ភ្នំពេញ៖ ក្រោយបញ្ចប់ការផលិតអស់រយៈពេលជាច្រើនខែខ្សែភាពយន្តខ្នាតធំរឿងភូមិអត់មនុស្ស ដែលជាខ្សែភាពយន្តដំបូងរបស់ផលិតកម្មរេដភីកឈ័រ (RED Picture) គ្រោងនឹងដាក់បញ្ចាំងហើយនៅចុងសប្តាហ៍នេះនៅគ្រប់រោងភាពយន្តទំនើៗនៅភ្នំពេញ។ ផលិតករនិងតារាសម្តែងក្នុងខ្សែភាពយន្តនេះបានដាក់ក្តីរំពឹងខ្ពស់ថា នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ។
មានចំណុចសំខាន់៣ដែលនឹងធ្វើឲ្យខ្សែភាពយន្តនេះទទួលបានការគាំទ្រពីទស្សនិកជនទីមួយគឺគារចូលរួមសម្តែងដោយតារាសម្តែងតារាកំប្លែងល្បីនៅកម្ពុជាមិនក្រោម១០នាក់នោះទេ។ ទី២គឺសាច់រឿងដែលប្លែកខុសពីរឿងមុនៗ និងទី៣គឺការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ពិសេសប្រភេទកាំមេរ៉ាRed ដែលធ្វើឲ្យរូបភាពកាន់តែទាក់ទាញ ។ នេះបើតាមការបញ្ជាក់របស់ចាងហ្វាងផលិតកម្មRED Picture លោកឌៀប សុវណ្ណតារា បានថ្លែងក្នុងពិធីសម្ពោធដាក់បញ្ចាំងខ្សែភាពយន្តខាងលើនៅរោងភាពយន្តLegend នៃផ្សារទំនើបស៊ីធីម៉លកាលពីថ្ងៃទី៣០កញ្ញា ឆ្នាំ២០១៥។
លោកបញ្ជាក់ថា មូលហេតុដែលដាក់ចំនងជើងថា «ភូមិអត់មនុស្ស» ព្រោះជាភូមិដែលគេបោះបង់ចោលដែលជាប្រភេទរឿងខ្មោចនិងកំប្លែងដែលតម្រូវទីផ្សារសព្វថ្ងៃ ។ លោកលើកឡើងថា លោកបន្តថាដើមឡើយរឿងនេះទំហំការចំណាយប្រហែលជាង៥ម៉ឺនដុល្លារ ប៉ុន្តែក្រោយបញ្ចប់ការផលិតគឺឡើងដល់៨ម៉ឺនដុល្លារ ព្រោះតែការសម្តែងក្នុងរដូវវស្សាហើយតារាសម្តែងសុទ្ធតែល្បីៗដែលពិបាកនឹងរកថ្ងៃបានថតរួមគ្នា ។ កន្លងមកអ្នកដឹកនាំសម្តែង និងអ្នកនិពន្ធរូបនេះមានបទពិសោធជាច្រើនឆ្នាំដែលកន្លងមកលោកធ្លាប់ធ្វើការនិពន្ធ និងដឹកនាំរឿងឲ្យផលិតកម្មLD Picture ឲ្យទទួលបានការគាំទ្រខ្ពស់ដូចជារឿង «អាបពាក់មួយសុវត្ថិភាពវគ្គ១» រឿង«កូនប្រសាឡឺកឺ» រឿង«សំណើចអ្នកផ្សងព្រេងទាំង៤»រឿង«ក្រឡអីហ្នឹង»និងរឿង«អ្នកលេងជើងខ្វេ»ជាដើម។
ថ្មីៗនេះ“ភូមិអត់មនុស្ស”បានក្លាយជាខ្សែភាពយន្តដែលធ្វើឲ្យអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ខ្ពស់នឹងឈុតឆាកខ្លីៗរបស់ខ្សែភាពយន្តនេះ។តារាសម្តែងល្បីដែលចូលរួមថ្ងៃក្រុងពលីរឿង«ភូមិអត់មនុស្ស»មានអ្នកនាងសុខសោម៉ាវត្តីលោកប៉ែនចំរ៉ុងនាយពាក់មីលោកជាសុវណ្ណារាលោកបីអាយជីអ្នកនាងប៉េងប៉ោងនាយគ្រឿននាយក្រូចក្រុមហ្វ្រេសស៊ីហ្គើលនាយចឺមព្រមទាំងតារាមួយចំនួនទៀតផងដែរ។
តារាកំប្លែងល្បីឈ្មោះនាយ ពែកមី បានបញ្ជាក់ថា ដោយតបស្នងការដឹងគុណចំពោះផលិតករលោកបានស្ម័គ្រចិត្តថតខ្សែភាពយន្តខាងលើដោយមិនយកកម្រៃ។ លោកបញ្ជាក់ថា ក្នុងខ្សែភាពយន្តនេះ លោកសម្តែងជាតួគ្រូសច្ចំ។ លោកថារឿងអាចនឹងទទួលបានការគាំទ្រខ្ពស់ដោយសារក្រុមអ្នកផលិតធ្លាប់មានស្នាដៃល្អទាក់ទាញអ្នកទស្សនាបានច្រើនពិសេសរឿងនេះប្រមូលផ្តុំដោយតារាសម្តែងតារាកំប្លែងល្បីឈ្មោះចូលរួមសម្តែងផងដែរ ។
អ្នកនាងសុខ សោម៉ាវត្តី បានបញ្ជាក់ដែរថានាងនឹងសម្តែងជាតួអង្គឈ្មោះនាងតីដែលជាគ្រូពេទ្យស្ម័គ្រចិត្តមកចូលរួមសង្គ្រោះព្យាបាលអ្នកជំងឺនៅតាមភូមិស្រុកនានា។ នាងថា ខ្សែភាពយន្តនេះមានភាពទាក់ទាញច្រើនដែលតម្រូវទៅតាមទីផ្សារភាពយន្តបច្ចុប្បន្ន គឺភាពភ័យខ្លាចនិងកំប្លែងសើចចុកពោះ ពិសេសគឺជំនាញបច្ចេកទេសផលិតខ្ពស់គួរជាទីទុកចិត្ត ។ នាងថា ទោះមានការលំបាកច្រើនប៉ុន្តែកាប្តេជ្ញាចិត្ត និងសហការគ្នាបានល្អធ្វើឲ្យខ្សែភាពយន្តនេះបញ្ចប់ដោយជោគជ័យនឹងចាក់បញ្ចាំងតាមកាលកំណត់ ។ នាងរំពឹងដែរថា ខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន៕
ដោយ៖ វឌ្ឍនា