លោក ប៉ុន សុខ៖ ប្រតិភូកីឡាប៉េតង់មកដល់កម្ពុជាវិញដោយមានក្បួនម៉ូតូធំ១២គ្រឿង ស្វាគមន៍ម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានប្រាប់ឲ្យ ដឹងថា នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១៧ ប្រតិភូកីឡាប៉េតង់កម្ពុជាបានវិលមកដល់មាតុភូមិ ក្រោយពីបញ្ចប់បេសក កម្មនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក World Championship Petanque 2017 នៅទីក្រុង Gent ប្រទេសបែលហ្សុិក កាលពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០១៧ក្នុងនោះកីឡាការិនី អ៊ុក ស្រីមុំ ដណ្តើមបានមេដាយមាស១ គ្រឿងលើវិញ្ញាសាឯកត្តជនក្នុងចំណោម កីឡាការិនីជាង៤០នាក់មកពីទូទាំងពិភពលោក ។

លោកប្រធានមជ្ឈមណ្ឌលបានបញ្ជាក់ ថា នៅរសៀលថ្ងៃទី១៨ ខែមេសា លោក រដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ព្រមទាំងមន្រ្តីជាន់ ខ្ពស់ក្នុងវិស័យកីឡាកម្ពុជាជាច្រើននាក់ ផ្សេងទៀតបានរង់ចាំទទួលស្វាគមន៍ដំណើរ វិលត្រឡប់មកប្រទេសវិញរបស់ប្រតិភូ កីឡាប៉េតង់កម្ពុជា និងមានក្បូនម៉ូតូធំចំនួន១២គ្រឿងហែអមដំណើររបស់វីរកីឡាការិនី អ៊ុក ស្រីមុំ ផងដែរ ។

ជាមួយនឹងជោគជ័យដ៏ធំធេងរបស់ កីឡាការិនី អ៊ុក ស្រីមុំ និងប្រតិភូដឹកនាំ កីឡាប៉េតង់ខាងលើនេះដែរ សម្ដេចតេជោ ហ៊ុន សែន គ្រោងទទួលជួបកីឡាការិនី អ៊ុក ស្រីមុំ ដើម្បីសម្ដែងការគួរសមនៅពេលវេលាសមស្របណាមួយដើម្បីសំណេះ សំណាល និងលើកទឹកចិត្តដូចវីរកីឡា ការិនី កែ ឡេង និងកីឡាករ សុខ ចាន់មាន ដែលធ្លាប់ទទួលបានកិតិ្តយសក្រោយពីពួកគេដណ្ដើមបានមេដាយមាសកីឡាប៉េតង់ពិភពលោកមកជូនជាតិនាពេលកន្លងទៅ។

គួររំលឹកថា កាលពីយប់ទី១៤ ខែមេសា ក្រុមកីឡាប៉េតង់កម្ពុជា ដណ្ដើមមេដាយ ចំនួន២គ្រឿងពីព្រឹត្តិការណ៍ Championship Petanque 2017 នៅទីក្រុង Gent ប្រទេសបែលហ្សុិកក្នុងនោះមានមេដាយមាស១គ្រឿងរកបានដោយកីឡាការិនី អ៊ុក ស្រីមុំ លើវិញ្ញាសាវាយឯកត្តជននារី ក្រោយប្រកួតឈ្នះកីឡាការិនីទុយណេស៊ី Mouna BEJI ១៣-៧ពិន្ទុ ក្នុងជំនួបវគ្គ ផ្ដាច់ព្រ័ត្រ។ ចំណែកមេដាយប្រាក់រកបានលើវិញ្ញាសាវាយគូចម្រុះក្រោយពីកីឡាករ ញ៉ែម បូរ៉ា និងកីឡាការិនី ស្រ៊ាង សុរ៉ាឃីម ប្រកួតឈ្នះក្នុងវគ្គផ្ដាច់ព្រ័ត្រចាញ់ក្រុម កីឡាប៉េតង់ទុយនេស៊ីដោយលទ្ធផល ១៣-៧ពិន្ទុវិញ ។

អ៊ុក ស្រីមុំ បានក្លាយជាវីរកីឡាការិនី ទី២ក្នុងវិស័យកីឡាកីឡាប៉េតង់ដោយឈ្នះមេដាយមាសពិភពលោកបន្ទាប់ពីវីរកីឡាការិនី កែ ឡេង ឈ្នះមេដាយមាសលើវិញ្ញាសាវាយឯកត្តជននារីចំនួន២លើកជាប់គ្នាកាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៥ ខណៈ ដែលកីឡាករ សុខ ចាន់មាន ឈ្នះមេដាយមាសពិភពលោកកាលពីឆ្នាំ២០១៦កន្លងទៅ។ ប៉ុន្ដែគួរឲ្យស្ដាយ សម្រាប់ការបង្ហាញវត្តមានក្នុងចំណោម៤៧ប្រទេសស្មើនឹង ៤៩ក្រុមចូលរួមប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកនៅប្រទេសបែលហ្ស៊ិកឆ្នាំ ២០១៧ កីឡាការិនី កែ ឡេង និងកីឡាករ សុខ ចាន់មាន ពុំទទួលបានជ័យជម្នះ៕ សារីម

...

sarim (0) sarim (3) sarim (1) sarim (5) sarim (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print