្រីវិទ្យាស្ថានស៊ីតិក រួមនឹងប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌទួលគោក ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលខណ្ឌ និងលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌ ព្រមទាំងមានការអញ្ជើញចូលរួមពីឯ.ឧ លី ណារ៉ុន តំណាងឯ.ឧ ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌទួលគោក បាននិមន្តព្រះសង្ឃមកសូត្រមន្តចំរើនព្រះបរិត ប្រោះព្រំលើករាសី សុំពរជ័យ សិរីសួរស្តី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរ កើតមានដល់គ្រប់ក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ដែលនឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ និងដើម្បីចូលរួមអបអរសាទរ ទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី ដែលនឹងចុះមកថែរក្សាមនុស្សលោក និងព្រះរាជាណាចក្រកម្ពុជានោះ ។
នៅក្នុងឱកាសជួបជុំប្រារព្វពិធីសូត្រមន្តលើករាសី និងសុំពរជ័យពីទេវតាឆ្នាំថ្មី តាមលំដាប់លំដោយ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅសាលាខណ្ឌទួលគោករួចមក ថ្នាក់ដឹកនាំខណ្ឌទួលគោក ក៏បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការក្រោមឱវ៉ាទសាលាខណ្ឌ និងប្រជាពលរដ្ឋក្រីក្រ ប្រមាណជាង២០០នាក់ ព្រមទាំងចែកជូននូវអំណោយជាអង្គរ ថវិកានិងឃីតមួយកញ្ចប់ ដែលជារបស់សាលាខណ្ឌទួលគោក និងវិទ្យាស្ថានស៊ីតិក សម្រាប់បង្កលក្ខណៈអោយបងប្អូនប្រជាពលរដ្ឋក្រីក្រទាំងនោះ មានឱកាសបានទៅវត្តធ្វើបុណ្យទានដូចគេឯង ក្នុងឱកាសបុណ្យនេះ។
សូមបញ្ជាក់ថា ដើម្បីអោយបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាន់តែមានភាពអធិកអធម ថែមទៀតនោះ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានជម្រុញអោយមន្ត្រីទាំងអស់ បំផុសប្រជាជនអោយចូលរួមពិធីបុណ្យចូលឆ្នាំថ្មីអោយបានអធឹកអធម សមស្របប្រពៃណីជាតិយើង ដែលបានបន្សល់ទុកតាំងពីជីដូនជីតាមក។
លោក ឯក ឃុនដឿន បានបានប្រសាសន៍ថា ពិធីបុណ្យចូលឆ្នាំថ្មីជាបុណ្យប្រពៃណីជាតិក្នុងមួយឆ្នាំ ប្រារព្វធ្វើម្តង ដូច្នេះទេ មន្ត្រីយើងទាំងអស់ ត្រូវសហការផ្សព្វផ្សាយពិធីបុណ្យចូលឆ្នាំនេះ ដោយត្រូវបំផុសប្រជាជនអោយចូលរួមអោយបានអធឹកអធម រួមនិងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ដោយត្រូវចាប់ផ្តើមពីមុនចូលឆ្នាំ អំឡុងពេលចូលឆ្នាំនិងក្រោយពេលបុណ្យចូលឆ្នាំ។ លោក បន្តថា ពិធីបុណ្យនេះ រដ្ឋបាលខណ្ឌ នឹងរៀបចំនៅវត្តនាគវ័ន អោយមានល្បែងប្រជាប្រិយគ្រប់ប្រភេទ ដូចជា ទាញព្រ័ត្រ លាក់កន្សែង បោះអង្គុញ វៃក្អម និងឡើងបង្គោលខ្លាញ់ជាដើម។
សម្រាប់ពិធីបុណ្យចូលឆ្នាំនេះ រដ្ឋបាលរាជធានី ក៏នឹងរៀបចំលេងល្បែងប្រជាប្រិយ នៅរមណីយដ្ឋានវត្តភ្នំផងដែរ ហើយបើតាមគម្រោងនឹងមានការចូលពីប្រជាពលរដ្ឋចំនួន២០០នាក់ក្នុងមួយខណ្ឌ៕ ស តារា