ភ្នំពេញ៖ទីបំផុត ! បុរសម្នាក់បានដាក់ពាក្យបណ្តឹងមកស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ដែលមានកម្មវត្ថុប្តឹងគណៈអភិបាលគ្រប់គ្រង មន្ទីរពេទ្យជប៉ុន ពីបទមនុស្សឃាតដោយអចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនៅរាជធានីភ្នំពេញ ។
មន្ត្រីតុលាការ ថ្លែងថា រហូតមកដល់រសៀលថ្ងៃទី០៦ខែកក្កដានេះ ពាក្យបណ្តឹងនេះមិនទាន់យកទៅចាត់ការទេពោលគឺនៅកន្លែងរដ្ឋបាលនៅឡើយ។
លោក ជូ ភារ៉ា អាយុ៣៤ឆ្នាំ មុខរបរជាបុគ្គលិកសហជីព ត្រូវជាប្តីរបស់ស្ត្រីរងគ្រោះឈ្មោះ ឈា សារិន មានទីលំនៅភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បានសំណូមពរឲ្យមានការផ្តន្ទាទោសទៅលើរូបវន្តបុគ្គល និងនីតិបុគ្គលដែលបានប្រព្រឹត្តល្មើសតាមនីតិវិធីនៃច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួន១០០លានរៀល ទុកសម្រាប់ចិញ្ចឹមបីបាច់ថែរក្សា និងការសិក្សារៀនសូត្ររបស់កូនតូចៗ ចំនួន២នាក់ ដែលកំព្រាម្តាយទាំងអយុត្តិធម៌ ។
លោក ជូ ភារ៉ា បានរៀបរាប់នៅក្នុងពាក្យបណ្តឹងរបស់ខ្លួនថា កាលពីវេលាម៉ោង១០និង៣០ព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ រូបលោក និងក្រុមគ្រួសារបានបញ្ជូនប្រពន្ធ មកសម្រាលកូនទី៣នៅមន្ទីរពេទ្យមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ហៅ «មន្ទីរពេទ្យជប៉ុន» ។ ក្រោយពេលបំពេញឯកសារបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) រួចហើយ គ្រូពេទ្យនៅទីនោះក៏បានបញ្ជូនប្រពន្ធរបស់លោកទៅសម្រាកនៅបន្ទប់លេខ២០៤ គ្រែលេខ៥ ជាន់ទី២ រួចក៏ចាត់ចែងពិនិត្យឆ្លុះអេកូសាស្ត្រ ដោយគ្រូពេទ្យពិនិត្យបានប្រាប់ឲ្យដឹងថា «ម្តាយមានសុខភាពល្អ ទាំងកូនក្នុងផ្ទៃក៏មានសុខភាពល្អ» ។ នៅវេលាម៉ោង៣៖៣០រសៀលថ្ងៃដដែល គ្រូពេទ្យក៏បានមកពិនិត្យផ្ទៃពោះ និងចាក់ថ្នាំឲ្យប្រពន្ធរបស់លោកនៅបន្ទប់លេខ២០៤ ជាធម្មតា ។
ពាក្យបណ្តឹងបានរៀបរាប់បន្តទៀតថា លុះឈានដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ក្រោយពេលសម្រាកបានមួយយប់ នៅវេលាម៉ោងប្រមាណ៤ល្ងាច ខណៈប្រពន្ធរបស់លោកកំពុងឈឺពោះ គ្រូពេទ្យក៏បានមកពិនិត្យផ្ទៃពោះហើយបានប្រាប់ឲ្យដឹងថា ម៉ោងប្រហែល៦ល្ងាចទើបប្រពន្ធរបស់លោកអាចសម្រាលកូនរួច ដោយមានសុខភាពល្អទេ ។ បន្ទាប់មក គ្រូពេទ្យក៏បានបញ្ជូនប្រពន្ធរបស់លោកទៅបន្ទប់សម្រាលនៅចំពោះមុខវត្តមានគ្រូពេទ្យក្មេងៗប្រមាណពី៤នាក់ទៅ៥នាក់ (សង្ស័យគ្រូពេទ្យកម្មសិក្សា) និងក្នុងពេលនោះ មានគ្រូពេទ្យម្នាក់វ័យចំណាស់ជាងគេបានពាក់ស្រោមដៃលូកទ្វារមាសប្រពន្ធរបស់លោកបណ្តាលឲ្យបែកទឹកភ្លោះ និងធ្លាក់ឈាមយ៉ាងច្រើន ដោយប្រពន្ធរបស់លោកបានប្រាប់មកលោកថា «ងងឹតមុខណាស់» ហើយគ្រូពេទ្យនោះក៏ចេញបាត់ទៅ ។
ស្របពេលដែលមានស្ថានភាពធ្លាក់ឈាមច្រើនបែបនេះ គ្រូពេទ្យក៏បានបញ្ជូនប្រពន្ធរបស់លោកចូលទៅកាន់បន្ទប់សង្គ្រោះបន្ទាន់បញ្ចូលអុកស៊ីហ្សែន តែពេលនោះ ខ្សែអុកស៊ីហ្សែនក៏ដាច់មួយចំហៀងទៀតរកមិនឃើញ និងគ្រូពេទ្យក្មេងៗយកថ្នាំមកចាក់ក៏ច្រឡំថ្នាំទៀត ជាមួយនឹងការបន្ទោសគ្នាទៅវិញទៅមកក្នុងរង្វង់សមាសភាពគ្រូពេទ្យ ។ រយៈពេលប្រមាណ៣០នាទីក្រោយ ទើបឃើញគ្រូពេទ្យពាក់ឯកសណ្ឋានផ្សេង (ទំនងជាគ្រូពេទ្យមានឋានៈធំ) មកដល់ និងបញ្ជាក់ប្រាប់ថា ប្រពន្ធរបស់លោកបានដាច់ខ្យល់ស្លាប់បាត់ទៅហើយៗឲ្យរូបលោកបំពេញបែបបទយកសពទៅធ្វើបុណ្យតាមប្រពៃណីចុះ ។ ខណៈនោះដែរ ឪពុកក្មេករបស់លោកក៏បានសាកសួរទៅកាន់គ្រូពេទ្យទាំងអារម្មណ៍រន្ធត់តក់ស្លុតបំផុតថា «តើកូនរបស់ខ្ញុំ រួមទាំងចៅស្លាប់ក្នុងពោះម្តាយមកពីមូលហេតុអ្វី ? » បែរជាគ្រូពេទ្យឆ្លើយតបវិញថា «មានមេរោគនៅក្នុងទឹកភ្លោះ ទោះនៅអាមេរិកក៏មើលមិនជាដែរ» ។
លោក ជូ ភារ៉ា ក៏បានបញ្ជាក់នៅក្នុងពាក្យបណ្តឹងរបស់លោកផងដែរថា មុនពេលរូបលោក និងក្រុមគ្រួសារសម្រេចបញ្ជូនប្រពន្ធរបស់លោកមកសម្រាកកូនទី៣នៅ «មន្ទីរពេទ្យជប៉ុន» នេះ គឺបានពិនិត្យផ្ទៃពោះជាទៀតទាត់ និងបានឆ្លុះពិនិត្យអេកូសាស្ត្រចំនួន២លើក ដោយលទ្ធផលបញ្ជាក់ថា ទាំងម្តាយ ទាំងកូនមានសុខភាពល្អជាធម្មតាទាំងអស់ (លើកទី១នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ និងលើកទី២នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧) ។ លោក យល់ឃើញថា អំពើរបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមជ្ឈមណ្ឌលជាតិគាំពារកុមារ និងទារក ហៅ «មន្ទីរពេទ្យជប៉ុន» ដែលបានធ្វើមកលើប្រពន្ធរបស់លោកបែបនេះ គឺជាអំពើមនុស្សឃាតដោយអចេតនា កើតចេញពីការមិនប្រុងប្រយ័ត្ន ធ្វេសប្រហែស ឬការខ្ជីខ្ជាសុទ្ធសាធ ៕
ដោយ៖ចេស្តា