ក្រុងប៉ោយប៉ែត៖ បុរសម្នាក់បានរត់ត្រហេបត្រហបទៅរកមន្ត្រីអាវុធហត្ថស្នាក់ការ៥៦៨ឲ្យជួយ ដោយចោទប្រពន្ធថាមានសហាយជាមួយនិងបុរសជនជាតិថៃ ហើយប្រពន្ធបានរើខោអាវបម្រុងចេញពីផ្ទះ និងទាញកាំបិតដេញកាប់មកលើខ្លួន។ ក៏ប៉ុន្តែការអះអាងចោទប្រកាន់ទៅលើប្រពន្ធថាមានសហាយនេះ មន្ត្រីអាវុធបានឲ្យដឹងថា បុរសជាប្ដីពុំមានភស្តុតាងដាក់បន្ទុកជាក់លាក់ទៅលើប្រពន្ធនោះទេ។
ករណីខាងលើនេះបានបង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅភូមិមណ្ឌល៣ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បុរសដែលអះអាងថា មានសហាយស្មន់ជាមួយបុរសជនជាតិថៃនេះឈ្មោះប៊ុត សំណាង អាយុ៤៥ឆ្នាំ មានមុខរបររត់ម៉ូតូឌុប រស់នៅភូមិ-សង្កាត់ខាងលើ។
បុរសរូបនេះបានរៀបរាប់ថា ប្រពន្ធរបស់ខ្លួនមានឈ្មោះផាត សុភី អាយុ៤៥ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូនប្រុសស្រី៣នាក់ រីឯរូបខ្លួន(ប្ដី)ក៏ជាបុរសពោះម៉ាយមានកូន២នាក់ផងដែរ។ កន្លងទៅពួកគេបានទំនាក់ទំនងស្នេហាដោយមិនបានចូលរោងការនោះទេ និងបានរស់នៅជាមួយគ្នាជាង១០ឆ្នាំ បានកូនប្រុសស្រី២នាក់បន្ថែមទៀត។ ក្នុងរយៈពេលនៃការរស់នៅជាមួយគ្នា បើទោះជាមិនមានអាពាហ៍ពិពារហ៍បំពេញខាន់ស្លាក៏ដោយពួកគេបានចាប់ដៃគ្នារកស៊ីរហូតមានទ្រព្យសម្បត្តិគួរសម ប៉ុន្តែក្រោយមកគាត់មានសុខភាពមិនសូវល្អ ប្រពន្ធក៏បានទៅរកស៊ីចេញចូលនៅប្រទេសថៃ ចំណែករូបគាត់ប្រកបរបររត់ម៉ូតូឌុប និងឆ្លៀតមើលកូននៅផ្ទះផង។
បុរសរូបនេះបានបន្តថា ក្នុងរយៈពេលដែលប្រពន្ធទៅរកស៊ីនៅប្រទេសថៃត្រូវបានបងប្អូនខាងប្រពន្ធរបស់គាត់លួចប្រាប់ថា ប្រពន្ធរបស់គាត់មានទំនាក់ទំនងជាមួយបុរសជនជាតិថៃដល់មានការស៊ីជម្រៅនោះទៀតផង តែគាត់មិនជឿរចំពោះការដែលបងប្អូនប្រាប់នេះទេ។ ក៏ប៉ុន្តែនៅថ្ងៃមួយពេលដែលគាត់មកពីរត់ម៉ូតូឌុប គ្រាដែលប្រពន្ធទុកទូរស័ព្ទនៅក្នុងផ្ទះ ហើយទូរស័ព្ទរោទ៍ ពេលដែលគាត់លើកស្រាប់តែមានបុរសជាជនជាតិថៃបានទូរស័ព្ទមករកប្រពន្ធរបស់ខ្លួន។
បុរសដដែលនេះបានបន្តថា ចាប់តាំងពីពេលនោះមកគាត់មានរឿងរកាំរកូសរហូតមានការឈ្លោះប្រកែកគ្នា ហើយជាក់ស្តែងនៅព្រឹកថ្ងៃខាងលើ ប្រពន្ធរបស់គាត់បានរើខោអាវ ទើបមានការឈ្លោះប្រកែកគ្នា ហើយប្រពន្ធក៏បានទាញកាំបិតដេញកាប់គាត់ទៀតផង ទើបរូបគាត់រត់មកប្ដឹងឲ្យមន្ត្រីអាវុធហត្ថជួយអន្តរាគមន៍។
ទាក់ទិននិងករណីដែលបុរសខាងលើចោទប្រកាន់ប្រពន្ធលួចមានទំនាក់ទំនងជាមួយនិងបុរសជនជាតិថៃពេលចេញចូលទៅរកស៊ីនៅប្រទេសថៃនេះ អ្នកយកព័ត៌មាននគរដ្រេហ្គនមិនអាចរកការបំភ្លឺពីប្រពន្ធបុរសខាងលើនេះបានទេ។ យ៉ាងណាក៏ដោយមន្ត្រីអាវុធបានប្រាប់អ្នកយកព័ត៌មាននគរដ្រេហ្គន ឲ្យដឹងនៅរសៀលថ្ងៃទី២៦ ខែមេសា ថា ស្ត្រីដែលប្ដីចោទថាមានសហាយស្មន់នោះ សមត្ថកិច្ចបានកោះហៅមកសាកសួររួចហើយ ហើយស្ត្រីខាងលើនេះបានប្រាប់ថា រូបគាត់មិនមានសហាយស្មន់ស្អីនោះទេ តែការដែលគាត់រើខោអាវគឺរើដើម្បីរកប្លង់ផ្ទះ និងប្លង់ដី ដើម្បីយកទៅបញ្ចាំយកប្រាក់ការកូនតែប៉ុណ្ណោះ៕ វណ្ណា