ពលរដ្ឋខ្មែរ៣៦នាក់នឹងត្រូវរដ្ឋាភិបាលអាមេរិកបញ្ជូនមកប្រទេសកំណើតវិញក្នុងពេលឆាប់ៗនេះ

ចែករំលែក៖

ភ្នំពេញ៖ ពលរដ្ឋខ្មែរ៣៦នាក់ ដែលទៅស្នាក់នៅធ្វើការនៅសហរដ្ឋអាមេរិកខុសច្បាប់នឹងត្រូវរដ្ឋាភិបាលអាមេរិក គ្រោងបញ្ជូន មកឲ្យរដ្ឋាភិបាលកម្ពុជាវិញ បន្ទាប់ពីពួកគេត្រូវបាន ប៉ូលីសអន្តោប្រវេសន៍ អាមេរិកខតខ្លួននាពេលកន្លងមក ។

នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងក្រោយជំនួប ពិភាក្សាការងារ រវាងលោកទេសរដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តការអន្ដរជាតិ ជាមួយលោកPatrick Murphy ឧបការីរងរដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២៥ ខែមេសាឆ្នាំ២០១៧។

លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងទៀតថា ជំនួបរវាងលោកលោកទេសរដ្ឋមន្រ្តីប្រាក់ សុខុននិងលោក Patrick Murphy ក្រៅពីបានជជែកគ្នា ជុំវិញអំពីជំហ៊រដែលចាត់ទុកថា ការបាញ់មីស៊ីល នឹងការសាកល្បងធ្វើនុយក្លេអ៊ែររបស់កូរ៉េខាងជើងជាការរំលោភបំពាន ទៅលើសេចក្ដីសម្រេចចិត្តរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងឋានៈជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាស្ដីពីតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់ពិសេសគឺនៅក្នុងឧបទ្វីបកូរ៉េ។

ក្នុងនោះ កម្ពុជានិងសហរដ្ឋអាមេរិក ក៏បានយល់ព្រម និងឯកភាពចំពោះសំណើរ ដែលបានស្នើសុំធ្វើវិសោធនកម្ម លើការចុះអនុស្សារណៈយោគយល់គ្នា (MOU) ស្តីពីការបញ្ជូនពលរដ្ឋខ្មែរ ពីសហរដ្ឋអាមេរិកមកមាតុភូមិវិញក្នុងនោះពលរដ្ឋខ្មែរ៣៦នាក់ នៅសហរដ្ឋអាមេរិក ត្រូវបានរដ្ឋាភិបាលអាមេរិកគ្រោងនឹងបញ្ជូនមកប្រទេសកំណើតវិញក្នុងពេលឆាប់ៗ ខណៈដែលពលរដ្ឋខ្មែរ៥នាក់រួចហើយ បានមកដល់កម្ពុជា កាលពីថ្ងៃទី២៩មីនាកន្លងមកនេះ តាមអនុស្សារណៈ(MOU) ស្តីពីការធ្វើមាតុភូមិនិវត្តន៍ របស់ពលរដ្ឋខ្មែរពីអាមេរិក កាលពីឆ្នាំ២០០២នោះ ។

លោក ជុំ សន្ទរី បានឲ្យដឹងទៀតថា កម្ពុជាចាំបាច់ត្រូវពិនិត្យ និងស្នើសុំធ្វើវិសោធនកម្ម ទៅលើការចុះអនុស្សារណៈយោគយល់គ្នា ស្តីពីការបញ្ជូនពលករខ្មែរពីអាមេរិក មកមាតុភូមិវិញ ហើយ រាជរដ្ឋាភិបាលកម្ពុជានៅតែមានឆន្ទៈ ក្នុងការទទួលពលរដ្ឋខ្មែរនៅអាមេរិក ដែលមានទោសកំហុស និងបន្តដោះស្រាយបញ្ហាជាមួយអាមេរិក ដូច្នេះចាំបាច់ត្រូវធ្វើវិសោធនកម្ម ដើម្បីធានាបាននូវការអនុវត្តន៍ ឲ្យបានត្រឹមត្រូវតាមស្មារតីដើមនៃ MOU ដែលសំដៅធានាឲ្យបាននូវទិដ្ឋភាពមនុស្សធម៌ និងមេត្តាករុណា ក្នុងការអនុវត្តនូវកិច្ចព្រមព្រៀង ហើយបន្ទាប់ពីទទួលយកពលរដ្ឋទាំង៣៤នាក់ នេះហើយ គឺផ្អាកជាបណ្តោះអាសន្នមិនទទួលយកបន្តទៀតទេ។

ទាក់ទងនឹងបញ្ហានេះដែរ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានញ្ជាក់ថា កម្ពុជាបានបញ្ចប់ ការតាក់តែងពង្រាងថ្មីនៃកិច្ចព្រមព្រៀងនេះហើយ គ្រោងនឹងបញ្ជូនទៅស្ថានទូតអាមេរិក ក្នុងពេលឆាប់ៗខាងមុខ ដើម្បីឲ្យភាគីទាំងពីរ ពិភាក្សាគ្នាឡើងវិញលើពង្រាងថ្មីនេះ។

គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ប្រចាំឆ្នាំ២០១៦ មានពលរដ្ឋខ្មែរ ធ្វើមាតុភូមិនិវត្តន៍ពីសហរដ្ឋអាមេរិក ចំនួន២៥លើក មានមនុស្ស ៤១នាក់ បើ គិតត្រឹមឆ្នាំ២០១៧ ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក ដែលបានធ្វើមាតុភូមិនិវត្តន៍ មានចំនួនសរុប ២២៦លើក ក្នុងនោះមានពលរដ្ឋចំនួន ៥៤៤នាក់ ស្រី១៤នាក់ ដែលត្រូវរដ្ឋាភិបាលអាមេរិកបញ្ជូនឲ្យមកកម្ពុជាវិញ៕ សារីម

...

sarim (5) sarim (3) sarim (1) sarim (6) sarim (4) sarim (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print