ភ្នំពេញ ៖ ក្រោយបើកសវនាការពេញមួយព្រឹកថ្ងៃទី៣០ ខែមិថុនា លោក ប្លង់ សំណាង អនុប្រធានសាលាឧទ្ធរណ៍និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ សម្រេចច្រានចោលបណ្តឹងសុំមោឃភាពនីតិវិធីរបស់លោកមាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិនិងសកម្មជន១០នាក់ទៀត ដែលប្តឹងប្រឆាំងនឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ថា សវនាការនិងការប្រកាសសាលក្រម គ្មានវត្តមានមេធាវី ។
លោក ប្លង់ សំណាង អះអាងថា ដោយឡែកសវនាការរឿងអង្គសេចក្តី ពាក់ព័ន្ធបណ្ដឹងប្តឹងប្រឆាំងនឹងសាលក្រមផ្តន្ទាទោសចន្លោះពី៧ឆ្នាំទៅ២០ឆ្នាំ សវនាការនឹងជូនដំណឹងពេលក្រោយ ។
សូមបញ្ជាក់ថា លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្រ្គោះជាតិទាំង១០នាក់ រួមមាន ឈ្មោះ អឿ ណារិន, ឃិន រឿន ហៅឃិន ចំរើន,នាង សុឃុន, សាន គឹមហេង, ស៊ុ ពុទ្ធី, កែ ឃីម ហៅ វិន ឌី, ទេព ណារិន, អាន បឋម ហៅ សុខុម, សាន សីហៈ និង អ៊ុក ពេជ្រសំណាង កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី ៧ឆ្នាំដល់២០ឆ្នាំ ពាក់ព័ន្ធនឹងហិង្សា នៅក្បែរទីលានប្រជាធិបតេយ្យកាលពីខែកក្កដាឆ្នាំ២០១៤។
អំពើហិង្សានេះ បានធ្វើឲ្យសន្និសុខខណ្ឌដូនពេញប្រមាណជាង៣០នាក់ រងរបួស នៅអំឡុងបាតុកម្មតវ៉ា នៅលើស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០១៤៕ ចេស្តា