ប្រទេសថៃ ៖ ពលករខ្មែរ៤នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង៣នាក់ទៀតរងរបួស ខណៈដែលពួកគេបាននាំគ្នាជិះរថយន្តតាក់ស៊ីចូលទៅកាន់ទីក្រុងបាងកក ដើម្បីរកការងារធ្វើ ក៏បានជួបឧប្បទ្ទវហេតុនៅតាមដងផ្លូវ ដោយបុកជាមួយរថយន្តធុនធំមួយគ្រឿងធ្វើដំណើរស្របទិសគ្នា។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ម្សិលមិញ លើកំណាត់ផ្លូវលេខ៣៣១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២១ និង១២២ ស្ថិតនៅត្រង់ចំណុចណងអ៊ីថូន ភូមិ១៤ ឃុំកោះខ្នុរ ស្រុកភ្នំសារៈខាម ខេត្តឆាក់ឈើងសៅ ប្រទេសថៃ។
ក្រោយកើតហេតុភ្លាមៗ កម្លាំងតម្រួតថៃ បានចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ គឺមានរថយន្តមួយគ្រឿងម៉ាកនីសាន់ណាវ៉ារ៉ា ពណ៌ខ្មៅ បានបើកទៅបុកពីក្រោយរថយន្តធុនធ្ងន់ ម៉ាកហ៊ីណូ ប្រភេទសណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ70.0980 និង70-3116 ដោយរថយន្ត នីសាន់ ស្ថិតក្នុងសភាពខ្ទេចខ្ទី ព្រមទាំងមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ផងដែរ ដោយនៅពេលនោះមេឃក៏កំពុង ធ្លាក់ភ្លៀងយ៉ាងខ្លាំង ។
បច្ចុប្បន្នសពកំពុងស្រាវជ្រាវរកសាច់ញាតិ ដើម្បីទាក់ទងទៅអគ្គកុងស៊ុល និងបញ្ជូនមកស្រុកកំណើត ហើយករណីនេះ សមត្ថកិច្ចបានសន្និដ្ឋានថាអាចបណ្តាលមកពីការរអិលទឹកភ្លៀងដោយសារតែ ការបើកបរលឿនហួសកំណត់ ឬក៏អាចបណ្តាលមកពីអ្នកបើកបរ ងងុយដេកផងក៏មិនដឹង ៕