ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ បាន​រៀបចំ​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​សម្រាប់​កុមារ​នៅ​មណ្ឌលកុមារ​កំព្រា

ចែករំលែក៖

ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​ ២៦​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៥​ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ បាន​រៀបចំ​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​សម្រាប់​កុមារ​នៅ​អង្គការ​មិត្តសំឡាញ់​ និង​អង្គការ​ផ្កាយ​សមុទ្រ​ ដែល​ស្ថិត​ក្នុង​ខណ្ឌ​ស្ទឹង​មាន​ជ័យ​ រាជធានី​ភ្នំពេញ​។​ គោលបំណង​ចម្បង​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​ គឺ​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​កីឡា​ក្នុង​ប្រទេស​កម្ពុជា​។​

naga (1)

លោក​ James​ Ma​ នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក​ និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល​ បាន​មាន​ប្រសាសន៍​ថា​ “​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​មិន​ត្រឹមតែ​បាន​រៀបចំ​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​សម្រាប់​កុមារ​កម្ពុជា​ប៉ុណ្ណោះ​នោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​បាល់ទាត់​ដើម្បី​ជួយ​អភិវឌ្ឍ​វិស័យ​កីឡា​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ការ​ផ្តល់​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​មូលដ្ឋាន​បាល់ទាត់​ទៅ​ដល់​កីឡាករ​បាល់ទាត់​វ័យក្មេង​កម្ពុជា​ថែម​ទៀត​ផង​។​ លើស​ពី​នេះ​ទៅ​ទៀត​ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ឧបត្ថម្ភ​បាល់ទាត់​ និង​បាល់ទះ​ជាង​ ៦០០​បាល់​ ទៅ​ដល់​សាលារៀន​ និង​មជ្ឈមណ្ឌល​កុមារ​កំព្រា​មួយ​ចំនួន​នៅ​តាម​បណ្តា​ខេត្ត​ និង​រាជធានី​ភ្នំពេញ​ផង​ដែរ​។​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ មាន​កីឡាករ​បាល់ទាត់​វ័យក្មេង​កម្ពុជា​នៅ​តាម​បណ្តា​ខេត្ត​ និង​រាជធានី​ភ្នំពេញ​ជាង​ ៣០០​ នាក់​ បាន​ទទួលផល​ប្រយោជន៍​ពី​កម្មវិធី​បណ្តុះបណ្តាល​បាល់ទាត់​នេះ​ ។​ កម្មវិធី​បណ្តុះបណ្តាល​បាល់ទាត់​នេះ​ ត្រូវ​បាន​បណ្តុះបណ្តាល​ដោយ​កីឡាករ​អាជីព​មក​ពី​ក្លឹ​ប​បាល់ទាត់​ណា​ហ្គា​វើ​ល​ដែល​ជា​ក្លឹ​ប​បាល់ទាត់​ដ៏​ល្បីឈ្មោះ​មួយ​”​។​

លោក​បាន​បន្ថែម​ទៀត​ថា​ “​យើង​រំពឹង​ថា​ តាម​រយៈ​កម្មវិធី​បណ្តុះបណ្តាល​បាល់ទាត់​នេះ​ វិស័យ​កីឡា​ក្នុង​ប្រទេស​កម្ពុជា​នឹង​ឈាន​ឡើង​មួយ​កម្រិត​ទៀត​ ហើយ​កីឡាករ​បាល់ទាត់​វ័យក្មេង​មួយ​ចំនួន​ នឹង​អាច​ក្លាយជា​កីឡាករ​បាល់ទាត់​អាជីព​នា​ពេល​អនាគត​ ហើយ​ពួក​គេ​អាច​ផ្ទេរ​ជំនាញ​របស់​ពួក​គេ​ទៅ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ទៀត​ផង​”​។​

កុមារ​ម្នាក់​ ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​មក​ពី​អង្គការ​មិត្តសំឡាញ់​ បាន​និយាយ​ថា​ “​ខ្ញុំ​សប្បាយ​រីករាយ​ណាស់​ដែល​បាន​ចូលរួម​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​ដែល​បាន​រៀបចំ​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​។​ អត្ថប្រយោជន៍​នៃ​កម្មវិធី​ប្រកួត​បាល់ទាត់​មិត្តភាព​នេះ​ ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​បាន​ជំនាញ​បច្ចេកទេស​ក្នុង​ការ​លេង​បាល់ទាត់​។​ យើង​ក៏​បាន​ស្គាល់​មិត្ត​ភ័ក្តិ​ថ្មីៗ​ជា​ច្រើន​នាក់​មក​ពី​មជ្ឈមណ្ឌល​កុមារ​កំព្រា​ផ្សេងៗ​ទៀត​ផង​ដែរ​។​ យើង​សូម​អរគុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ ដែល​បាន​រៀបចំ​កម្មវិធី​ប្រកួត​បាល់ទាត់​មិត្តភាព​សម្រាប់​យើង​”​។​

លោក​ សាម​ឌី​ បុគ្គលិក​របស់​អង្គការ​ផ្កាយ​សមុទ្រ​ បាន​មាន​ប្រសាសន៍​ថា​ “​សូម​ថ្លែងអំណរគុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ដែល​បាន​រៀបចំ​កម្មវិធី​ប្រកួត​បាល់ទាត់​មិត្តភាព​សម្រាប់​កុមារ​របស់​យើង​។​ ជា​ច្រើន​លើក​មក​ហើយ​ដែល​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ផ្តល់​កម្មវិធី​បណ្តុះបណ្តាល​បាល់ទាត់​សម្រាប់​កុមារ​កម្ពុជា​។​ វា​ដល់​ពេល​ដែល​កុមារ​ទាំងនេះ​ត្រូវ​អនុវត្ត​ជំនាញ​របស់​ពួក​គេ​ដែល​បាន​រៀន​ពី​ក្លឹ​ប​បាល់ទាត់​ណា​ហ្គា​វើ​លហើយ​។​ ខ្ញុំ​គិត​ថា​ កម្មវិធី​នេះ​មាន​អត្ថប្រយោជន៍​ណាស់​សម្រាប់​កុមារ​ដើម្បី​អភិវឌ្ឍ​ជំនាញ​បាល់ទាត់​របស់​ពួក​គេ​”​។​ គាត់​បាន​បន្ថែម​ទៀត​ថា​ “​តាំង​នាម​ឲ្យ​កុមារ​ទាំងនេះ​ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ដែល​បាន​ផ្តល់​ទាំង​សម្ភារៈ​កីឡា​ និង​កម្មវិធី​បណ្តុះបណ្តាល​ដល់​កុមារ​”៕​

naga (2)

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print