ខេត្តកណ្តាល ៖ នារីសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន និងម្នាក់ទៀតកំពុងតាមចាប់ខ្លួន ពាក់ព័ន្ធនឹងករណីការជួញដូរថ្នាំញៀន ប្រភេទម៉ាទឹកកក កាលពីវេលាម៉ោង៤និង១០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនសង្ស័យឈ្មោះ ស៊ីម ម៉ៅ ភូមិព្រៃសំរោង ឃំុបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ១-ឈ្មោះ គង់ សុគន្ធា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ នៅភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។(ឃាត់ខ្លួន) និង ២-ឈ្មោះ ស៊ីម ម៉ៅ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង នៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (រត់គេចខ្លួន) ។
វត្ថុតាងដកហូត ៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកក)ចំនួន០២កញ្ចប់ក្នុងនោះ១កញ្ចប់មធ្យមនិង១កញ្ចប់តូច , ជញ្ជីងថ្លឹងចំនួន១ , ឧបករណ៏ប្រើប្រាស់និងថង់វេចខ្ចប់មួយចំនួន។
សមត្ថកិច្ចបានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួននារីសង្ស័យខាងលើ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានទទួលព័ត៌មាន មានមុខសញ្ញាកំពុងជួញដូរសារធាតុញៀននៅចំណុចខាងលើ ទើបកម្លាំងផ្នែកជំនាញស្រុកសហការណ៏ជា មួយប៉ុស្តិ៍បែកចានចុះទៅបង្ក្រាបចាប់បានមុខសញ្ញានារីសង្ស័យម្នាក់ ហើយត្រួតពិនិត្យរកឃើញម្សៅ ពណ៌សថ្លា សង្ស័យថាសារធាតុញៀនចំនួន១កញ្ចាប់តូច ។
តាមចម្លើយសារភាពពីនារីសង្ស័យខាងលើបានឆ្លើយថា ចំពោះថ្នាំញៀនខ្លួនលក់នោះបានមកពីឈ្មោះ ស៊ឹម ម៉ៅ ជាអ្នកទិញយក មកឲ្យលក់ ទើបកម្លាំងធ្វើការឆែកឆែររកឃើញថ្នាំញៀន១កញ្ចប់មធ្យម ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១ និងឧបករណ៍មួយចំនួនទៀត។
បច្ចប្បន្ននារីសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអង្ដស្នួលដើម្បីបន្តតាមនិតិវិធី ៕ ស្អាងជ័យ