ខេត្តប៉ៃលិន ៖ ឈើគ្រញូងជាច្រើនដុំ ត្រូវឈ្មួញដឹកបម្រុងទៅលក់បន្តនៅខេត្តបាត់ដំបង តែខណៈបញ្ជូនចេញពីព្រៃ ស្រាប់តែរថយន្តជាប់ផុង ក៏ត្រូវសមត្ថកិច្ចបង្រ្កាបបាន កាលពីវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចចំការមួយកន្លែង ក្នុងភូមិសួស្តី សង្កាត់អូរតាវ៉ៅ ក្រុង-ខេត្តប៉ៃលិន។
ប្រភពព័ត៌មាន បានឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបាឡែន១គ្រឿង បានបើកបរដល់ចំណុចកើតហេតុ ក៏បត់ទៅខាងស្តាំដៃ ចូលទៅក្នុងចំការមួយ។ ពេលនោះ ដោយមានការសង្ស័យ ប្រជាពលរដ្ឋក៏នាំគ្នាចូលទៅមើល ស្រាប់តែឃើញរថយន្តដឹកឈើក្រញូងជាប់ផុង និងឃើញមានកម្មក៥ទៅ៦នាក់ កំពុងតែនាំគ្នាជញ្ជូនឈើចេញពីរថយន្តបាឡែនទៅដាក់ក្នុងរថយន្តកែច្នៃមួយគ្រឿងទៀត ពេលនោះសមត្ថកិច្ចនគរបាលចរាចរទៅដល់ ទើបគេនាំគ្នារត់គេចខ្លួនបាត់អស់តែម្តង។
ប្រភពបន្តថា រថយន្ត២គ្រឿង ដែលកម្មករនិងឈ្មួញរត់ចោលនេះ ទី១-ម៉ាកបាឡែន ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2k- 0399 និង ទី២- រថយន្តច្នៃពណ៌ខៀវ គ្មានស្លាកលេខហើយនៅលើរថយន្ត រកឃើញឈើគ្រញូងចំនួន៣៨ដុំ ។
មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បាននិយាយថា រថយន្ត ដែលដឹកបទល្មើស មានចំនួន២គ្រឿង មួយគ្រឿងជារថយន្តម៉ាកបាឡែន ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2k-0399 និងរថយន្តមួយទៀតជារថយន្តច្នៃ គ្មានស្លាកលេខ។ មន្រ្តីដដែលបន្តថា ចំពោះបទល្មើស នេះ សមត្ថកិច្ចរឹបអូសឈើក្រញូងចំនួន៣៨ដុំ ទម្ងន់៣៦៥គីឡូក្រាម ដោយឡែកជនប្រព្រឹត្តបានរត់គេចខ្លួន ។
បច្ចុប្បន្នវត្ថុតាង ត្រូវបាននាំយកទៅរក្សាទុកនៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន ដើម្បីរៀបចំកសាងសំណុំ បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។
ប្រជាពលរដ្ឋរស់នៅតំបន់នោះឱ្យដឹងថា ជារៀងរាល់ថ្ងៃបទល្មើសដឹកឈើនៅខេត្តប៉ៃលិន បានកើតឡើងយ៉ាងសកម្ម តែការបង្ក្រាបគឺមិនសូវសកម្មទេ ហើយរថយន្តដឹកឈើខាងលើ នេះ បើមិនជាប់ផុងទេ ម៉្លេះក៏មិនអាចបង្ក្រាបបានដែរ ៕