តារា​សម្តែង​ និង​ផលិតករ​រំពឹង​ខ្ពស់​នឹង​រឿង​ ភូមិ​អត់​មនុស្ស

ចែករំលែក៖

​ភ្នំពេញ​៖ ​ក្រោយ​បញ្ចប់​ការ​ផលិត​អស់​រយៈពេល​ជា​ច្រើន​ខែ​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង​ភូមិ​អត់​មនុស្ស​ ​ដែល​ជា​ខ្សែភាពយន្ត​ដំបូង​របស់​ផលិតកម្ម​រេ​ដ​ភី​ក​ឈ័​រ​ (RED​ Picture)​ គ្រោង​នឹង​ដាក់​បញ្ចាំង​ហើយ​នៅ​ចុង​ស​ប្តា​ហ៍​នេះ​នៅ​គ្រប់​រោង​ភាពយន្ត​ទំនើៗ​នៅ​ភ្នំពេញ​។​ ផលិតករ​និង​តារា​សម្តែង​ក្នុង​ខ្សែភាពយន្ត​នេះ​បាន​ដាក់​ក្តី​រំពឹង​ខ្ពស់​ថា​ នឹង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​ ។​

IMG_0451
​ ​
​មាន​ចំណុច​សំខាន់​៣​ដែល​នឹង​ធ្វើ​ឲ្យ​ខ្សែភាពយន្ត​នេះ​ទទួល​បានការ​គាំទ្រ​ពី​ទស្សនិកជន​ទី​មួយ​គឺ​គារ​ចូលរួម​សម្តែង​ដោយ​តារា​សម្តែង​តារា​កំប្លែង​ល្បី​នៅ​កម្ពុជា​មិន​ក្រោម​១០​នាក់​នោះ​ទេ​។ ​ទី​២​គឺ​សាច់​រឿង​ដែល​ប្លែក​ខុស​ពី​រឿង​មុនៗ​ និង​ទី​៣​គឺ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ​ ពិសេស​ប្រភេទ​កាំ​មេ​រ៉ា​Red​ ដែល​ធ្វើ​ឲ្យ​រូបភាព​កាន់តែ​ទាក់ទាញ ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ចាងហ្វាង​ផលិតកម្ម​RED​ Picture​ លោក​ឌៀប ​សុវណ្ណ​តារា ​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​បញ្ចាំង​ខ្សែភាពយន្ត​ខាងលើ​នៅ​រោង​ភាពយន្ត​Legend​ នៃ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល​កាលពី​ថ្ងៃ​ទី​៣០​កញ្ញា​ ឆ្នាំ​២០១៥​។​

លោក​បញ្ជាក់​ថា ​មូលហេតុ​ដែល​ដាក់​ចំនងជើង​ថា​ «​ភូមិ​អត់​មនុស្ស​»​ ព្រោះ​ជា​ភូមិ​ដែល​គេ​បោះបង់​ចោល​ដែល​ជា​ប្រភេទ​រឿង​ខ្មោច​និង​កំប្លែង​ដែល​តម្រូវ​ទីផ្សារ​សព្វថ្ងៃ​ ។ ​លោក​លើក​ឡើង​ថា​ លោក​បន្ត​ថា​ដើម​ឡើយ​រឿង​នេះ​ទំហំ​ការ​ចំណាយ​ប្រហែល​ជាង​៥​ម៉ឺន​ដុល្លារ​ ប៉ុន្តែ​ក្រោយ​បញ្ចប់​ការ​ផលិត​គឺ​ឡើង​ដល់​៨​ម៉ឺន​ដុល្លារ ​ព្រោះតែ​ការ​សម្តែង​ក្នុង​រដូវវស្សា​ហើយ​តារា​សម្តែង​សុទ្ធតែ​ល្បីៗ​ដែល​ពិបាក​នឹង​រក​ថ្ងៃ​បាន​ថត​រួម​គ្នា​ ។​ កន្លង​មក​អ្នកដឹកនាំ​សម្តែង​ និង​អ្នកនិពន្ធ​រូប​នេះ​មាន​បទ​ពិសោធ​ជា​ច្រើន​ឆ្នាំ​ដែល​កន្លង​មក​លោក​ធ្លាប់​ធ្វើការ​និពន្ធ​ និង​ដឹកនាំ​រឿង​ឲ្យ​ផលិតកម្ម​LD​ Picture​ ឲ្យ​ទទួល​បានការ​គាំទ្រ​ខ្ពស់​ដូច​ជា​រឿង ​«​អាប​ពាក់​មួយ​សុវត្ថិភាព​វគ្គ​១»​ រឿង​«​កូនប្រសា​ឡឺ​កឺ​»​ រឿង​«​សំណើច​អ្នក​ផ្សងព្រេង​ទាំង​៤»​រឿង​«​ក្រឡ​អីហ្នឹង​»​និង​រឿង​«​អ្នកលេង​ជើង​ខ្វេ​»​ជាដើម​។​

