តំណាងរាស្ត្រ​នេ​ប៉ា​ល់​ចោទប្រកាន់​ឥណ្ឌា​ថា​រំលោភច្បាប់​អន្តរជាតិ

ចែករំលែក៖

តំណាងរាស្ត្រ​នេ​ប៉ា​ល់​មួយ​រូប​ ដែល​មានការ​រំពឹង​ថា​ នឹង​ក្លាយជា​នាយក​រដ្ឋមន្ត្រី​នា​ពេល​ខាង​មុខ​នោះ​ កាលពី​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១៥​ បាន​ចោទប្រកាន់​មហា​យក្ស​ជិតខាង​ គឺ​ប្រទេស​ឥណ្ឌា​ថា​ជា​អ្នក​រំលោភច្បាប់​អន្តរជាតិ​ ដោយសារ​តែ​បញ្ឈប់​សកម្មភាព​ផ្គត់ផ្គង់​ទំនិញ​ឆ្លងកាត់​តាម​បន្ទាត់​ព្រំដែន​ ធ្វើ​ឲ្យ​មានការ​រាំងស្ទះ​ដល់​ប្រជាពលរដ្ឋ​ ។​

nebal

​ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​មុន​មក​ម្ល៉េះ​ បាតុករ​ដែល​ដឹកនាំ​ដោយ​សមាជិក​ក្រុម​ជនជាតិភាគតិច​នៅ​ភាគ​ខាងត្បូង​នេ​ប៉ា​ល់​នោះ​បាន​ធ្វើ​បាតុកម្ម​បិទផ្លូវ​ដ៏​សំខាន់​មួយ​សម្រាប់​ដឹក​ទំនិញ​ចូល​មក​កាន់​ទឹកដី​នេ​ប៉ា​ល់​ពី​ប្រទេស​ឥណ្ឌា​ដើម្បី​ជា​ការ​តវ៉ា​ប្រឆាំង​ចំពោះ​ការ​អនុម័ត​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​រដ្ឋាភិបាល​នេ​ប៉ា​ល់​កាលពី​ថ្ងៃ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ។​

​មន្ត្រី​បាន​លើក​ឡើង​ផង​ដែរ​ថា​ រថយន្ត​ដឹក​ទំនិញ​ជា​ច្រើន​គ្រឿង​ដែល​ត្រូវ​ឆ្លងកាត់​នៅ​តាម​ច្រកព្រំដែន​នោះ​ត្រូវ​បាន​គេ​បដិសេធន៍​មិន​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​ ដែល​សកម្មភាព​នេះ​នាំ​ឲ្យ​មាន​បារម្ភ​ថា​ កង្វះ​ថាមពល​ប្រើប្រាស់​អាច​នឹង​កើត​មាននៅ​ក្នុង​តំបន់​ ហើយ​នៅ​តាម​ស្ថានីយ​ប្រេង​នានា​នឹង​ត្រូវ​បិទទ្វារ​ ដោយសារ​គ្មាន​ប្រេង​លក់​ទៅ​ឲ្យ​អ្នក​ប្រើប្រាស់​ ។​

​លោក​ K​ P​ Oli​ មេ​បក្ស​កាន់​អំណាច​នេ​ប៉ា​ល់​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា​ ក្រៅពី​ក្រុម​បាតុករ​ គឺជា​អ្នក​ទទួលខុសត្រូវ​នៅ​ក្នុង​ការ​បញ្ឈប់​ដឹក​ទំនិញ​ឆ្លងកាត់​តាម​បន្ទាត់​ព្រំដែន​ ដែល​ជា​សកម្មភាព​តវ៉ា​ប្រឆាំង​មិន​ផ្លូវការ​មួយ​ទៅ​លើ​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​ធ្វើ​ឲ្យ​គេ​មិន​សប្បាយចិត្ត​នោះ​ ។​ ការ​ថ្លែង​បែប​នេះ​របស់​មន្ត្រី​នេ​ប៉ា​ល់​បាន​កើតឡើង​ បន្ទាប់​ពី​មានការ​ខឹងសម្បារ​ពី​សាធារណជន​នេ​ប៉ា​ល់​ ដោយ​ចោទប្រកាន់​ទៅ​លើ​ប្រទេស​ឥណ្ឌា​ថា​ ជា​អ្នក​ស្ថិត​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​បិទផ្លូវ​របស់​ក្រុម​បាតុករ​ ។​ ទីក្រុង​ញូ​វ​ដេ​លី​បាន​បដិសេធន៍​ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ ហើយ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​នេ​ប៉ា​ល់បើក​កិច្ច​ពិភាក្សា​ជាមួយ​ក្រុម​បាតុករ​របស់​ខ្លួន​ ដើម្បី​បញ្ចប់​ការ​ជាប់​គាំង​ទាំងនេះ​ ។​

