ភ្នំពេញ៖ សមាជិកសមាគមសិល្បករខ្មែរ តារាសម្តែងតារាបង្ហាញម៉ូដពិធីករចាងហ្វាងផលិតកម្មព្រមទាំងព្រះសង្ឃបានសហការរួមគ្នាចុះចែកអំណោយនិងថវិកាមួយចំនួនជូនដល់កុមារកំព្រាជនចាស់ជរាក្នុងអង្គការ«សង្គ្រោះជនពិការនិងកុមារកំព្រាកម្ពុជា» ។ ការប្រារព្ឋនេះធ្វើឡើងកាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតខាងក្រោយវត្តឈូកវ៉ាខណ្ឌពោធសែនជ័យរាជធានីភ្នំពេញ ។
សិល្បករដែលចូលរួមនារសៀលនោះ រួមមានលោកសុះ ម៉ាច អ្នកនាង ស៊ុន ណារីម៉ូនីកា លោកម៉ា ដូណា លោកអ៊ឹម ជីវ៉ា កញ្ញាថន តារា កញ្ញាស្រី ស្រស់ លោក សុគន្ឋ ដេវីត លោកស្រី ថុង សៀវទៀង ចាងហ្វាងផលិតកម្មចក្កវាឡពេជ្រ លោកសៅ សារិទ្ឋ ជាដើម ។ គោលបំណងដែលសមាគមសិល្បករបានចាប់ដៃគូជាមួយព្រះសង្ឃ និងសម្បុរសជនមួយចំនួនទៀតនាំយកងំណោយ និងថវិកាជូនជនពិការចាស់ជរា និងកុមារកំព្រាស្ថិតនៅទីតាំងខាងលើដើម្បីបាននូវគ្រឿងឧបភោគបរិភោពមួយចំនួននិងថវិការយកទៅប្រើប្រាស់នាឱកាសបុណ្យភ្ជុំបិណ្ឌ និងថ្ងៃកាន់បិណ្ឌក្នុងន័យសម្រួលការខ្វះខាតមួយចំនូន។
ទីប្រឹក្សាសម្តេចសង្ឃនន្ទ ង៉ែត និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរព្រះគ្រូនាគមុនីសត្ថាសុខុមោនីសុវណ្ណមុនីរ៉េត មានសង្ឃដីការថាកន្លងមកព្រះអង្គធ្លាប់តែបានចូលរួមសកម្មភាពកាកបាទក្រហមតាមបណ្តាសាខារាជធានីភ្នំពេញប៉ុន្តែឥឡូវនេះបានចូលរួមក្នុងសមាគមសិល្បករម្តង។
បើរំលឹកពីមុនក៍ព្រះសង្ឃធ្លាប់ជាអ្នកសិល្បៈម្នាក់ដែរ ដោយមិនបានសម្តែងឲ្យពេញលេញនោះទេ ។ មូលហេតុនេះហើយទើបគិតថា សិល្បៈក៍ជាផ្នែកមួយជួយលើកស្ទួយវប្បធម៌អរិយធម៌ក៍ដូចជាប្រទេសជាតិឲ្យមានភាពលេចធ្លោ ។ ការសហការគ្នាចុះជួយចែកអំណោយពេលនេះ ក៍ជាការផ្តល់នូវភាពលើកទឹកចិត្តកម្លាំងចិត្តដល់បងប្អូនក្មួយៗជាកុមារកំព្រាជនពិការឲ្យមានទឹកចិត្តខំតស៊ូជំនះគ្រប់ភារៈកិច្ចកុំផ្តេកផ្តួលទៅលើវាសនាជាអ្នកកំនត់។ព្រះអង្គបានផ្ទាំផ្ញើឲ្យកុមារកំព្រាទាំងអស់នាឱកាសនោះខិតខំរៀនមើលគម្រូសិល្បករក៍ដូចជាអស់លោកឯកឧត្តមនានា ហើយខំធ្វើឲ្យបានដូចរៀមច្បងនិងជៀសឲ្យឆ្ងាយពីគ្រឿងញៀនផងដែរ ។
លោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរបានថ្លែងថា សមាគមយើងមិនត្រឹមតែយកចិត្តទុកដាក់ទៅលើអ្នកសិល្បៈមួយផ្នែកនេះទេ ពោលយើងបានរួមគ្នាគិតគូចែករំលែកអំណោយថវិកាមួយចំនួនរបស់សមាគមជួយដល់បណ្តាអង្គការនានាដែលចាំបាច់ត្រូវការមានអ្នកទ្រទ្រង់មិនអាចចោលបាន។ ដូចនេះហើយលោកក៍ដូចជាក្រុមការងារបងប្អូនសិល្បករមានចិត្តអាណិតប្អូនៗ លោកពូ អ្នកមីង ដែលចាស់ៗខ្លះពិការត្រូវខំតស៊ូរស់ប្រឆាំងនិងភាពលំបាកផ្សេងៗ។បើទោះជាយើងមានអំណោយនិងថវិការមិនអាចជួយឲ្យបានលើសលុបតាមតមរូវការប៉ុន្តែនេះជាការលើកទឹកចិត្តមួយដល់ប្អូនៗពូមីង ក្នុងន័យដោះទ័លទុក្ខលំបាកប្រចាំថ្ងៃ ។ ចំពោះប្អូនដែលនៅរៀនគួរខិតខំប្រឹងរៀនសូត្រស្តាប់បង្គាប់លោកគ្រូអ្នកគ្រូធ្វើជាមនុស្សល្អព្រោះអនាគតប្អូនៗក៍ជាអ្នកលើកស្ទួយប្រទេសជាតិដែរ ។
អ្នកស្រី ថុង សៀវទៀង ចាងហ្វាងផលិតកម្មចក្កវាឡបានបញ្ជាក់ដែរថា អ្នកស្រីរីករាយដែលបានសិល្បករក៍ដូចជាព្រះតេជគុណបានរួមសហការគ្នាគិតគូដល់ក្មួយៗកុមារកំព្រាក៍ដូចជនពិការចាស់ជរានាំមកនូវអំណោយថវិការគ្រាន់បានចាយវាយនិងហូបចុក ។ នេះជាកុសលល្អមួយដែលយើងទាំងអស់គ្នាបានសាងដើម្បីជួយអ្នកកំពុងត្រូវការហើយនេះជាឱកាសពិសេសណាស់ព្រោះយើងបានចូលរួមសាងបុណ្យចំពិធីបុណ្យភ្ជុំបិណ្ឌនិងកាន់បិណ្ឌស្របពេលដែលប្រជាពលរដ្ឋទាំងអស់រួមគ្នាតាំងចិត្តធ្វើបុណ្យ។លោកស្រីក៏បានធ្វើការផ្តាំផ្ញើដល់ក្មួយៗកុមារកំព្រា ត្រូវបន្តការខិតខំសិក្សារៀនសូត្រ កុំអស់សង្ឃឹម និងតស៊ូសម្រាប់ជីវិតទៅថ្ងៃមុខ ៕
ដោយ៖វឌ្ឍនា