ករណីគប់ក្មេងប្រុសអាយុ១១ខែរបួសធ្ងន់ ៖ បញ្ជូនបុរសម្នាក់ទៅពន្ធនាគារ

ចែករំលែក៖

ខេត្តកណ្ដាល ៖ បុរសម្នាក់ ត្រូវបានលោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារ កាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ដើម្បីបើកការស៊ើបសួរករណីយកដុំឥដ្ឋគប់ធុងទឹកអំពៅខ្ទាតចំក្បាលក្មេងប្រុសអាយុ១១ខែបណ្តាលឲ្យរបួសធ្ងន់ ។

មន្ត្រីតុលាការ ថ្លែងថា ជនសង្ស័យឈ្មោះ ផល សុខទី អាយុ៣២ឆ្នាំ ត្រូវបានលោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទ”ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស”តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ។

ហេតុការណ៍នេះកើតឡើងកាលពីល្ងាចថ្ងៃទី២៣ ខែឧសភា នៅចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិពោធិ៍រាម្មា(ក) ឃុំព្រែកស្តី ស្រុកកោះធំ ។

របាយការណ៍នគរបាលស្រុកកោះធំ បង្ហាញថា កន្លងមកជនសង្ស័យធ្លាប់មានទំនាស់ពាក្យសម្ដីជាញឹកញាប់ ជាមួយឈ្មោះហេង ហ៊ីម ភេទស្រី ត្រូវជាមីង របស់ជនរងគ្រោះ ។

នៅថ្ងៃកើតហេតុ ជនសង្ស័យ នឹកភ្នកខឹងឈ្មោះ ហេង ហ៊ីម ពីរឿងកន្លងមក ក៏បានយកដុំឥដ្ឋមកគប់ធុងទឹកអំពៅរបស់ហេង ហ៊ីម ។ ពេលនោះដុំឥដ្ឋត្រូវចំគម្របធុងទឹកកកបណ្តាលឲ្យផ្លាតត្រូវក្មេងរងគ្រោះ ដែលម្តាយកំពុងតែពរនៅដៃចំចំហៀងក្បាលបែកចេញឈាមសន្លប់តែម្តង។ បច្ចុប្បន្នក្មេងរងគ្រោះត្រូវបញ្ជូនទៅ មន្ទីរពេទ្យប្រទេសវៀតណាម ៕  ដោយ៖ចេស្តា

...

8a559e1f-b9f8-43a5-a33f-9d897d309bbb

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print