លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រដល់កម្លាំងកងទ័ពជើងទឹក

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅសាលប្រជុំ បញ្ជាការដ្ឋានកងទ័ពជើងទឹក លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញទៅផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត ដល់នាយនាវិក នាយនាវិករង និងពលនាវិក នៃកងទ័ពជើងទឹកប្រមាណ២៩០នាក់។ ការផ្សព្វផ្សាយអប់រំចិត្តសាស្ត្រនេះ ដើម្បីឲ្យយល់ជ្រូតជ្រាបកាន់តែច្បាស់លាស់នូវតួនាទី ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងពីការវិវត្តន៍នៃសភាពការណ៍នយោបាយថ្មីៗរបស់ជាតិ អន្តរជាតិ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី មានប្រសាសន៍ថា ការអប់រំចិត្តសាស្រ្តនេះ មានសារៈសំខាន់ណាស់ ក្នុងការពង្រឹងគោលជំហរ សតិអារម្មណ៍ ក្តាប់ជាប់នូវការវិវត្តន៍នៃសភាពការណ៍នយោបាយ សន្តិសុខជាតិ អន្តរជាតិថ្មីៗ ព្រមទាំងជ្រាបច្បាស់ពីស្ថានភាពភូមិសាស្ត្រ ប្រវត្តិសាស្រ្តរបស់ប្រទេសជាតិតាមតំណាក់កាល សម័យកាលនៃរបបដឹកនាំនីមួយៗដែលទាក់ទងនិងកងយោធពលខេមរភូមិន្ទ ពីតួនាទី ភារកិច្ច របស់កងយោធពលខេមរភូមិន្ទ ក្នុងបម្រើជាតិ មាតុភូមិ បម្រើប្រជាពលរដ្ឋ ប្រកបដោយមនសិការ ស្នេហាជាតិ។ ក្នុងនោះដែរក៏បានបំពេញនូវសមត្ថភាពចំណេះដឹងដែលកងទ័ពជើងទឹកនៅមានភាពខ្វះចន្លោះ ជៀសវាងនូវកំហុសច្រំដែល ហើយការអប់រំចិត្តសាស្ត្រនេះ ក៏បានជំរុញឲ្យមានឆន្ទះ មោះមុត ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងចំពោះរាជរដ្ឋាភិបាល។ ហេតុដូច្នេះបានជាត្រូវធ្វើការអប់រំចិត្តសាស្ត្រ ជាប់ជាប្រចាំ ដើម្បីពង្រឹងសតិអារម្មណ៍ ឲ្យរក្សាបាននូវជំហររឹងមាំ ទល់តែឧស្សាហ៍ដុសខាត់ រំលឹកឡើងវិញ ទើបមិនមានកំហុសច្រំដែលកើតឡើង។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាកម្លាំងអព្យាក្រិត្យ ដែលច្បាប់បានកំណត់ស្ថិតនៅក្រោមបញ្ជារបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល មានបុគ្គលអគតិមួយចំនួន អង្គការសង្គមស៊ីវិលខ្លះ តែងតែចោទមកលើកងកម្លាំងប្រដាប់អាវុធ មិនយុត្តិធម៌ មិនអព្យាក្រិត្យ លំអៀងទៅរកបក្សកាន់អំណាច តែកម្លាំងមានសមត្ថកិច្ច បង្រ្កាបតែអំពើអាណាធិបតេយ្យ បង្កភាពចលាចល គ្មានសណ្តាប់ធ្នាប់ក្នុងសង្គមតែប៉ុណ្ណោះ ហើយប្រសិនបើបាតុកម្មមានច្បាប់អនុញ្ញាតត្រឹមត្រូវ នោះកម្លាំងសមត្ថកិច្ចការពារសុវត្ថិភាពជូនថែមទៀត។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ក៏បានណែនាំដល់នាយនាវិក នាយនាវិករងនិងពលនាវិកទាំងអស់ លើការប្រើប្រាស់បណ្តាញសង្គមហ្វេបុក ឲ្យត្រឹមត្រូវមានផលប្រយោជន៍សម្រាប់ខ្លួនយើងនិងសង្គមជាតិ គោរពបាននូវក្រមសីលធម៌ វិជ្ជាជីវៈ និងស្របតាមច្បាប់លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print