​លោក​ Oli​ បាន​បញ្ជាក់​ថា​ ការ​ដែល​ឥណ្ឌា​លើក​ឡើង​ថា​ ក្រុម​បាតុករ​ធ្វើ​បាតុកម្ម​បិទផ្លូវ​ជា​មូលហេតុ​រារាំង​មិន​ឲ្យ​រថយន្ត​ដឹក​ទំនិញ​ឥណ្ឌា​ចូល​ទៅ​កាន់​នេ​ប៉ា​ល់​ដើម្បី​ផ្គត់ផ្គង់​ទំនិញ​បាន​នោះ​ គឺជា​រឿង​មិន​ពិត​ឡើយ​ ។​ លោក​បន្ត​ថា​ គ្មាន​ហ្គា​ស​ប្រើប្រាស​ គ្មាន​ការ​ផ្គត់​ផ្គង​បន្លែ​ គ្មាន​ប្រេងឥន្ធនៈ​ផ្គត់ផ្គង់​ដល់​យានយន្ត​ទាំងឡាយ​ គ្មាន​ប្រេងឥន្ធនៈ​ផ្គត់ផ្គង់​ដល់​ការ​ហោះហើរ​ ហើយ​ជីវិត​រស់នៅ​គឺ​ជាប់​គាំង​តែ​ម្តង​ ។​ លោក​អះអាង​ថា​ យើង​មិន​ចង់បាន​មិត្តភាព​របៀប​នេះ​ទេ​ ។​

​លោក​បន្ត​ថា​ ឥណ្ឌា​មិន​គួរ​ណា​រំលោភ​លើ​សន្ធិសញ្ញា​ និង​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ឡើយ​ នេះ​ម្យ៉ាង​ ហើយ​ម្យ៉ាងទៀត​ឥណ្ឌា​មិន​គួរ​ណា​សម្រេចចិត្ត​រំលោភ​ទៅ​លើ​គោលការណ៍​អន្តរជាតិ​ ស្តី​អំពី​សិទ្ធិ​ របស់​ប្រទេស​មួយ​បែប​នេះ​សោះ​ ។​

​រហូត​មក​ដល់​ពេល​នេះ​ មនុស្ស​ជាង​៤០​នាក់​បាន​បាត់បង់​ជីវិត​ ដោយសារ​តែ​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​សន្តិសុខ​ នឹង​ក្រុម​បាតុករ​ ដែល​ភាគច្រើន​ជា​ក្រុម​ជនជាតិ​ដើម​ភាគតិច​ប្រឆាំង​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​រដ្ឋាភិបាល​ ។​

​ទីក្រុង​ញ៉ូ​វ​ដេ​លី​ ដោយ​ភ័យ​ខ្លាច​ពី​អ​ស្ថិរភាព​នៅ​តាម​បន្ទាត់​ព្រំដែន​នោះ​ បាន​រិះគន់​នេ​ប៉ា​ល់​ថា​ខិតខំ​ប្រឹង​ទាំង​ ត្រដរ​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី​នោះ​ ជា​ជាង​ការ​ដោះ​ដ្រា​យ​បញ្ហា​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ជនជាតិភាគតិច​ ដែល​ភាគច្រើន​មាន​សាច់សាលោហិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ។​

