បងប្រុស​ទណ្ឌិត​ អះអាងថា​ ព្រះ​រាជ​អាជ្ញា​រង​ ចែ​ សុង​ ឃុំ​ខ្លួន​ប្អូន​ប្រុស​លើស​នីតិវិធី​មិន​ព្រម​ដោះលែង

ចែករំលែក៖

ភ្នំពេញ៖បងប្រុសទណ្ឌិតម្នាក់ អះអាងថា លោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួនប្អូនប្រុសលើសនីតិវិធី មិនព្រមដោះលែង ។ ប៉ុន្តែលោកចែ សុង បញ្ជាក់ថា បញ្ហានេះ ដោយសារខាងពន្ធនាគារពុំទាន់ទទួលបានសាលក្រម ហើយលោកនឹងជំរុញរឿងនេះឲ្យបានឆាប់បំផុត ។

លោក លាង កូឡាប ត្រូវជាបងប្រុសទណ្ឌិតឈ្មោះ លាង ចន្ធូ ហៅ លី អាយុ២៣ឆ្នាំ បញ្ជាក់នៅព្រឹកថ្ងៃទី៣០ ខែឧសភា ថា ឈ្មោះ លាង ចន្ធូ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១០ខែ ពីបទសមគំនិតក្នុងអំពើលួច ( គាស់ទូរកុងតឺន័រយកស្បែកជើង ) តាមមាត្រា២៩ មាត្រា៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ និង ខេត្តកំពង់ស្ពឺ កាលពីអំឡុងឆ្នាំ២០១៦ ។

លោក កូឡាប អះអាងថា ប្អូនប្រុសត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ និង ត្រូវបានឃុំខ្លួននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ។ លោកអះអាងថា ប្អូនប្រុសលោក នឹងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ តែរហូតមកទល់ពេលនេះពុំទាន់ត្រូវបានដោះលែងទេ ។

លោក លាង កូឡាប បញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី៣០ ខែឧសភា នេះ លោកបានទៅពន្ធនាគារ តែមន្ត្រីពន្ធនាគារអះអាងថា ពុំអាចដោះលែងបានទេ ដោយសារគ្មានដីកាបង្គាប់ឲ្យដោះលែងពីលោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។ លោកចាត់ទុកថា នេះជាការឃុំខ្លួនលើសនីតិវិធី ។

ឆ្លើយតបការលើកឡើងនេះ លោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់នៅថ្ងៃទី៣០ ខែឧសភា ថា បញ្ហានេះដោយសារខាងពន្ធនាគារពុំទាន់ទទួលបានសាលក្រម ហើយលោកនឹងជំរុញរឿងនេះឲ្យបានឆាប់បំផុត ។ លោកអះអាងថា ទណ្ឌិតឈ្មោះ លាង ចន្ធូ ត្រូវដោះលែងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ពុំមែនដោះលែងថ្ងៃទី២៦ ខែឧសភា ទេ ។ លោក សុង បន្ថែមថា លោកនឹងធ្វើកិច្ចការនេះឲ្យបានឆាប់បំផុត ។

លោក ទិត សុវណ្ណា មេធាវីការពារក្ដី អះអាងថា រហូតមកទល់ព្រឹកថ្ងៃទី៣០ ខែឧសភា នេះ កូនក្ដីពុំទាន់ត្រូវបានដោះលែងនៅឡើយទេ ៕

IMG_0240

...

ដោយ៖ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print