ប្រទេសថៃ៖ តាមសេចក្ដីរាយការណឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ សមត្ថកិច្ចថៃបានសម្រុកទៅជួយសង្គ្រោះពលករខ្មែរចំនួន៦៥នាក់ ដែលសង្ស័យចាញ់បោកមេខ្សល់យកទៅបង្ខាំងទុកក្នុងអគារ២ជាន់ក្នុងផ្សារឥណ្ឌូចិន ស្ថិតក្នុងបរិវេណផ្សាររោងគ្លឿ ក្នុងស្រុកអារញ្ញ ប្រទេសថៃ។
តាមប្រភពបានឲ្យដឹងថា ពលករប្រុសស្រីមានទាំងចាស់ក្មេងត្រូវបានតម្រួតប្រើឧបករណ៍គាស់ទ្វារអគារនៅជាន់លើនិងជាន់ក្រោម ដើម្បីរំដោះចេញពីក្នុងអគារ ខណៈដែលពលករខ្មែរទាំងនោះស្ថិតក្នុងសភាពហេវហត់ និងពុំមានលិខិតស្នាមជាប់នឹងខ្លួនបំណងទៅរកការងារធ្វើក្នុងទីក្រុងបាំងកកប្រទេសថៃ។
តាមប្រភពបានឲ្យដឹងទៀតថា ពលករដែលសង្ស័យចាញ់បោកមេខ្យល់ទាំងនេះត្រូវបានមេខ្យល់នាំចូលតាមច្រករបៀងនានាក្នុងក្រុងប៉ោយប៉ែតចាប់តាំងពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ដោយយកប្រាក់ពីពលករទាំងនោះក្នុងម្នាក់ៗ ពី២០០០-២៥០០បាត ហើយក្រុមមេខ្យល់បានបង្ខាំងលាក់ទុកពលករទាំងនេះក្រោមការភួតភរឲ្យចាំរថយន្តមកទទួលទៅកន្លែងធ្វើការ។ ក៏ប៉ុន្តែអស់រយៈពេលជាង៣ថ្ងៃមិនឃើញរថយន្តមកទទួលនោះឡើយ។
តាមប្រភពបានបន្តថា ពលករខ្មែរដែលចាញ់បោកមេខ្យល់ខាងលើនេះត្រូវបានបញ្ជូនឲ្យនគរបាលអន្តោប្រវេសន៍ថៃប្រចាំខេត្តស្រះកែវសួរនាំក្នុងបំណងស្វែងរកចាប់ខ្លួនមេខ្យល់ដែលគេដឹងថា មេខ្យល់ទាំងនោះគឺជាជនជាតិខ្មែររស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមប្រភពបានបង្ហើបថា អគារ២ជាន់នៅក្នុងផ្សាររោងគ្លឿដែលគេបង្ខាំងលាក់ទុកពលករខ្មែរទាំងនេះ មុនពេលសមត្ថកិច្ចថៃបានរកឃើញការបង្ខាំងពលករខុសច្បាប់នេះគឺមានពលរដ្ឋខ្មែរម្នាក់បានមកជួយដើម្បីបើកអាជីវកម្មលក់ដូរសម្ភារ និងទំនិញផ្សេងៗ។ ប៉ុន្តែចាប់តាំងពីជួលមកគេមិនឃើញអ្នកជួលនោះមកលក់ដូរទេ ដូច្នេះករណីនេះសមត្ថកិច្ចថៃបាននឹងកំពុងស្វែងរកអ្នកជួលទីតាងខាងលើដើម្បីឃាត់ខ្លួនសាកសួរ។
លោកលឹម តិច នាយរកការិយាល័យព្រំដែនកម្ពុជា-ថៃបានឲ្យដឹងថា ចំពោះករណីនេះលោកនៅពុំទាន់ទទួលបានព័ត៌មានលម្អិនៅឡើយទេ តែយ៉ាងណាលោកនឹងទាក់ទងទៅសួរនាំដល់ភាគីអាជ្ញាធរ មានសមត្ថកិច្ចថៃនោះសិន៕ វណ្ណា