​លោក​ Oli​ ត្រូវ​គេ​មើលឃើញ​ថា​ ជា​បេក្ខជន​ដែល​ឈានមុខ​គេ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​នេ​ប៉ា​ល់​ខាង​មុខ​នេះ​ ហើយ​ដែល​អាច​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ដឹកនាំ​រដ្ឋាភិបាល​ថែម​ទៀត​ផង​ ក្រោយ​ពី​មានការ​អនុម័ត​រដ្ឋធម្មនុញ្ញ​ថ្មី​នោះ​ ។​

​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​អ្នកនយោបាយ​ជាន់ខ្ពស់​នេ​ប៉ា​ល់​រូប​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ជំហរ​យ៉ាង​រឹង​មាំ​ប្រឆាំង​ទៅ​លើ​ប្រទេស​ឥណ្ឌា​ដែល​ជា​ប្រពៃណី​មក​ហើយ​តែងតែមាន​មាន​ឥទ្ធិពល​នយោបាយ​មក​លើ​ប្រទេស​នេ​ប៉ា​ល់​នោះ​ ។​

​ក្រុ​ន​ហ៊ុន​សាជីវកម្ម​ប្រេង​ឥណ្ឌា​ជា​ក្រុមហ៊ុន​តែ​មួយ​គត់​ដែល​ផ្គត់ផ្គង់​ប្រេង​ទៅ​ឲ្យ​ប្រទេស​នេ​ប៉ា​ល់​ ។​

​ដំណើរការ​ពាណិជ្ជកម្ម​ឆ្លងកាត់​តាម​បន្ទាត់​ព្រំដែន​ឥណ្ឌា​ -​នេ​ប៉ា​ល់​មាន​សភាព​យឺតយ៉ាវ​ ។​ រថយន្ត​ដឹក​ទំនិញ​ជា​ច្រើន​រយ​គ្រឿង​ត្រូវ​ជាប់​គាំង​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ព្រំដែន​ ។​ រដ្ឋាភិបាល​នេ​ប៉ា​ល់​កាលពី​ស​ប្តា​ហ៍​មុន​នេះ​បាន​ត្បិតត្បៀត​ការ​ប្រើប្រាស់​ប្រេង​ ក៏​ជា​កម្រិត​ទៅ​លើ​យានយន្ត​នៅ​តាម​ដងផ្លូវ​ផង​ដែរ​ ។​

​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​នេ​ប៉ា​ល់​ថ្មី​នេះ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ ក្នុង​ដំណាក់​មួយ​ស្រុក​ទេស​មាន​សន្តិភាព​ បន្ទាប់​ពី​ក្រុម​ឧទ្ទាម​ម៉ៅ​និយម​បាន​ទម្លាក់អាវុធ​កាលពី​ឆ្នាំ​២០០៦​ ក្រោយ​មាន​ផ្ទុះ​ហិង្សា​រយៈពេល​ជិត​មួយ​ទសវត្សរ៍​ ។​

​ការ​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​២០០៨​ បន្ទាប់​ពី​ក្រុម​ម៉ៅ​និយម​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ និង​បាន​លុប​ចោល​របប​រាជា​និយម​ ។​ ប៉ុន្តែ​ការ​ចែករំលែក​អំណាច​ និង​ការ​កើត​មាន​វិវាទកម្ម​រវាង​គណបក្ស​នយោបាយ​ក្នុង​ប្រទេស​នេ​ប៉ា​ល់​នោះ​នៅ​តែ​បន្ត​កើត​មាន​ ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​។​

​នៅ​ទីបំផុត​ តំណាងរាស្ត្រ​នេ​ប៉ា​ល់​បាន​សម្រេច​ព្រមព្រៀង​អនុម័ត​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​កាលពី​ខែមិថុនា​ ឆ្នាំ​២០១៥​ ក្រោយ​ពេល​២​ខែ​បន្ទាប់​ពី​ការ​រញ្ជួយ​ដី​សម្លាប់​មនុស្ស​ជិត​៨៩០០០​នាក់​នោះ​ ៕​

nebal (1)nebal (2)

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print