ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្តពោធិ៍សាត់ ប្រមាណជាង ២០នាក់ ដឹកនាំដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ ធ្វើការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនបាន ២នាក់ ដកហូតម្សៅក្រាមសថ្លា ១កញ្ចប់ធំ រួមទាំងរថយន្ត ១គ្រឿង ។
ប្រតិបត្ដិការកម្លាំងនគរបាលយ៉ាងច្រើនស្កេកស្កះ ធ្វើការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនខាងលើនេះ ប្រព្រឹត្តឡើងកាលពីវេលាម៉ោង ១និង១០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអូរអាចម៌កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោកវរៈសេនីយ៍ទោ ស៊ី សាវិន នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះ បេ ម្លិះ ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅភូមិគា ឃុំគា ស្រុកមោងឬស្សី ខេត្តបាត់ដំបង និងទី២-ឈ្មោះ កែ ទុំ ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិខ្ជាយ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ។
លោកនាយការិយាល័យបន្ដថា ក្នុងនោះកម្លាំងដកហូតបានវត្ថុតាង ម្សៅក្រាមសថ្លា ១កញ្ចប់ធំ មានទម្ងន់ ៩៩២ក្រាម ជាប្រភេទបេតំវីតាមីន រួមទាំងរថយន្ដ ១គ្រឿងម៉ាក តូយូតាកាមរីហើម សេរីឆ្នាំ ១៩៩១ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2A-2795 ។
លោកនាយការិយាល័យបន្ដទៀតថា ជនសង្ស័យត្រូវបានឃាត់ខ្លួនរួមទាំងវត្ថុតាងកំពុងធ្វើការសាកសួរ និងបំពេញសំណុំបែបបទ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបញ្ជូនបន្ដតាមនីតិវិធីទៅសាលាដំបូងខេត្តពោធិ៍សាត់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ នេះ ៕
ដោយ៖ ប៉ឹម ពិន