ភ្នំពេញ៖ លោក ប៉ែន វុទ្ធី អគ្គលេខាធិ ការសហព័ន្ធខ្មែរកីឡាអត្តពលកម្មបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងក្រោយកិច្ចប្រជុំ គណៈកម្មការបច្ចេកទេស របស់សហព័ន្ធ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ថា ព្រឹត្តិការណ៍រត់ប្រណាំងនិងជិះកង់ដើម្បី សប្បុរសជនកម្ពុជាដែលគ្រោងប្រព្រឹត្តទៅ នៅព្រឹកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទី២៩-៣០ ខែមេសា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌពិព័រណ៍ និងសន្និបាតកោះពេជ្រនោះទទួលបានអ្នកចុះឈ្មោះប្រមាណជាង១ពាននាក់ រួចហើយ ប៉ុន្តែគណៈកម្មការនៅតែបន្តទទួលចុះឈ្មោះ បន្តទៀត រហូតដល់ល្ងាចថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០១៧ ។
លោកអគ្គលេខាធិការបានបញ្ជាក់ថា ចំពោះកិច្ចប្រជុំគណៈកម្មការបច្ចេកទេសនាពេលនេះ គឺចង់ឲ្យដំណើរនៃការប្រព្រឹត្តទៅបានដោយរលូនទាំងការគ្រប់គ្រងបច្ចេកទេស និងក្រុមការងារស្ម័គ្រចិត្តនៅតាម គោលដៅដែលគណៈកម្មការបានកំណត់។ ដោយឡែកគោលបំណងដែលសហព័ន្ធបានបង្កើតនូវព្រឹត្តិការណ៍នេះឡើង គឺ សម្រាប់ពង្រឹងកិច្ចការងាររដ្ឋបាលមន្ត្រី សហព័ន្ធបង្កើតបទពិសោធន៍ដល់គណៈ កម្មការក្នុងការរៀបចំព្រឹត្តិការណ៍ធំៗ ដើម្បីត្រៀមខ្លួនជាស្រេច មុនព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី២៣ ឆ្នាំ២០២៣ដែលព្រះរាជាណាចក្រកម្ពុជាទទួលសិទ្ធិរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ថ្នាក់តំបន់លើកដំបូងនេះ ។
លោកបានបន្ថែមថា ក្រៅពីបានផល ប្រយោជន៍មកដល់មន្ត្រីនិងកីឡាករកីឡាការិនីរបស់ខ្លួនហើយនោះ ព្រឹត្តិការណ៍រត់ និងជិះកង់ដើម្បីសប្បុរសជនកម្ពុជានឹង ប្រមូលថវិកាបានពីការចុះឈ្មោះរបស់ កីឡាករកីឡាការិនីយុវជននិងប្រជាពល រដ្ឋដែលស្រលាញ់ចូលចិត្តរត់ និងជិះកង់ សម្រាប់សុខភាពក៏បានចូលរួមចំណែក ធ្វើអំពើល្អក្នុងសង្គមជួយដល់អ្នកដែលខ្វះ លទ្ធភាពឬក៏សាលាដែលខ្វះខាតហេដ្ឋា រចនាសម្ព័ន្ធនៅខេត្ត-ក្រុងឆ្ងាយៗ ។
គួរបញ្ជាក់ថា ចំពោះវិញ្ញាសារត់ប្រណាំង មានចំនួន៣ គឺរត់ចម្ងាយ២១គីឡូម៉ែត្រ បុរស-នារី ។ វិញ្ញាសារត់ចម្ងាយ១០គីឡូ ម៉ែត្របុរស-នារី និងវិញ្ញាសារត់កម្សាន្ត ចម្ងាយ៣គីឡូម៉ែត្រ បុរស-នារី។ រីឯវិញ្ញាសា ជិះកង់ចម្ងាយ១០០គីឡូម៉ែត្រដែលចាប់ផ្តើមនាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ ២០១៧នោះ បានចែកចេញជា៣ប្រភេទ អាយុ គឺប្រភេទអាយុទី១ចាប់ពីចន្លោះ១៥ឆ្នាំដល់២៩ឆ្នាំឬហៅ (Novice) ប្រភេទ អាយុទី២ អ្នកជិះកង់អាយុចន្លោះពី៣០ឆ្នាំដល់៤០ឆ្នាំ ( Elite ) និងប្រភេទអាយុទី៣ ចាប់ពីអាយុ៤០ឆ្នាំឡើង ដោយមិនកំណត (Master) ៕ សារីម