ម្ចាស់ជើងឯក World Cup ២សម័យ ក្រុមជម្រើសជាតិអាហ្សង់ទីនបានសម្រេចចិត្តបណ្តេញលោក Edgardo Bauza ចេញ ពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិដោយសារតែក្រុមជម្រើសជាតិលេងមិនបាន លទ្ធផលល្អពេលប្រកួតជម្រុះយកកៅអីទៅ លេង World Cup នៅក្នុងប្រទេសរុស្សុី ។
លោក Claudio Tapia ប្រធានសហព័ន្ធ បាល់ទាត់ជម្រើសជាតិអាហ្សង់ទីនបានប្រាប់អ្នកសារព័ត៌មានថា “យើងបានឈានដល់កិច្ចព្រមព្រៀងមួយហើយបានប្រាប់ Edgardo Bauzaថា គាត់ត្រូវបានបញ្ឈប់ពី តំណែងគ្រូបង្វឹកហើយ” ។
សារព័ត៌មានជាច្រើនបានផ្សាយថា លោក Jorge Sampaoli ជាគ្រូបង្វឹកសញ្ជាតិ អាហ្សង់ទីនកំពុងដឹកនាំក្រុមSevillaគឺជា បេក្ខជនល្អបំផុតក្នុងការមកកាន់ក្រុម ជម្រើសជាតិអាហ្សង់ទីន ដោយគាត់ធ្លាប់ ដឹកនាំក្រុមជម្រើសជាតិឈីលីឈ្នះពាន រង្វាន់ជើងឯកទ្វីបអាមេរិកខាងត្បូងក្នុង ឆ្នាំ២០១៥ ។
សម្រាប់ការប្រកួតជម្រុះ World Cup ៨ដងអាហ្សង់ទីនឈ្នះតែ៣ប៉ុណ្ណោះ ហើយ ស្ថិតនៅចំណាត់ថ្នាក់លេខ៥អាចត្រូវលេងខ្វែងជាមួយក្រុមមកពីទ្វីបអូសេអានី បើសិន មិនអាចឡើងទៅចំណាត់ថ្នាក់លេខ៤ ឬ បើធ្លាក់ទៅលេខ៦អាហ្សង់ទីននឹងអស់ ឱកាសទៅ World Cup ឆ្នាំ២០១៨តែម្ដង។
អ្វីដែលលំបាកជាងនេះទៅទៀតនោះគឺកីឡាករឆ្នើម Lionel Messi ត្រូវជាប់ បំរាម៤ប្រកួតដោយសារតែបានប្រមាថ អាជ្ញាកណ្តាល ៕ ដេវីត