ខេត្តបន្ទាយមានជ័យ ៖ លោកហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែង ថា បទពិសោធន៍ក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា គឺបោះឆ្នោត ឬការសម្រេចចិត្តណាមួយក្នុងការជ្រើសរើសមេដឹកនាំប្រទេសជាតិខុស គឺបង្កឲ្យមានមហន្តរាយធ្ងន់ធ្ងរ មិនដូចការចាក់ឆ្នោតខុសេនោះទេ ។ តែលោកមិនបានលើកទឹកចិត្តឲ្យពលរដ្ឋលេងល្បែងចាក់ឆ្នោត ឬ ល្បែងស៊ីសងឡើយ ។
លោក ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធ ព្រះវិហារ និងសមិទ្ធផលនានានៅវត្ត វិន័យ រោគ ភូមិរោគ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែមេសានេះ បានថ្លែងថា បទពិសោធន៍ ប្រវត្តិសាស្ត្រកម្ពុជាដែលប្រជាពលរដ្ឋជ្រើសរើស និងជឿជាក់លើរដ្ឋអំណាច និងអាជ្ញា ធររាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាង៣០ឆ្នាំមកនេះ គឺនាំ ឲ្យជីវភាព សេដ្ឋកិច្ច និងសង្គមកិច្ច បានល្អ ទាំងអស់ ។ លោកបានបញ្ជាក់ថា តែបើ ប្រជាពលរដ្ឋ ជ្រើសរើសមេដឹកនាំខុស គឺវា អាចធ្លាក់ក្នុងសង្គ្រាមកលិយុគ ហើយ វិនាសអន្តរាយដូចសម័យលន់ នល់ និង ប៉ុល ពត ជាដើម ។
លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរ ព្រះគុណ និងអរគុណដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ សប្បុរសជន មន្ត្រីរាជការ កងកម្លាំង មន្ត្រីក្រុមការងារ ចុះជួយស្រុក និងអ្នកពាក់ព័ន្ធទាំងឡាយដែលបានជួយកសាងសមិទ្ធផលថ្មីបន្ថែមនៅក្នុងវត្តវិន័យរោគនេះ ក៏ដូចទូទាំងខេត្ត ដែលឆ្លុះបញ្ចាំងនូវការរួបរួមសាមគ្គី ជ្រះថ្លា សោមនស្សក្នុងសង្គម និងប្រទេស ជាមូល ដ្ឋាននៃសុខសន្តិភាព សុវត្ថិភាព និងស្ថិរ ភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។
លោក សួន បវរ អភិបាលខេត្តបន្ទាយ មានជ័យ បានបង្ហាញពីការអភិវឌ្ឍរីក ចម្រើនយ៉ាងខ្លាំងលើវិស័យធារាសាស្ត្រ ប្រព័ន្ធស្រោចស្រព និងការទាក់ទាញភ្ញៀវ ទេសចរជាតិ អន្តរជាតិ មកទស្សនាតំបន់ការពារចម្រុះអាងត្រពាំងថ្ម នៃស្រុកភ្នំស្រុក ប៉ុន្តែគួរឲ្យស្តាយដោយសារទាំងរដ្ឋទាំងឯក ជន និងពលរដ្ឋ ពុំទាន់ប្រើប្រាស់ទាញផលប្រយោជន៍ឲ្យល្មមនឹងការចំណាយថវិកា អភិវឌ្ឍដ៏ច្រើនសន្ធឹកសន្ធាប់នោះ ៕