​ថ្មីៗ​នេះ​“​ភូមិ​អត់​មនុស្ស​”​បាន​ក្លាយជា​ខ្សែភាពយន្ត​ដែល​ធ្វើ​ឲ្យ​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​មានការ​ចាប់អារម្មណ៍​ខ្ពស់​នឹង​ឈុត​ឆាក​ខ្លីៗ​របស់​ខ្សែភាពយន្ត​នេះ​។​តារា​សម្តែង​ល្បី​ដែល​ចូលរួម​ថ្ងៃ​ក្រុង​ពលី​រឿង​«​ភូមិ​អត់​មនុស្ស​»​មាន​អ្នក​នាង​សុខ​សោ​ម៉ា​វ​ត្តី​លោក​ប៉ែន​ចំ​រ៉ុ​ង​នាយ​ពាក់​មី​លោក​ជា​សុ​វ​ណ្ណា​រា​លោក​បី​អាយ​ជី​អ្នក​នាង​ប៉េងប៉ោង​នាយ​គ្រឿន​នាយ​ក្រូច​ក្រុម​ហ្វ្រេ​ស​ស៊ី​ហ្គើ​ល​នាយ​ចឺម​ព្រមទាំង​តារា​មួយ​ចំនួន​ទៀត​ផង​ដែរ​។​

​តារា​កំប្លែង​ល្បីឈ្មោះ​នាយ ​ពែ​ក​មី​ បាន​បញ្ជាក់​ថា ​ដោយ​តបស្នង​ការ​ដឹងគុណ​ចំពោះ​ផលិតករ​លោក​បាន​ស្ម័គ្រចិត្ត​ថត​ខ្សែភាពយន្ត​ខាងលើ​ដោយ​មិន​យក​កម្រៃ​។ ​លោក​បញ្ជាក់​ថា​ ក្នុង​ខ្សែភាពយន្ត​នេះ ​លោក​សម្តែង​ជា​តួ​គ្រូ​សច្ចំ​។ ​លោក​ថា​រឿង​អាច​នឹង​ទទួល​បានការ​គាំទ្រ​ខ្ពស់​ដោយសារ​ក្រុម​អ្នក​ផលិត​ធ្លាប់​មាន​ស្នាដៃ​ល្អ​ទាក់ទាញ​អ្នក​ទស្សនា​បាន​ច្រើន​ពិសេស​រឿង​នេះ​ប្រមូលផ្តុំ​ដោយ​តារា​សម្តែង​តារា​កំប្លែង​ល្បីឈ្មោះ​ចូលរួម​សម្តែង​ផង​ដែរ​ ។

​អ្នក​នាង​សុខ​ សោ​ម៉ា​វ​ត្តី​ បាន​បញ្ជាក់​ដែរ​ថា​នាង​នឹង​សម្តែង​ជា​តួអង្គ​ឈ្មោះ​នាង​តី​ដែល​ជា​គ្រូពេទ្យ​ស្ម័គ្រចិត្ត​មក​ចូលរួម​សង្គ្រោះ​ព្យាបាល​អ្នកជំងឺ​នៅ​តាម​ភូមិ​ស្រុក​នានា​។​ នាង​ថា​ ខ្សែភាពយន្ត​នេះ​មាន​ភាព​ទាក់ទាញ​ច្រើន​ដែល​តម្រូវ​ទៅ​តាម​ទីផ្សារ​ភាពយន្ត​បច្ចុប្បន្ន​ គឺ​ភាព​ភ័យ​ខ្លាច​និង​កំប្លែង​សើច​ចុកពោះ​ ពិសេស​គឺ​ជំនាញ​បច្ចេកទេស​ផលិត​ខ្ពស់​គួរ​ជាទី​ទុកចិត្ត​ ។​ នាង​ថា​ ទោះ​មានការ​លំបាក​ច្រើន​ប៉ុន្តែ​កា​ប្តេជ្ញា​ចិត្ត​ និង​សហការ​គ្នា​បាន​ល្អ​ធ្វើ​ឲ្យ​ខ្សែភាពយន្ត​នេះ​បញ្ចប់​ដោយ​ជោគជ័យ​នឹង​ចាក់​បញ្ចាំង​តាម​កាលកំណត់​ ។ ​នាង​រំពឹង​ដែរ​ថា ​ខ្សែភាពយន្ត​នេះ​នឹង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​៕​

IMG_0406IMG_0415IMG_0435IMG_0413IMG_0396IMG_0377IMG_0374

...

ដោយ៖ វ​ឌ្ឍ​នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print