ភ្នំពេញ ៖ សម្លាញ់២នាក់ទើបតែស្គាល់គ្នាថ្មោងថ្មី បានខ្ចីម៉ូតូមិត្តភ័ក្តម៉ាក NEX ដែលទើបតែទិញថ្មីថ្មោង យកទៅដឹកស្រីស្នេហ៍មកលេងបន្ទប់ តែបែជាទៅបាត់រហូតមិនឃើញត្រលប់មកវិញ តាំងពីយប់ម៉ោង២ទាបភ្លឺថ្ងៃទី៩ខែឧសភា ឆ្នាំ២០១៧ រហូតដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែល នៅតែមិនត្រលប់មកវិញ ហើយទំនាក់ទំនងមិនបាន ក៏សម្រេចចិត្តទៅដាក់ពាក្យបណ្តឹងតែម្តង កាលពីវេលាម៉ោង១៣៖០០នាទីរសៀលថ្ងៃទី៩ខែឧសភាឆ្នាំ២០១៧ នៅប៉ុស្តិ៍នគររដ្ឋបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ម្ចាស់ម៉ូតូមានឈ្មោះ អឿន វិសិទ្ធិ អាយុ១៨ឆ្នាំ មិនមានមុខរបរ ស្នាក់នៅបន្ទប់ជួលក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិកោះព្រលូង ឃុំកោះមិត្ត ស្រុកកំពុងសៀម ខេត្តកំពុងចាម។ រីឯម៉ូតូដែលមិត្តសម្លាញ់យកទៅបាត់នោះម៉ាក Hongda NEX 2015 ពណ៍ស មិនទាន់ធ្វើស្លាកលេខ។ ចំណែកសម្លាញ់ដែលយកម៉ូតូសម្លាញ់ទៅបាត់នោះ ឈ្មោះ វិន មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជិតគ្នា។
តាមការរៀបរាប់ពីជនរងគ្រោះបានអោយដឹងថា៖ នៅមុនពេលកើតហេតុពួកយើងបានជិះមុតូម៉ាក NEX ខាងលើ នាំទៅរាំលេងនៅក្នុងក្លឹបមួយកន្លែងនៅផ្លូវវ៉េងស្រេង រហូតដល់ម៉ោង២រំលងអាធ្រាតក៏បានត្រលប់មកបន្ទប់ ហើយឈ្មោះ វិន ក៏បានខ្ចីម៉ូតូរបស់ខ្លួនថាទៅដឹកស្រីស្នេហ៍ដែលទើបតែស្គាល់នៅក្នុងក្លឹបមកលេងបន្ទប់ ដោយមានការទុកចិត្តខ្លួនក៏អោយខ្ចីតែម្តង តែឈ្មោះ វិន បែជាមិនបានត្រលប់មកវិញទេ ហើយទូស័ព្ទតេក៏ចូលទៀត រហូតដល់ព្រឹក បានទទួលដំណឹងថាម៉ូតូហ្នឹងគេ (វិន) យកទៅលក់បាត់ហើយ ទើបទៅដាក់ពាក្យបណ្តឹងតែម្តង។ ប្រភពដដែលបានបន្តទៀតថា៖ ពួកគេទើបតែស្គាល់គ្នានៅកន្លែងដើរលេង ក៏បានរាប់អានគ្នាធ្វើជាមិត្តភ័ក្តបាន២ខែតែប៉ុណ្ណោះ ហើយជនរងគ្រោះទើបតែឪពុកម្តាយសន្សំលុយទិញម៉ូតូខាងលើអោយទើបតែបាន១អាទិត្យ មិនទាន់បានធ្វើផ្លាកលេខផងក៏ស្រាប់តែមានរឿងបែបនេះតែម្តង។
ទោះយ៉ាងណាជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នបាលចោមចៅដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវនិងវែកមុខ ជនសង្ស័យខាងលើដើម្បីយកមកផ្តោន្ទាទោសតាមច្បាប់ ៕ សុខាសែនជ័យ
...