ក្រុមយុវជនកូរ៉េខាងជើងមានឈ្មោះថា Kimilsungist Kimjongilst (CCKKYL) បានប្រកាសថា នឹងកម្ទេចអាមេរិកកូរ៉េខាងត្បូងឲ្យទៅជាផេះដោយគ្រាប់បែក៥លានគ្រាប់។
សារព័ត៌មានកូរ៉េខាងជើង KCNA បានដកស្រង់សម្តីប្រធាន CCKKYL បាន ឲ្យដឹងថា កម្លាំងយុវជនកូរ៉េខាងជើងនឹង បំផ្លាញអាមេរិក កូរ៉េខាងត្បូងយ៉ាងហោចណាស់ក៏ធ្វើឲ្យពិភពលោកឈានដល់មហន្តរាយប្រសិនបើរងការវាយប្រហារនោះ។
ប្រធាន CCKKYL បានបញ្ជាក់ថា កម្លាំងយុវជនកូរ៉េខាងជើងបានត្រៀមលក្ខណធ្វើសង្គ្រាមដោយប្រើគ្រាប់បែក៥លាន គ្រាប់ទប់ទល់នឹងសត្រូវកូរ៉េខាងត្បូង។ ការព្រមានខាងលើកើតឡើងក្រោយ ពេលដែលកូរ៉េខាងត្បូងបានប្រកាសថា ប្រព័ន្ធមីស៊ីលការពារ THAAD របស់អាមេរិកបានចូលទៅដល់ទឹកដីកូរ៉េខាងត្បូង ដើម្បីត្រៀមលក្ខណៈបាញ់កម្ទេចមីស៊ីល របស់កូរ៉េខាងជើង។
ឧបទ្វីបកូរ៉េកាន់តែតានតឹងខ្លាំងឡើង ក្រោយពេលដែលអាមេរិក និងសម្ពន្ធមិត្តយល់ឃើញថាកូរ៉េខាងជើងបានត្រៀម លក្ខណៈសាកល្បងគ្រាប់បែកបរមាណូ ជាលើកទី៦ និងកាំជ្រួចមីស៊ីលឆ្លងទ្វីប។ អាមេរិកបានបញ្ជូននាវាចម្បាំង និងនាវា ផ្ទុកយន្តហោះ នាវាមុជទឹកបំពាក់មីស៊ីល ៧០០ដើម ចូលដល់ទឹកដីកូរ៉េខាងត្បូង ត្រៀមវាយប្រហារកូរ៉េខាងជើង។
ប៉ុន្តែបើទោះជាមានការគំរាមកំហែងដោយបញ្ជូនអាវុធមកក្តីតែកូរ៉េខាងជើង នៅតែបន្តធ្វើសមយុទ្ធបាញ់គ្រាប់ពិតជា ទ្រង់ទ្រាយធំកាលពីថ្ងៃទី២៥ ខែមេសា ក្រោមការតាមដានពីមេដឹកនាំ គីម ជុង អ៊ុន។
ប៉ុន្តែក្រុមអ្នកឯកទេសបានបញ្ជាក់ថា កូរ៉េខាងជើងមិនល្ងង់សាកល្បងអាវុធ បរមាណូនាពេលនេះ ឲ្យអាមេរិកវាយ ប្រហារឡើយ។ ជារៀងរាល់លើកនៅ ពេលដែលអាមេរិកកូរ៉េខាងត្បូងភ្លេចខ្លួន ទើបកូរ៉េខាងជើងសាកល្បងបរមាណូ។ ក្រុមអ្នកវិភាគលើកឡើងថាទីក្រុងព្យុង យ៉ាងមិនល្ងង់សាកល្បងនាពេលនេះឲ្យ អាមេរិកវាយប្រហារឡើយ។
ពាក់ព័ន្ធនឹងការដាក់ប្រព័ន្ធមីស៊ីលការពាររបស់អាមេររិកនៅលើទឹកដីកូរ៉េខាង ត្បូង កូរ៉េខាងជើងមិនមែនជាអ្នកព្រួយ បារម្ភនោះឡើយ គឺប្រទេសចិនឯណោះ វិញទេដែលព្រួយបារម្ភខ្លាំងជាងគេ។ មិនតែប៉ុណ្ណោះចិនបានស្នើឲ្យអាមេរិកដក ប្រព័ន្ធមីស៊ីលចេញពីកូរ៉េខាងត្បូងទៀតផង។ រយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីការដាក់ពង្រាយប្រព័ន្ធខែលការពារគ្រាប់មីស៊ីល របស់អាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូងប្រទេសចិនបានជំរុញយ៉ាងខ្លាំងទៅកាន់ក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ដើម្បីដក ចេញនូវសម្ភារទាំងនោះដោយបានព្រមានថា ការដំឡើងប្រព័ន្ធការពារនេះនឹងធ្វើឲ្យស្ថានភាពនៅក្នុងតំបន់កាន់តែតានតឹង ឡើងបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧។
ក្រៅពីនេះក៏មានប្រព័ន្ធរ៉ាដា X-band សម្រាប់ការដំឡើងប្រព័ន្ធខែលការពារមីស៊ីល (THAAD) នៅស្ថានីយបាញ់ចល័ត និងធាតុផ្សំផ្សេងទៀតត្រូវបានគេឃើញថា បានចូលទៅក្នុងតំបន់ដាក់ពង្រាយនៅ ភាគអាគ្នេយ៍តំបន់សឿងជូភាគខាងជើង ខេត្តហ្គឿងសាង បានចាប់ផ្តើមនៅអំឡុងពេលពាក់កណ្តាលយប់ ហើយប្រព័ន្ធការពារមីស៊ីលខាងលើនេះនឹងប្រតិបត្ដិការធ្វើតេស្តនាពេលអនាគតឆាប់ៗនេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា យើងបានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់យើងរួចទៅហើយទៅកាន់សម្ពន្ធមិត្តកូរ៉េខាងត្បូង និងអាមេរិក ការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលនៅកូរ៉េខាងត្បូងនឹងបំផ្លាញស្ថិរភាពយុទ្ធ សាស្រ្ត និងបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង ហើយភាគីចិនជំរុញយ៉ាងខ្លាំង ចំពោះសម្ពន្ធមិត្តទាំង២ ដោយលុបចោល ការដាក់ពង្រាយ និងដកសម្ភារសម្រាប់ដំ ឡើងទៅវិញ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បាននិយាយថា «យើងបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងរបស់យើងចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិករួចទៅហើយ »នៅក្នុងសន្និសីទកាសែតមួយបន្ទាប់ពីត្រូវបានគេសួរពីជំហររបស់ចិនស្តីពីការដាក់ ពង្រាយនេះ។ «ការដាក់ពង្រាយ THAAD នៅក្នុងប្រទេសកូរ៉េខាងត្បូងនឹងបំផ្លាញ តុល្យភាពយុទ្ធសាស្រ្ត និងការញុះញង់ឱ្យមានការកើនឡើងបន្ថែមទៀតនៅក្នុងភាពតានតឹងនេះ»៕
ប្រែសម្រួល៖ ម៉ែវ សាធី